ភ្នំពេញ៖ សាលារាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅរង្វង់មូលចោមចៅនៅជាយរាជធានីភ្នំពេញ ដើម្បីសម្រួសកុំឲ្យមានកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ។ នេះបើតាម AKP។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានឲ្យដឹងថា មន្ត្រីជំនាញរបស់សាលារាជធានីបានសិក្សាបច្ចេកទេស ពីគំរូប្លង់នៃការសាងសង់ស្ពានអាកាសចោមចៅនេះហើយ។ លោកថា គម្រោងស្ពានអាកាសថ្មីនេះ គឺស្ថិតក្នុងផែនការអភិវឌ្ឍនៅក្នុងឆ្នាំ ២០១៧។
លោកបន្ថែមថា ត្រង់ចំណុចរង្វង់មូលចោមចៅនេះ គឺជាតំបន់មានការកក់ស្ទះចរាចរណ៍ជាប្រចាំធ្វើឲ្យមានការរំខានដល់ការធ្វើដំណើរចេញចូលក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា នៅរាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ ទីតាំងរួចមកហើយ ក្នុងនោះស្ពានអាកាស៥មករា ឬស្ពានអាកាសតិចណូ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស ៧មករា និង អាកាសក្បាលថ្នល់៕