ភ្នំពេញ៖ យ៉ាងតិចណាស់មនុស្ស ១៥ នាក់បានស្លាប់ និងជាង ៧០ នាក់រងរបួសក្នុងហេតុការណ៍អគ្គិភ័យដ៏ធំមួយ ដែលផ្ទុះឆេះរោងចក្រវេចខ្ចប់មួយកន្លែងនៅប្រទេសបង់ក្លាដេស។
មន្ត្រីប៉ូលិសនិយាយថា កម្មករសរុបប្រមាណ ១០០ នាក់ កំពុងធ្វើការនៅក្នុងរោងចក្រនេះ។ រោងចក្រនេះស្ថិតនៅក្នុងទីក្រុង Tongi គឺមិនឆ្ងាយប៉ុន្មានពីភាគខាងជើងនៃរដ្ឋធានីដាកា។
មន្ត្រីប៉ូលីសរាយការណ៍ថា ការផ្ទុះនេះបង្កឡើងដោយការឆេះឆ្នាំងដាំទឹកអគ្គិសនីមួយគ្រឿង ហើយអណ្តាតភ្លើងបានឆេះរីករាលដាលយ៉ាងឆាប់រហ័សក្នុងអគារនោះ។
ភ្នាក់ងារពន្លត់អគ្គិភ័យរាយការណ៍មកថា ក្រុមការងារពន្លាត់មិនទាន់អាចគ្រប់គ្រងស្ថានការណ៍បានមួយរយភាគរយនៅឡើយនោះទេ។
លោក Parvez Mia គ្រូពេទ្យមួយរូបបានប្រាប់ទីភ្នាក់ងារ AFP ពីមន្ទីរពេទ្យក្រុងដាកាមកថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥ នាក់ហើយ ហើយមនុស្ស ៧០ផ្សេងទៀតកំពុងរងរបួស។
ជាទូទៅការឆេះរោងចក្រនៅបង់ក្លាដេស បានកើតឡើងជាញឹកញាប់នៅសហគមន៍ក្រីក្រ មិនសូវមានសុវត្ថិភាព។
កាលពីឆ្នាំមុន យ៉ាងតិចណាស់មនុស្ស ១៣ នាក់បានស្លាប់ក្នុងអគ្គិភ័យឆេះរោងចក្របា្លស្ទិចមួយនៅទីក្រុងដាកានេះ។ កាលពីឆ្នាំ ២០១២ មានកម្មករ ១១២ នាក់បានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆេះរោងចក្រមួយនៅក្រៅរដ្ឋធានី៕ប្រភព៖BBC