ភ្នំពេញ៖ ប្រវត្តិសាស្ដ្រគឺជាកំណត់ហេតុ ដែលកត់ត្រាគ្រប់រឿងរ៉ាវ នៃអតីតកាលកន្លងមក ដោយបានហែលឆ្លងកាត់ទាំងភាពរុងរឿង រីកចម្រើនការធ្លាក់ចុះ ភាពជូរចត់ ទុក្ខវេទនាសេចក្តីនិរាសព្រាត់ប្រាស់ ដោយសារសង្គ្រាម ស៊ីវិលសង្គ្រាមឈ្លានពានពីបរទេស វិបត្តិសង្គមជាដើម។
កំហុសពីសម័យមុនសម័យដូនតា បានត្រឹមតែបន្សល់ទុកជាមេរៀន និងជាគតិអប់រំ សម្រាប់មនុស្ស ជំនាន់ក្រោយដែលគួរជៀសវាងគន្លងបែបនេះ។
ការធ្វេសប្រហែសដែលបានធ្វើឱ្យជាតិសាសន៍មួយបាត់បង់អ្វីមួយ ជារបស់ខ្លួនទាំងបូរណភាពទឹកដី ព្រៃកោះ គឺជាបញ្ហាយ៉ាងធ្ងន់ធ្ងរ សម្រាប់កេ្មងជំនាន់ក្រោយ។ កំហុសដែលបានសាងមកកប់ទុក ក្នុងប្រវត្តិសាស្ដ្រ គឺជាគុណវិបត្តិនៃការដឹកនាំ។
ទាក់ទិននឹងប្រធានបទនេះវិទ្យុស្រី្តFM102 បានធ្វើបទសម្ភាសន៍ជាមួយនឹងអ្នកវិភាគដើម្បីស្វែងយល់ពីការយល់ដឹង របស់ពួកគាត់បន្ថែមទៀតថា តើមេដឹកនាំត្រូវទទួលខុសត្រូវកម្រិតណា ជូនប្រទេសជាតិហើយមេដឹកនាំបែបណាដែលត្រូវបានកត់ត្រាក្នុងកំហុសប្រវត្តិសាស្ដ្រ។
អ្នកវិភាគ ២ រូបដែលវិភាគលើប្រធានបទនេះ គឺលោក ហេង ស្រ៊ាង សាស្ដ្រាចារ្យទស្សនវិជ្ជា និង លោក ឯម សុវណ្ណារ៉ា សាស្ដ្រាចារ្យ វិទ្យាសាស្ត្រ នយោបាយ។
តើអ្នកវិភាគទាំង២រូបនេះ បកស្រាយយ៉ាងដូចម្ដេចដែរ សូមស្ដាប់ បទវិភាគដែលរៀបចំដោយ លោក លៀ ស៊ីណា ដូចតទៅ៖
គេអាចចែកចេញ ពីរចំនុច គឺ កំហុស ជាប្រវត្តិសាស្ត្រ និង កំហុសប្រវត្តិសាស្ត្រ។ ពាក្យថា កំហុសជាប្រវត្តិសាស្ត្រ គេសំដៅ រឿងរ៉ាវ បច្ចុប្បន្ន ដែលកើតមាន។ ចំណែក កំហុស ប្រវតិ្តសាស្ត្រ គេសំដៅលើរឿងរ៉ាងកាលពីអតីតកាល។
សាស្ដ្រាចារ្យវិទ្យានយោបាយបានបង្ហាញការយល់ឃើញថា កំហុសប្រវត្ដិសាស្ដ្រ គឺអាចកើតឡើងដោយសារតែការដឹកនាំតាមរបៀបផ្ដាច់ការ ដែលមិនស្ដាប់ការរិះគន់របស់មនុស្សជុំវិញខ្លួន នាំឲ្យប្រទេសបាត់បង់នូវ កេរ្ដិ៍ឈ្មោះ កិត្ដិយស បូរណភាពទឹកដី និង ធនធានធម្មជាតិក្នុងប្រទេស។
