ភ្នំពេញ៖ លោក សម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសនៅក្រៅប្រទេសកាលពីថ្ងៃទី ០៨ កញ្ញា បានសរសេរ លើបណ្ដាញសង្គមហេ្វសប៊ុកផ្លូវការ របស់លោកថា ឃាតកម្មលើអ្នកនាង ពិសិដ្ឋ ពិលីកា ទាំងកណ្ដាលថ្ងៃត្រង់ ក្នុងរាជធានីភ្នំពេញកាលពី១៨ឆ្នាំមុន អ្នកនៅពីក្រោយខ្នង គឺក្រុមគ្រួសារសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
ទាក់ទិនករណីនេះមន្ដ្រី បក្សកាន់អំណាចមានប្រសាសន៍ថាការនិយាយរឿងអ្នកនាង ពិសិដ្ឋ ពិលីកា ពុំមែនជារឿងថ្មីទេ វាជារឿងដដែលៗ ដែលលោក សម រង្ស៉ី តែងតែយកមកនិយាយទាំងគ្មានមូលដ្ឋានច្បាស់លាស់។
ករណីនេះអ្នកតាមដានស្ថានការណ៍សង្គមបង្ហាញការយល់ឃើញថា លទ្ធិប្រជាធិបតេយ្យ គេមិនបណ្ដោយឲ្យកើតរឿងអយុត្ដិធម៌ ហើយរឿងចាស់យូរឆ្នាំក៏ដោយក៏នៅតែដក់ជាប់ក្នុងប្រវតិ្តសាស្ត្រ។លោក លៀ ស៊ីណា រាយការណ៍៖
មេបក្សប្រឆាំង លោក សម រង្ស៉ី ដែលជាប់បណ្ដឹងជាច្រើននៅតុលាការ កាលពីថ្ងៃ ទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៦ បានសរសេរបង្ហោះលើបណ្ដាញសង្គម ហ្វេសប៊ុក ផ្លូវការរបស់លោកថា ឃាតកម្មលើតួឯកដ៏ល្បីល្បាញអ្នកនាង ពិសិដ្ឋ ពិលីកា នៅក្នុងទីក្រុងភ្នំពេញ ទាំងកណ្ដាលថ្ងៃត្រង់ កាលពីឆ្នាំ ១៩៩៩ អ្នកដែលស្ថិតនៅពីក្រោយឃាតកម្មនេះគឺក្រុមគ្រួសារសម្ដេច ហ៊ុន សែន។
លោក សម រង្ស៊ី បានបង្ហោះរឿងអ្នកនាង ពិសិដ្ឋ ពិលីកា គឺស្របពេល តុលាការរាជធានីភ្នំពេញ បើកជំនុំជម្រះក្ដី លោក កឹម សុខា អនុប្រធានរបស់លោក ករណីមិនចូលខ្លួនមកកាន់តុលាការ ពាក់ព័ន្ធនាង ខុម ចាន់តារ៉ាទី ដែលគេថាជាស្រីកំណាន់ចិត្តលួចលាក់របស់លោក។ ការបង្ហោះរឿងរ៉ាងអ្នកនាង ពិសិដ្ឋ ពិលីកា យ៉ាងហោចណាស់ ក៏ត្រូវបានគេមើលឃើញថា លោកចង់ភ្ជាប់ព្រឹត្តិការណ៍ ទៅនឹងករណីស្នេហារបស់លោក កឹម សុខា។
ពាក់ព័ន្ធសារចោទប្រកាន់ការសម្លាប់មនុស្សកាលពី ១៨ឆ្នាំមុន ការសរសេរ មេបក្សប្រឆាំងនិរទេសខ្លួន រូបនេះ កាលពីសប្តាហ៍មុន រហូតមកដល់ពេលនេះ គឺពុំឃើញមានប្រតិកម្មពីសម្ដេច នាយករដ្ឋមន្ដ្រីនោះទេ។
ប៉ុន្ដែបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ ដែលបានផ្ដល់បទសម្ភាសន៍ ឱ្យ វិទ្យុស្ដ្រីFM102 នៅថ្ងៃ ចន្ទ ទី ១២ ខែ កញ្ញា ឆ្នាំ ២០១៦ ថា សម្ដីលោក សម រង្ស៉ី គឺជាបុគ្គលគ្មានតម្លៃអ្វីដែលត្រូវយកមកគិតពិរណាទេ ព្រោះលោកគឺជាទណ្ឌិតកំពុងរត់គេចខ្លួនពីការទទួលទោស។ លោកបន្ថែមថា ការលើកយករឿងពីអតីតកាលជាង ១៨ ឆ្នាំហួសទៅហើយមកនិយាយដដែលៗដូច្នេះ គឺជាចរឹករបស់លោក សម រង្ស៉ី។
