ភ្នំពេញ ៖ ថ្លែងលើវេទិកានៅមុខទីស្នាក់បក្សសង្គ្រោះជាតិស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី១១កញ្ញានេះ លោក កឹម សុខា ថ្លែងថា រូបលោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី ដែលជាដៃគូស្លាប់រស់ជាមួយគ្នា បានប្ដេជ្ញាចិត្ដរួចហើយថា ប្រសិនជាតុលាការនៅតែផ្ដល់ភាពអយុត្ដិធម៌ដល់សកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន សកម្មជនបក្សប្រឆាំង និងមេដឹកនាំដែលត្រូវប្រកួតដើម្បីឲ្យមានការផ្លាស់ប្ដូរខាងមុខ លោកនឹងពិចារណាក្នុងការប្រើប្រាស់សិទ្ធិរបស់លោកក្នុងការធ្វើមហាបាតុកម្មនៅទូទាំងប្រទេស ។ ក៏ប៉ុន្ដែគណបក្សកាន់អំណាចហាក់មិនចាប់អារម្មណ៍ការថ្លែងសាររំលឹកពីការធ្វើមហាបាតុកម្មជាថ្មីរបស់មេក្សប្រឆាំងនេះឡើយ ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានរំលឹកជាថ្មីទៀត ពីការប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការធ្វើការមហាបាតុកម្មនៅទូទាំងប្រទេស ប្រសិនជាតុលាការនៅតែផ្ដល់ភាពអយុត្ដិធម៌ដល់រូបលោក សមាជិកគណបក្សប្រឆាំង ក៏ដូចជាសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនដីធ្លីបន្ដទៀតនោះ ។ ការថ្លែងរបស់លោក កឹម សុខា ដូចនេះ ធ្វើឡើងក្នុងវេទិកាមួយនៅថ្ងៃទី ១១ កញ្ញា នេះ ស្ថិតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ។ លោក កឹម សុខា៖«បងប្អូនជនរួមជាតិ យុវជនយុវនារី ខ្ញុំជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានលោកប្រធាន សម រង្ស៊ី ដែលជាដៃគូស្លាប់រស់ជាមួយខ្ញុំក្នុងការសង្គ្រោះជាតិនេះ បានប្ដេជ្ញាចិត្ដជាស្រេចហើយថា ប្រសិនជាប្រព័ន្ធតុលាការនេះនៅតែផ្ដល់ភាពអយុត្ដិធម៍ដល់យើងទាំងអស់គ្នា ដក់សកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន បក្សប្រឆាំង ដល់មេដឹកនាំដែលត្រូវប្រកួត ដើម្បីឲ្យមានការផ្លាស់ប្ដូរ យើងនឹងពិចារណាប្រើប្រាស់សិទ្ធិរបស់យើងក្នុងការធ្វើមហាបាតុកម្មនៅទូទាំងប្រទេសនិងរាជធានីភ្នំពេញ»។
ជាការឆ្លើយតបលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជានកម្ពុជាដែលបានផ្ដល់បទសម្ភាសន៍មកកាន់វិទ្យុស្ដ្រីFM102 យល់ថា ការថ្លែងរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដូចនេះ លោកមើលឃើញថា ត្រឹមចង់គំរាមគណបក្សកាន់អំណាចតែប៉ុណ្ណោះ។ បន្ថែមពីនេះលោកថា ការចោទប្រកាន់តុលាការថាគ្មានឯករាជ្យ គឺមិនមែនជាលើកទីមួយរបស់ក្រុមប្រឆាំងទេ ។