សាស្ដ្រាចារ្យទស្សនៈវិជ្ជា លោក ហេង ស្រ៊ាង បានពន្យល់ថា កំហុសប្រវត្ដិសាស្ដ្រគឺជាកំហុសរបស់បុគ្គលណាមួយ ឥស្សរៈជនណាមួយ ដែលជាអ្នកដឹកនាំប្រទេស ហើយប្រព្រឹត្ដទង្វើដែលប៉ះពាល់សង្គមធ្ងន់ធ្ងរ ហើយបុគ្គលនោះផ្ទាល់គឺជាអ្នកដែលត្រូវទទួលខុសចំពោះ ការសម្រេចចិត្ដដែលធ្វើឲ្យប្រទេសជួបប្រទះរឿងវិនាសកម្មផ្សេងៗ។ ប៉ុន្ដែលោក ថា ពលរដ្ឋក៏មានចំណែកទទួលខុសត្រូវពីកំហុសឆ្គង របស់មេដឹកនាំដែលប្រព្រឹត្ដិខុសដូចគ្នា ប្រសិនជាពលរដ្ឋផ្ដល់ការគាំទ្រមេដឹកនាំណាមួយ ហើយបានមើលឃើញថា គឺមិនត្រឹមត្រូវប៉ុន្ដែមិនព្រមហាមឃាត់ ឬពន្យល់មេដឹកនាំនោះឲ្យមានការកែប្រែ។
តែយ៉ាងណា លោកពន្យល់ទៀតថាកំហុសប្រវត្ដិសាស្ដ្រកើតឡើងក្នុងសង្គមមួយបាន គឺដោយសារការប្រើអំណាចផ្ដាច់ការ ជ្រុលនិយម ប្រើអំណាចតែម្នាក់ឯង មិនស្ដាប់ការរិះគន់ ការផ្ដល់យោបល់ពីអ្នកដែលនៅជុំវិញខ្លួន។
លោក ហេង ស្រ៊ាង៖«អ្នកដឹកនាំជំនាន់ក្រោយៗ ត្រូវតែរៀនឲ្យច្បាស់ហើយត្រូវចងចាំ ឲ្យច្បាស់ថាកំហុសប្រវត្ដិសាស្ដ្រ ច្រើនតែជាកំហុសរបស់បុគ្គលដែលផ្ដាច់ការ កំហុសរបស់បុគ្គលដែលមានការសម្រេចកិច្ចការតែម្នាក់ឯង ដោយមិនស្ដាប់អ្នកដទៃដែលមានគំនិតផ្ទុយជាមួយខ្លួន ហើយមានគំនិតផ្ដល់ជាយោបល់ជាមួយខ្លួនដើម្បីមានការកែប្រែជាដើម»។
ពាក្យថាកំហុសពលរដ្ឋគ្រប់រូបសុទសឹងតែបាន ដឹងហើយថា មានអត្ថន័យដូចម្ដេច ហើយសំដៅលើអ្វី យ៉ាងប្រាកដ។ បើនិយាយអំពី កំហុសប្រវត្ដិសាស្ដ្រ ពលរដ្ឋពិត ជាយល់អត្ថន័យដូចគ្នាថា អាចសំដៅទៅលើកំហុសឆ្គងដែលកើតឡើង ក្នុងអតីតកាល ដោយការប្រព្រឹត្ដខុសទៅលើអ្វីមួយយ៉ាងធ្ងន់ធ្ងរ លើប្រទេសជាតិ លើសាសនា លើផលប្រយោជន៍ជាតិផ្សេងៗ។
តើលោកសាស្ដ្រាចារ្យ ឯម សុវណ្ណារ៉ា យល់ឃើញដូចម្ដេចដែរចំពោះពាក្យថា «កំហុសប្រវត្ដិសាស្ដ្រនេះ»?