អ្នកនាំពាក្យបក្សកាន់អំណាចពន្យល់ថា បើសិនជាលោក សម រង្ស៉ី មានភស្ដុតាងគ្រប់គ្រាន់បង្ហាញមុខ ជនប្រព្រឹត្ដមែនលោកគួរតែ យកឯកសារទាំងនោះមកដាក់ពាក្យបណ្ដឹងកុំបានត្រឹមតែដើរស្រែក និងចោទប្រកាន់លើអ្នកដទៃ។
លោក សុខ ឥសាន្ដ ក៏បានបញ្ជាក់ដែរថាប្រសិនសម្ដេច ហ៊ុន សែន ដាក់ពាក្យប្ដឹងមេបក្សប្រឆាំងរូបនេះលោក សម រង្ស៉ី ច្បាស់ជាត្រូវជាប់បណ្ដឹងកាន់តែច្រើនទៀតជាក់ជាពុំខាន។
លោក សុខ ឥសាន្ដ៖«ខ្ញុំសូមផ្ដាំទៅវិញថាមិនបាច់ប្រតិកម្ម មិនបាច់ឆ្លើយតបអ្វីទេ ព្រោះរឿងវាដដែលទេ សម រង្ស៉ី ភូតកុហក់រឿងហ្នឹងវា ១៧ ១៨ឆ្នាំ ហើយវាអត់បានការអី ហើយបើគាត់មាន ឯកសារមានភស្ដុតាងច្បាស់លាស់ មូលហេតុអ្វីបានមិនប្ដឹងទៅ គ្រែងបងប្អូនក្រុមគ្រួសារហ្នឹងដែរតើ»។
ជុំវិញករណីឃាតកម្មលើអ្នកនាង ពិសិដ្ឋ ពិលីកា កាលពីឆ្នាំ១៩៩៩ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី បានបង្ហាញការយល់ឃើញថា វប្បធម៍និទណ្ឌភាព នៅតែពេញនិយមនៅប្រទេសកម្ពុជា ដែលជាហេតុធ្វើឲ្យអ្នករងគ្រោះ និង ក្រុមគ្រួសារជនរងគ្រោះ ត្រូវបង្ខំចិត្ដវេចបង្វិចចាកចេញពីប្រទេសកំណើត។
បណ្ឌិតសិក្សាពីសង្គមរូបនេះបន្ថែមថា ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធច្បាប់គឺត្រូវតែការពារពលរដ្ឋ មិនឲ្យមានការភិតភ័យ ឬទទួលរងការបំភិតបំភ័យ ពីជនណាមួយបានឡើយ។ លោកថាជាងនេះទៀតសោតច្បាប់ត្រូវតែផ្ដល់យុត្ដិធម៌ជូនជនរងគ្រោះគ្រប់រូប ក៏ដូចជាគ្រួសាររបស់ពួកគេផងដែរ។ មិនថាតែរឿងអ្នកនាង ពិសិដ្ឋ ពិលីកា ដែលរដ្ឋាភិបាលត្រូវរកយុត្ដធម៌ជូនក្រុមគ្រួសារ សូម្បីតែរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី រដ្ឋាភិបាលក៏ត្រូវតែរកអ្នកនៅពីខាងក្រោយឲ្យឃើញបានឆាប់ៗផងដែរ។
លោកបណ្ឌិត មាស នី៖«ខ្ញុំគិតថារាល់ករណីទាំងអស់ គឺសុទ្ធតែមានការដាក់ពាក្យបណ្ដឹង ប៉ុន្ដែនៅក្នុងករណីមួយចំនួនហ្នឹងយើងឃើញថា សូម្បីតែអ្នកដាក់ពាក្យបណ្ដឹងហ្នឹង ក៏ទទួលលទ្ធផលចុងក្រោយត្រូវរត់ចោលស្រុកទៀត អត់ហ៊ាននៅស្រុកទេ អញ្ចឹងនៅក្នុងស្ថានភាពនេះ គឺសុទ្ធតែជារឿងគ្រោះថ្នាក់ទាំងអ្នករងគ្រោះ ថារងគ្រោះហើយ ប៉ុន្ដែអ្នកចេញមុខប្ដឹងហ្នឹងវារងគ្រោះថែមទៅទៀត»។
គួររម្លឹកថា សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិវិចិត្រសិល្បៈ ហើយក៏ជាតារាភាពយន្តដ៏ឆ្នើមមួយរូបផង អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានខ្មានកាំភ្លើងបាញ់សម្លាប់អ្នកស្រី នៅក្បែរផ្សារអូឬស្សី ខណៈដែលអ្នកស្រីកំពុងចុះពីឡានដើម្បីទៅ ទិញកង់ឲ្យក្មួយអ្នកស្រី កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៩ ៕