ជាងនេះលោកថា ករណីរបស់លោក កឹម សុខា គឺជារឿងរបស់បុគ្គល មិនគួរគណបក្សទាំងមូលមកការពារអ្នកប្រព្រឹត្ដល្មើសច្បាប់ឡើយ។ លោកបានរម្លឹកថា ប្រសិនជាគណបក្សប្រឆាំងមិនបែងចែករឿងបុគ្គល និងរឿងបក្សឲ្យបានច្បាស់ទេ លោកគិតថា គណបក្សនេះអាចនឹងធ្វើខុសតទៅទៀត ។ លោក សុខ ឥសាន្ដ៖«ឥឡូវវាជារឿងបុគ្គល ហើយបើគណបក្សមកមុខ មកពាំងរឿងបុគ្គលអញ្ចឹង ខ្ញុំគិតថាគណបក្សក៏អាចប្រឈមមុខចំពោះមុខច្បាប់ដែរ រឿងហ្នឹង គឺវាចេះតែរាលទៅមុខ ហើយប្រសិនណាគាត់មិនបែងចែកឲ្យច្បាស់ថា អ្វីទៅជារឿងបុគ្គល អ្វីទៅជារឿងរួមរបស់គណបក្ស»។
ក្នុងវេទិកាព្រឹកមិញនេះដែរលោក កឹម សុខា ក៏បានបង្ហាញជំហរថា លោកគឺមិនអស់សង្ឃឹមនោះទេ លោកនៅតែរងចាំការជួបចរចាររវាងខ្មែរ និងខ្មែរដើម្បីដោះស្រាយបញ្ហានានា ប៉ុន្ដែលោកថា ប្រសិនជាគ្មានដំណោះស្រាយហើយស្ថានការណ៍នៅតែតានតឹងដដែល គណបកសង្គ្រោះជាតិ គឺគ្មានជម្រើសអ្វីក្រៅតែពីការធ្វើមហាបាតុកម្មនោះទេ ។ លោក កឹម សុខា៖ «គ្មានជម្រើសទេបងប្អូន យើងអត់មានជម្រើសអ្វីទៀតទេ ជម្រើសទីមួយរបស់យើងហើយយើងនៅតែរងចាំតទៅទៀតអត់អស់សង្ឃឹមទេ គឺការជួបគ្នាដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ តែបើគ្មាជម្រើសទេ គឺយើងមានជម្រើសដូចខ្ញុំបានជម្រាបជួនអំបាញ់មិញអញ្ចឹង»។
ទាក់ទិនការបង្ហាញជំហររបស់លោក កឹម សុខា នេះដែរ លោក សុខ ឥសាន្ដ អ្នកនាំពាក្យបក្សកាន់អំណាច បញ្ជាក់ថាវប្បធម៌សន្ទនាគឺគ្មានគោលការណ៍ចរចារដើម្បីដោះលែងជនប្រព្រឹត្ដល្មើសច្បាប់ឡើយ។ លោក សុខ ឥសាន្ដ៖«ចរចារដើម្បីដោះលែងជាប់ទោសអ្នកល្មើសច្បាប់ចរចារទៅមិនរួចទេ អាហ្មឹងមិនមានខ្លឹមសារក្នុងវប្បធម៍សន្ទនាទេ វប្បធម៌សន្ទនាចរចារតែផ្នែកនយោបាយ ហើយអ្នកប្រព្រឹត្ដិល្មើសច្បាប់ឲ្យចរចារដើម្បីដោះលែងអ្នកប្រព្រឹត្ដល្មើសច្បាប់យ៉ាងម៉េចកើត ។
សូមជម្រាបថា លោក កឹម សុខា ប្រធានស្ដីគណបក្សសង្គ្រោះជាតិបានសំងំជ្រកកោនក្នុងទីស្នាក់ការគណបក្សនេះ ប្រមាណ ៣ ខែមកហើយ ។ កាលពីពេលថ្មីៗទៅនេះ តុលាការរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក ៥ខែ ពិន័យជាប្រាក់ ៨ សែនរៀល តាមក្រមព្រហ្មទណ្ឌ មាត្រា៥៣៨ ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទបដិសេធក្នុងការចូលខ្លួន ក្នុងសំណុំរឿងអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេសង្ស័យថា មានស្នេហាលួចលាក់ជាមួយលោក។
ករណីនេះដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចាត់ទុកករណីនេះ ថាជារឿងនយោបាយ ហើយជាការរំលោភទៅនិតីវិធីច្បាប់។
ចំណែកលោក កឹម សុខា ដែលបានចេញថ្លែងជាសាធារណៈកាលពីថ្ងៃទី០៩កញ្ញា នៅចំពោះមុខអ្នកគាំទ្រ ដោយលោកមានប្រសាសន៍ថា គណ បក្សកាន់អំណាចព្យាយាមធ្វើទុក្ខបុកម្នេញលោក ក្នុងបំណងបញ្ចប់ជីវិតនយោបាយរបស់លោក និងមិនឱ្យលោកមានសិទ្ធិបោះឆ្នោតពេលខាងមុខ