ភ្នំពេញ៖ ស្របពេលសាលាដំបូងរាជធានីភ្នំពេញ កំពុងជំនុំជម្រះក្ដីករណីលោក កឹម សុខា នៅថ្ងៃទី ០៩ ខែកញ្ញា នេះ ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រមាណជាង៥០០នាក់ បានមកជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្ស។
ពួកគាត់ទៅទីនោះដើម្បីឃ្លាំមើលស្ថានការណ៍នយោបាយ ជុំវិញសវនាការ លើប្រធានស្តីទីបក្សប្រឆាំងរូបនេះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលឃុំខ្លួនឯងនៅទីស្នាក់ការបក្សរយៈ ពេលជាច្រើនខែ បានថ្លែងថា គណបក្សកាន់អំណាច បានប្រើប្រព័ន្ធតុលាការ ដើម្បីបញ្ចប់ជីវិតនយោបាយ របស់លោក។ តែមន្ត្រីបក្សកាន់អំណាច ច្រានចោល ការចោទប្រកាន់ របស់មេដឹកនាំបក្សប្រឆាំង រូបនេះ។ កញ្ញា ឆេង ណាតា រាយការណ៍៖
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលបានចេញមកថ្លែងជាសាធារណៈនៅចំពោះមុខអ្នកគាំទ្រ គឺជាលើកដំបូង បន្ទាប់ពីលោកឃុំខ្លួនឯងនៅទីស្នាក់ការបក្ស រយៈ ពេលជាង៣ខែ។
ស្ថិតក្នុងស្ថានភាពមួយដែលគេ មើលឃើញថា ជាមោទនភាព ដោយសារអ្នកគាំទ្រ ជាច្រើន មកជួយការពារ មេបក្សប្រឆាំងរូបនេះ បន្តថា គេបានធ្វើទុកបុកម្នេញលោក តាមរយៈការប្រើប្រាស់ស្ថាប័នជាតិ ជាឧបករណ៍នយោបាយ ជាពិសេសតុលាការ ដើម្បីវាយប្រហារមកលើសិទ្ធិនយោបាយរបស់លោក គឺសំដៅបញ្ចប់ជីវិតនយោបាយលោក។
លោក កឹម សុខា ៖«ការប្រើប្រាស់ប្រព័ន្ធតុលាការ វាយប្រហារមកលើរូបខ្ញុំ ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សគូប្រកួតដ៏ធំជាងគេ ជាមួយនឹងគណបក្សកាន់អំណាចបច្ចុប្បន្ន មិនអាច មិនឱ្យចូលរួមក្នុងការបោះឆ្នោត ខាងមុខនេះ នឹងធ្វើឱ្យការបោះឆ្នោតនោះ មិនមានលក្ខណៈត្រឹមត្រូវអាចទទួលយកបានឡើយ»។
ទោះជា លោក មិន និយាយចំឈ្មោះ ក៏ដោយ តែគេអាចប៉ាន់ស្មានថា លោក សំដៅលើ គណបក្សកាន់អំណាច ដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក បន្តថា ការប្រើប្រព័ន្ធតុលាការ ធ្វើជាឧបរណ៍នយោបាយ គឺ បំបាក់សំឡេងអ្នកប្រជាធិបតេយ្យ។
លោក កឹម សុខា ៖«ការប្រើប្រាស់ប្រព័ន្ធតុលាការ វាយប្រហារប្រឆាំងមកលើសិទ្ធិនយោបាយ សិទ្ធិបោះឆ្នោតរបស់ខ្ញុំនេះ មិនមែនត្រឹមតែធ្វើឱ្យប៉ះពាល់ ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោតតែប៉ុណ្ណោះ លើសពីនេះទៅទៀត គឺជាការវាយប្រហារទៅលើលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា »។
