en     km
en     km

អង្គការ​លើកលែងទោស​អន្តរជាតិ​ ៖​ ការ​សម្រេច​ផ្តន្ទាទោស​លោក​ កឹ​ម​ សុខា​ គឺជា​ការ​បំភិតបំភ័យ​🔊

Share

ភ្នំពេញ៖ ​ក្រោយ​ពី​តុលាការ​រាជធានី​ភ្នំពេញ​ សម្រេច​ផ្តន្ទាទោស​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ៥​ខែ​ តាម​ក្រមព្រហ្មទណ្ឌ​មាត្រា​ ៥៣៨​ រួម​មក​ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​(Amnesty​ international)​ និង​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ ការ​សម្រេច​ផ្តន្ទាទោស​នេះ​ គឺ​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់​ ដែល​នេះ​ គឺជា​ការ​បំភិតបំភ័យ​ទៅ​លើ​គណបក្សប្រឆាំង​។​ តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ បាន​បដិសេធ​ទៅ​លើ​ករណី​នេះ​

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ

 

​អង្គការ​លើកលែងទោស​អន្តរជាតិ​(Amnesty​ international)​ បាន​ហៅ​ការ​ផ្តន្ទាទោស​ប្រឆាំង​នឹង​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ជា​យុទ្ធនាការ​មួយ​រៀបចំ​ដោយ​រដ្ឋាភិបាល​ដើម្បី​បំភិតបំភ័យ​ គម្រាមកំហែង​ទៅ​លើ​សកម្មជន​គណបក្សប្រឆាំង​ និង​អង្គការ​សង្គម​ស៊ី​វិល​។​

​នាយករង​របស់​អង្គការ​នេះ​ គឺ​លោក​ ជូ​ស​សេត​ បេន​នី​ឌី​ក​(Josef​ Benedict)​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ចុះ​ផ្សាយ​ កាលពី​ថ្ងៃ​ទី​៩​ កញ្ញា​ថា​ សាលក្រម​ប្រឆាំង​លោក​ កឹ​ម​ សុខា​ បញ្ជាក់​ថា​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ គឺជា​ឧបករណ៍​នយោបាយ​ ដើម្បី​បំបិទ​សំលេង​ និង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​។​

​ជាមួយ​គ្នា​នេះ​ លោក​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ស្ថានភាព​បំភិតបំភ័យ​ ហើយ​ធ្វើ​ឱ្យ​ស្ថានការណ៍​វិល​មក​រក​ភាព​ប្រក្រតី​វិញ​។​

​ចំណែក​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​គោលនយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្តរជាតិ​ បាន​លើក​ឡើង​ថា​ ការ​សម្រេច​ផ្តន្ទាទោស​លើ​លោក​ កឹ​ម​ សុខា​ មើលទៅ​មិន​ពឹង​ផ្នែក​ទៅ​លើ​ច្បាប់​ទាំងស្រុង​នោះ​ទេ​ ហាក់​មានការ​ពាក់ព័ន្ធ​នឹង​នយោបាយ​។​

​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ពី​បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន​ ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​គេ​សង្ស័យ​ថា​ មាន​ស្នេហា​លួចលាក់​ជាមួយ​លោក​។​

​ការ​ជំនុំ​ជម្រះក្ដី​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​នេះ​ កាលពី​ថ្ងៃ​សុក្រ​ទី​ ៩​ កញ្ញា​ ធ្វើ​ឡើង​ដោយ​អវត្តមាន​ទាំង​លោក​ កឹ​ម​ សុខា​ និង​ក្រុម​មេធាវី​ការពារ​ក្ដី​។​

ករណី​នេះ​ ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា​ ការ​ចោទប្រកាន់​ប្រឆាំង​នឹង​លោក​ កឹ​ម​ សុខា​ គឺជា​រឿង​នយោបាយ​ មិនមែន​ជា​រឿង​បុគ្គល​ ឬ​ជា​ការ​អនុវត្ត​ច្បាប់​ឡើយ​។​

​លោក​ ស៊ុន​ ឆ័​យ​ ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ដែល​បាន​ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​កាលពី​ថ្ងៃ​ទី​០៩​ កញ្ញា​ ម្សិលមិញ​ បញ្ជាក់​ថា​ ជា​ច្រើន​ទស្ស​វត្ស​កន្លង​មក​ហើយ​ តុលាការ​កម្ពុជា​មិន​បាន​ចោទប្រកាន់​បុគ្គល​ណា​ម្នាក់​ ដោយសារ​តែ​មិន​បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី​ទេ​។​

​លោក​បន្ត​ថា​ សូ​ម្បី​តែ​តុលាការ​ខ្មែរក្រហម​ក្នុង​ករណី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ ដែល​បាន​កោះហៅ​បុគ្គល​ខ្លះទៅ​ធ្វើ​ជា​សាក្សី​ ហើយ​បុគ្គល​នោះ​បាន​បដិសេធ​ក្នុង​ការ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ ក៏​មិនឃើញ​តុលាការ​ធ្វើការ​ចោទប្រកាន់​បុគ្គល​នោះ​ដែរ​។​

​យ៉ាងណា​ក៏​ដោយ​លោក​ សុខ​ ឥ​សាន​  អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​កាលពី​ម្សិលមិញ​ថា​ ជា​រឿង​សម​ស្រប​ដែល​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ព្រោះ​ទាំង​លោក​ កឹ​ម​ សុខា​ និង​ លោក​ សម​ រ​ង្ស៊ី​ សុទ្ធតែ​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​។​ ​លោក​បញ្ជាក់​ថា​ ការ​កាត់សេចក្តី​នេះ​មិន​មាន​ជាប់​ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ​  គឺ​គេ​កាត់ក្តី​ដោយ​មាន​អង្គហេតុ​ និង​អង្គសេចក្តី​ច្បាស់លាស់​។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​ទទួលយក​បានជា​ដាច់ខាត​ សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ចាត់​ទុក​សាលក្រម​នេះ​ ស្ថិត​នៅ​ក្រោម​សំពាធ​នយោបាយ​នៃ​គណបក្ស កាន់អំណាច​។​ គណបក្ស​សង្គ្រោះ​ជាតិ​ប្ដេជ្ញា​ថា​ នឹង​បន្ត​ការ​តស៊ូ​នយោបាយ​ទាមទារ​ឱ្យ​មានការ​ទម្លាក់​បទ​ចោទ​មក​លើ​លោក​ កឹ​ម​ សុខា​ ។

គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​ ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ប្រសិនបើ​ការ​ទាមទារ​នេះ​មិន​បាន​ទទួល​បាន​លទ្ធផល​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រើ ប្រាស់​សិទ្ធិ​ធ្វើ​មហា​បាតុកម្ម​ដោយ​អហឹ​ង្សា​៕

Share

ព័ត៌មានទាក់ទង

Image