ភ្នំពេញ៖ អង្គការចលនាមាតាធម្មជាតិ បានសម្តែងការគាំទ្រគម្រោងរបស់រាជរដ្ឋាភិបាល ដែលគ្រោងសាងសង់ផ្លូវ ស្ពាន នៅតំបន់អារ៉ែង តែអង្គការមួយនេះ ក៏អំពាវនាវឲ្យរាជដ្ឋាភិបាលបង្ហាញគម្រោងនេះ ដើម្បីការធានាអំពីផលប៉ះពាល់ដល់តំបន់អេកូទេសចរ និងការទប់ស្កាត់មិនឲ្យមានបទល្មើសព្រៃឈើកើនឡើងនៅក្នុងតំបន់អារ៉ែង។ តែយ៉ាងណា អ្នកនាំពាក្យក្រសួងបរិស្ថានពន្យល់ថា គម្រោងសាងសង់ផ្លូវនេះ គឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទៅវិញនោះទេ។
ការព្រួយបារម្ភរបស់អង្គកាចលនាមាតាធម្មជាតិ និងសហគមន៍តំបន់អារ៉ែងធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យក្រសួងរៀបចំដែនដី កំពុងរៀបចំគម្រោងសាងសង់ផ្លូវ ស្ពាន នៅតំបន់អារ៉ែង ដោយមានប្រវែងប្រមាណ ១៨ គីឡូម៉ែត្រ តាមសំណើររបស់កញ្ញា ធី សុវណ្ណថា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងវេទិកាស្តីពីការការពារ និង អភិរក្សធនធានធម្មជាតិ ជាមួយអ្នកការពារបរិស្ថានផ្សេងទៀត។
នាយករដ្ឋមន្ត្រីធ្លាប់បានថ្លែងថា គម្រោងសាងសង់នេះ ដើម្បីជាប្រយោជន៍ក្នុងវិស័យទេសចរណ៍ និងប្រជាពលរដ្ឋ ដោយមិនមែនបម្រើដល់ការកាប់ឈើនោះឡើយ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន៖«ទទួលយកនូវការសាងសង់ផ្លូវ ១៨ គីឡូម៉ែត្រនេះ ប្រសិនជាមានទេសចរណ៍ទៅច្រើនអ្នកកាប់ឈើក៏វាខ្លាចដែរ ហើយផ្លូវនេះ មិនមែនធ្វើឲ្យអ្នកឯងកាប់ឈើនោះទេ សម្រាប់ដឹកទេសចរណ៍ សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ ការព្យាបាលរបស់ប្រជាពលរដ្ឋ មិនមែនធ្វើឲ្យអ្នកឯងដឹកឈើនោះទេ…»។
ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ ដែលសកម្មក្នុងកិច្ចការការពារធនធានធម្មជាតិនៅតំបន់អារ៉ែង លោក សាន់ ម៉ាឡា បានប្រាប់វិទ្យុស្ត្រីតាមទូរស័ព្ទនៅថ្ងៃទីអាទិត្យទី ១១ កញ្ញនេះថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅតំបន់អារ៉ែង អបអរសាទរគម្រោងសាងសង់ផ្លូវរបស់រាជរដ្ឋាភិបាលនៅក្នុងសហគមន៍របស់ពួកគេ។ ក៏ប៉ុន្តែពួកគាត់បង្ហាញក្តីបារម្ភ អំពីគម្រោងសាងសងផ្លូវនៅតំបន់អារ៉ែងនេះថា អាចនឹងបង្កឲ្យភាពងាយស្រួសដល់ដំណើរការដឹកជញ្ជូនឈើប្រណិតៗ និងអាចផលប៉ះពាល់ដល់តំបន់អេកូទេស ចរណ៍ក្នុងតំបន់អារ៉ែងស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុងទៅវិញនោះទេ។
