ភ្នំពេញ៖ រយៈពេលចុងក្រោយនៃការកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា គេសង្កេតឃើញភាគច្រើនសិស្សដែលសិក្សាផ្នែកវិទ្យាសាស្ដ្រពិត ច្រើនជាងសិក្សាផ្នែកវិទ្យាសាស្ដ្រសង្គម ហើយសិស្សផ្នែកវិទ្យាសាស្ដ្រពិត ពួកគេងាយប្រឡងជាប់ជាង ផ្នែកសង្កសង្គម។[/caption]ប្រការនេះសង្គមស៊ីវិលដែលធ្វើការងារសង្គម បានបង្ហាញការយល់ឃើញថា ផ្នែកវិទ្យាសាស្ដ្រសង្គមធ្លាក់ច្រើនគឺអាចបណ្ដាលមកពីអ្នកសិក្សាទាំងនោះភាគច្រើនគឺជាសិស្សស្វៃរិន ដែលគេហៅថា ជាសិស្សបំពេញវិជ្ជា។ តែយ៉ាងណា ពួកគាត់ថា អាចមកពីសិស្សមិនយកចិត្តទុកដាក់ ការសិក្សាផ្នែកនេះ។ លោក លៀ ស៊ីណា រាយការណ៍៖
ប្រធានស្ដីទីសមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យលោកស្រី អុក ឆាយយ៉ាវី បានផ្ដល់បទសម្ភាសន៍ នឹង វិទ្យុស្ដ្រីFM102 នៅថ្ងៃទី ១០ កញ្ញា នេះថា បើតាមការអង្កេតរបស់លោកស្រីទាំងក្នុងពេលកំពុងប្រឡងនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦ លោកស្រីយល់ថា មូលហេតុដែលសិស្ស សិក្សាផ្នែកវិទ្យាសាស្ដ្រសង្គមសម្រាប់ថ្នាក់ទី ១២ ធ្លាក់មានចំនួនច្រើនជាងសិស្ស ដែលសិក្សាផ្នែកវិទ្យាសាស្ដ្រពិត ក៏ព្រោះតែសិស្ស ផ្នែកវិទ្យាសាស្ត្រសង្គមភាគច្រើនពួកគាត់គឺជាសិស្សដែលមានការងារធ្វើ ហើយមិនសូវមានពេលគ្រប់គ្រាន់ដើម្បីមកសិក្សា បានច្រើនដូចសិស្សដែលសិក្សាផ្នែកវិទ្យាសាស្ដ្រពិត ។
បន្ថែមពីនេះអ្នកស្រីបន្ដថា នេះក៏ជាចេតនា របស់ក្រសួងអប់រំយុវជន និង កីឡា ដែលបើកឱកាស ឲ្យមានចំនួនសិស្សប្រឡងបាក់ឌុបឆ្នាំនេះជាប់បានច្រើន។ លោកស្រីពន្យល់ថា ការបើកដៃរបស់ក្រសួងឲ្យសិស្សប្រឡងជាប់ច្រើន ក៏ព្រោះតែក្រសួងអប់រំ ខ្លាចបាក់មុខប្រសិនជាសិស្សប្រឡងធ្លាក់ មានចំនួនច្រើនស្ទើរ រៀងរាល់ឆ្នាំនោះ គឺប្រាកដជាមានការស្ដីបន្ទោសពី គុណភាពអប់រំ។
លោកស្រី អុក ឆាយយ៉ាវី បញ្ជាក់ថា ប្រសិនជាក្រសួងអប់រំប្រកាស ពីការពង្រឹងគុណភាព ប៉ុន្ដែបែរជានៅតែចង់បានបរិមាណដោយមិនព្យាយាម ពង្រឹងការអប់រំសិស្សពីថ្នាក់ក្រោមមកទេ លោកស្រីជឿជាក់ថា គ្មានថ្ងៃដែលការអប់រំនៅកម្ពុជា នឹងអាចពង្រឹងឲ្យកាន់តែខ្លាំងបានឡើយ។
អ្នកស្រី អុក ឆាយ៉ាវី៖«តាមពិតទៅបើយើងគិតមិនខុសទេ ចង់បានគុណភាពត្រូវគិត ពីខាងក្រោមទៅជាពិសេស បើយើងមើលថាផ្ទះថ្ម បើចង់ឲ្យរឹងមាំទាល់តែយើង បុកគ្រិះឲ្យរឹងមាំដែរ បានជាអត់រលំ ហើយបើខាងក្រោមយើងគ្រាន់តែធ្វើសើៗលំៗទេ មិនមានគុណភាព រហូត ទោះកែទម្រង់យ៉ាងណាក៏គ្មានគុណភាពទេ»។
