ភ្នំពេញ៖ ប្រធានសហជីពសហភាពការងារកម្ពុជា លោក អាត់ ធន់ បានឲ្យដឹងតាមរយៈលិខិតមួយថា កម្មករនិយោជិតភាគច្រើនចង់ទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ ប៉ុន្តែថៅកែរោងចក្រ សហគ្រាសគ្រឹះស្ថាន មិនបានអនុញ្ញាត្តិច្បាប់ឲ្យកម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងបានទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតដូចឆ្នាំមុនៗឡើយ។
នៅក្នុងលិខិតរបស់សហជីពសហភាពការងារកម្ពុជាចុះថ្ងៃទី ០៩ ខែ កញ្ញានេះ បានបញ្ជាក់ថា មូលហេតុដែលថៅកែមិនអនុញ្ញាត្តិច្បាប់ គឺដោយ សារម្ចាស់ក្រុមហ៊ុន សហគ្រាសគ្រឹះស្ថាន ទាំងនោះមិនទាន់ទទួលបានលិខិតណែនាំពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឡើយ។
សហជីពសហភាពការងារកម្ពុជាក៏បានស្នើសុំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុំការអនុញ្ញាត្តិច្បាប់ពីក្រុមហ៊ុន ដើម្បីឲ្យកម្មករ និយោជិត បានទៅបានទៅចុះឈ្មោះបោះឆ្នោតដោយមិនកាត់ប្រាក់ឈ្នួសកម្មករ។
សូមបញ្ជាក់ថាការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ មានរយៈពេលបីខែគឺ ចាប់ពីថ្ងៃទី ១ កញ្ញា រហូតដល់ថ្ងៃទី២៩ វិច្ឆិកា។ ការិយាល័យចុះឈ្មោះបោះឆ្នោតមាននៅក្នុងសង្កាត់ជាង ១៦០០កន្លែង និងបុគ្គលិកចុះឈ្មោះបោះឆ្នោតប្រមាណ ៧២០០នាក់។ ដំណើរការចុះឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប គឺមានចំនួនអ្នកចុះឈ្មោះជាង ១ លាននាក់ គិតត្រឹមថ្ងៃទី ៩ កញ្ញា៕