ស្ថាបនិកអង្គការចលនាមាតាធម្មជាតិរូបនេះ បានអំពាវនាវឲ្យរាជរដ្ឋាភិបាលបង្ហាញអំពីគម្រោងសាងសង់ផ្លូវក្នុងតំបន់អារ៉ែង ដោយធានាមិនឲ្យកើនឡើងនៃបទល្មើសព្រៃឈើ និងការបំផ្លិចបំផ្លាញតំបន់អេកូទេចរណ៍ធម្មជាតិ។ លោក សាន់ ម៉ាឡា៖«យើងបារម្ភថា នៅពេលមានផ្លូវស្រួល ស្ពានស្រួល វាអាចសម្រួលដល់ការកាប់បំផ្លាញ់ សម្រួលដល់បទល្មើសទាំងហ្នឹង អញ្ចឹងក៏យើងស្នើទៅខាងរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ពន្យល់ថា មានយន្តការអ្វីច្បាស់លាស់អត់ ដើម្បីគ្រប់គ្រង ឬក៏ទប់ស្កាត់បទល្មើសនៃកាប់បំផ្លាញព្រៃឈើ។ ទី២ យើងខ្លាចរដ្ឋាភិបាលគាត់ផ្តល់អាជ្ញាប័ណ្ណក្រុមហ៊ុនឯកជន ដើម្បីវិនិយោគទៅលើវិស័យអេកូទេសចរណ៍ អញ្ចឹងទៅយើងចង់ឲ្យរាជរដ្ឋាភិបាលជួយគាំទ្រ និងផ្តល់ជំនាញសហ គមន៍មូលដ្ឋានក្នុងការគ្រប់គ្រងទេសចរណ៍ដោយខ្លួនឯង យើងមិនចង់ឲ្យប្រជាជនមូលដ្ឋានគាត់ក្លាយជាកម្មករ ឬអ្នកស៊ីឈ្នួលក្រុមនាយទន់ គឺចង់ឲ្យគាត់គ្រប់គ្រង់តំបន់នោះដោយខ្លួនឯង»។
ការព្រួយបារម្ភរបស់អង្គកាចលនាមាតាធម្មជាតិ និងសហគមន៍តំបន់អារ៉ែង នឹងលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពី «ហានិភ័យថ្មីសម្រាប់តំបន់អារ៉ែង» នៅមជ្ឈមណ្ឌលកីឡា និងកំសាន្តលីឡា នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១២ កញ្ញាស្អែកនេះ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព មានប្រសាសន៍ថា គម្រោងសង់ផ្លូវរបស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណង់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អារ៉ែង ដោយលោកបញ្ជាក់ថា ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភអំពីគម្រោងនេះ។ លោក សៅ សុភាព៖«រឿងធ្វើផ្លូវឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋសហមគន៍ដើម្បីសម្រួលដល់ការធ្វើដំណើរចរាណ៍របស់គាត់ជារឿងមួយ។ ក៏ប៉ុន្តែពាក់ព័ន្ធទៅនិងការព្រួយបារម្ភអំពីបទល្មើស និងការបំផ្លិចបំផ្លាញធនធានធម្មជាតិនេះគឺ ផែនការគោលការណ៍ និងវិធានការទប់ស្កាត់លុបបំបាត់បទល្មើសនិង រួបរួមគ្នាពីគ្រប់មជ្ឈដ្ឋានអ្នកពាក់ព័ន្ធ គឺត្រូវធ្វើការដោះស្រាយទប់ស្កាប់លុបបំបាត់បញ្ហាបទល្មើសធនធានធម្មជាតិ»។
តំបន់អារ៉ែងស្ថិតនៅក្នុងខេត្តកោះកុងត្រូវបានគេជឿថា ជាតំបន់មានសក្តានុពលធនធានធម្មជាតិចម្រុះ ព្រៃឈើប្រណិតៗ ហើយកន្លងមកក៏មានក្រុមហ៊ុនមួយចង់សាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងនេះដែរ តែក្រោយមករាជរដ្ឋាភិបាលប្រកាសលុបវិញ ដោយសារមានការជំនាស់គម្រោងសាងសង់ទំនប់វារីអគ្គិសនីពីប្រជាពលជនជាតិដើមភាគតិច៕