បែបនេះក្តីលោកថា បើទោះជាកន្លងមកការ តស៊ូ របស់លោក ប្រឈមមុខ នឹងគ្រោះថ្នាក់ ការគម្រាមកំហែងក៏ដោយ លោកនៅតែបន្តថាការ តស៊ូ និងរក្សានូវគោលជំហរ អហឹង្សា។
កាលពីព្រឹកមិញនេះដែរ ខណៈដែលគណបក្សសង្គ្រោះជាតិ ធ្វើវេទិកានៅទីស្នាក់ការគណបក្ស មានការដាក់ពង្រាយកម្លាំងសមត្ថកិច្ចរាប់រយនាក់ នៅលើផ្លូវជាតិលេខ៦០ ខាងលិច ទីស្នាក់ការ គណបក្សប្រឆាំងធំជាងគេនេះ។
ឆ្លើយតបការថ្លែងរបស់លោក កឹម សុខា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុន មានប្រសាសន៍ថាគ្មានអ្នកណាទៅយាយី ដើម្បីសម្លាប់ជីវិតនយោបាយរបស់ប្រធានស្តីទីគណបក្សប្រឆាំងលោក កឹម សុខា នោះទេ។ លោកថាលោក កឹម សុខា ទៅវិញទេ ជាអ្នកដែលសម្លាប់ជីវិតនយោបាយខ្លួនឯង។
លោកបន្ដថាលោក កឹម សុខា គឺជាអ្នកនយោបាយដែលមើលងាយច្បាប់រដ្ឋ ហើយបំពានលើអំណាចរដ្ឋ។
លោក ឈឹម ផលវរុន៖«ពាក់ព័ន្ធទៅនឹងការចរចារគណបក្សប្រជាជន ពុំដែលរាំងស្ទះ ឬក៏អល់ឯកទេ ប៉ុន្ដែគណបក្សសង្គ្រោះជាតិទៅវិញទេដែលមិនស្មោះត្រង់ ចំពោះការចរចារ ហើយពុំដែលឲ្យតម្លៃវប្បធម៍នៃការសន្ទនា ម្ដងណាទេទើបតែឥឡូវ ដល់ពេលខ្លួនឯងបំពានច្បាប់រឿងរបស់តុលាការ ស្រាប់ឥឡូវចង់យកវប្បធម៍សន្ទនាមក ដើម្បីបំផ្លាញ ជាន់ឈ្លីអំណាចតុលាការគឺមិនអាចទៅរួចទេ»។
ជុំវិញការលើកឡើងរបស់មេបក្សប្រឆាំងនេះ លោក ឡុង គឹមឃន អ្នកស្រាវជ្រាវគោលនយោបាយការបរទេស និងច្បាប់អន្តរជាតិ យល់ថាការលើកឡើងរបស់លោក កឹម សុខា អាចជាការពិត ព្រោះតុលាការ នៅប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា គឺឧបករណ៍ នយោបាយរបស់អ្នកមានអំណាច។
ចំពោះ តុលាការប្រកាសសាលក្រម ផ្តន្ទាទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគារ រយៈពេល ៥ខែ អ្នកវិភាគរូបនេះ អំពាវនាវឱ្យ អ្នកនយោបាយត្រូវខិតខំធ្វើយ៉ាងណា ដើម្បីរកដំណោះស្រាយ វិបត្តិនេះឱ្យបានមុនចុងខែ វិច្ឆិកា ឆ្នាំ២០១៦នេះ ដើម្បីឱ្យលោក កឹម សុខា មានសេរីភាព និងអាចទៅចុះឈ្មោះបោះឆ្នោតបាន។
ទោះជាយ៉ាងណា តុលាការ មិនទាន់ឃើញចេញដីការចាប់ខ្លួន លោក កឹម សុខា នៅឡើយទេ នៅថ្ងៃនេះខណៈលោកជាអ្នកតំណាងរាស្ត្រ ដែលត្រូវបានការពារដោយ មាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ៕