ជុំវិញការយល់ឃើញរបស់ប្រធានស្ដីទីសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាដូចនេះ វិទ្យុស្ដ្រីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងអប់រំបានទេ ដោយទូរស័ព្ទចូលប៉ុន្ដែគ្មានអ្នកទទួល។
ចំណែកលោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បង្ហាញការយល់ឃើញថា ចំនួនសិស្សដែលសិក្សាផ្នែកវិទ្យាសាស្ដ្រសង្គម មានចំនួនប្រឡងធ្លាក់ច្រើន អាចបណ្ដាលមកពីសិស្សផ្នែកនេះ ពុំសូវបានសិក្សាច្រើន ដូចសិស្សសិក្សា ផ្នែកវិទ្យាសាស្ដ្រពិត ព្រោះផ្នែកវិទ្យាសាស្ដ្រពិតគឺមានការគិតច្រើន មានការសិក្សាបន្ថែមច្រើន ដែលអាចជាហេតុនាំឲ្យសិស្សដែលសិក្សាផ្នែកនេះ មានចំនួនអ្នកប្រឡងជាប់ច្រើនជាងផ្នែកវិទ្យាសាស្ដ្រសង្គម។
ត្រង់ប្រការនេះលោកមានប្រសាសន៍ថា សិស្សផ្នែកសង្គមធ្លាក់ច្រើនអាចមានកត្ដាពីរយ៉ាង គឺទីមួយបណ្ដាលមកពីកត្ដាសិស្សខ្លួនឯង ដែលមិនប្រឹងសិក្សា និង ទីពីរ អាចបណ្ដាលមកពីកត្ដាគ្រូដែលពុំសូវយកចិត្ដទុកដាក់ ក្នុងការបង្រៀនដល់សិស្សរបស់ខ្លួន។
បន្ថែមពីនេះលោក សន ជ័យ យល់ថាក្រសួងអប់រំ គួតែព្យាយាមពង្រឹងគុណភាពអប់រំ របស់ខ្លួនឲ្យកាន់តែប្រសើរជាងនេះ ដោយផ្ដល់អាទិភាពដល់តំបន់ដាច់ស្រយាល ឲ្យទទួលបានការអប់រំ ល្អប្រសើរដូចនៅតំបន់ទីប្រជុំជនដែរ ដើម្បីឲ្យសិស្សរស់នៅទីជនបទ អាចមានចំណេះដឹង និង សមត្ថភាពដូចអ្នកនៅទីប្រជុំជនដែរ។
លោក សន ជ័យ៖«យើងក៏ចង់ពិនិត្យមើលទៅលើ ពីការ ឲ្យពិន្ទុដែរ ហ្នឹងជាចំណុចមួយ ហើយចំណុចមួយទៀតក៏ត្រូវស្វែងយល់ដែរថា ការសិក្សានៅកម្រិតសាលារៀនហ្នឹង ទិដ្ឋភាពនៃការយកចិត្ដទុកដាក់នៃអ្នករៀនថ្នាក់វិទ្យាសាស្ដ្រសង្គមថាតើមានការយកចិត្ដទុកដាក់បានដិតដល់ដែរទេ ប្រព័ន្ធនៃការឲ្យពិន្ទុ ដែលហៅថាប្រព័ន្ធនៃការវាយតម្លៃ ការរៀនសូត្រតាមរយៈការដាក់ពិន្ទុអីហ្នឹង តើវាមានតុល្យភាពដែរឬទេ»។
សូមជម្រាបថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤០៥នាក់ និទ្ទេស B ចំនួន ២ ៨០១នាក់ និទ្ទេស C ចំនួន ៥ ៥៩៥ នាក់ និទ្ទេស D ចំនួន ៨ ៨៣៥ នាក់និង និទ្ទេស E មានចំនួន ៣៨ ១១៧ នាក់ ស្មើនិង ៦២.,១៨ ភាគរយនៃចំនួនសិស្សប្រឡងជាប់នៅឆ្នាំ ២០១៦នេះដែលមានចំនួនសរុប ៨៩៦៦១នាក់ ៕