លោក ឯម សុវណ្ណារ៉ា បង្ហាញការយល់ឃើញថា កំហុសប្រវត្ដិសាស្ដ្រគឺវាមានការពាក់ព័ន្ធ ទៅលើបុគ្គលមិនថាតែជាអ្នកដឹកនាំប្រទេសនោះទេ គឺពាក់ព័ន្ធទាំងអស់ឲ្យតែអ្នកនោះធ្វើការ រាជការ ហើយបានប្រព្រឹត្ដទង្វើ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ ដូចជាកេរ្ដិ៍ឈ្មោះ កិត្ដិយស សាសនា បូរណភាពទឹកដី ដែល គេហៅជាជនក្បត់ជាតិ។
លោកបន្ថែមថា ពលរដ្ឋគ្រប់រូបត្រូវតែស្វែងយល់ឲ្យច្បាស់ ព្រោះពលរដ្ឋជាសមាជិកសង្គម ជាម្ចាស់អំណាចក្នុងសង្គមប្រជាធិបតេយ្យ ហើយប្រសិនជាមេដឹកនាំក្នុងសម័យណាប្រព្រឹត្ដខុសឆ្គងគឺគេថា មេដឹកនាំនោះជាអ្នកទទួលខុសត្រូវដំបូងគេ បន្ទាប់មកគឺប្រជាពលរដ្ឋដែលមិនបានស្វែងយល់សិទ្ធិ និង ប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការកែតម្រូវមេដឹកនាំក្នុងយុគ្គសម័យរបស់ខ្លួន។
លើសពីនេះទៀត លោកពន្យល់ថា ពលរដ្ឋខ្មែរ អ្នកដឹកនាំគ្រប់រូបមិនថាសម័យណានោះទេ ត្រូវតែសិក្សាប្រវត្ដិសាស្ដ្ររបស់ខ្លួនឲ្យបានស៊ីជម្រៅ ហើយបើ ទាំងពលរដ្ឋ និង ថ្នាក់ដឹកនាំប្រទេសយល់មិនច្បាស់ពីប្រវត្ដិខ្លួននឹងមានផលអាក្រក់កើតឡើងដូចជាបូរណភាពទឹកដី កេរ្ដិ៍ឈ្មោះប្រទេស និង កិត្ដិយសជាតិ ជាដើមហើយ បើបាត់បង់ហើយគឺមិនងាយយកមកវិញបានទេ ពិសេសគឺបូរណភាពទឹកដីនេះតែម្ដង។
លោក ឯម សុវណ្ណារ៉ា៖«ទស្សនៈខ្ញុំពលរដ្ឋខ្មែរ និង មេដឹកនាំត្រូវរក្សាឲ្យបាន និងប្រកាន់ឲ្យបាននូវអ្វីដែលជា ទ្រព្យសម្បត្ដិជាតិ កេតនភណ្ឌជាតិ ហើយឲ្យមានការយល់ច្បាស់អំពីច្បាប់ជាតិ និង អន្ដរជាតិ ហើយត្រូវយល់ឲ្យច្បាស់ពីប្រវត្ដិសាស្ដ្ររបស់ខ្លួនឲ្យច្បាស់លាស់ ហើយត្រូវពង្រឹងសមត្ថភាពខ្លួនឯងខាងផ្នែក បញ្ញាញាណទាំង ផ្នែកកម្លាំង ទោះបីកម្លាំង យើងខ្សោយ តែបើយើងមាន បញ្ញាញាណ ខ្លាំង ក៏យើងអាចរក្សា ឬក៏បញ្ចៀសបាននូវការធ្វើខុសឆ្គងរបស់ជាតិយើងបានដែរ»។
ទាកទិន និងកំហុសប្រវត្ដិសាស្ដ្រនេះដែរ កាលពីកន្លងទៅវិទ្យុស្ដ្រីFM102 ក៏ធ្លាប់បានសុំការពន្យល់ពីសាស្ដ្រាចារ្យប្រវត្ដិសាស្ដ្រមួយរូបដែលបានសិក្សា ពីប្រវត្ដិសាស្ដ្រខ្មែរគឺ លោកសាស្ដ្រាចារ្យ សំបូរ ម៉ាណារ៉ា ដែលលោកបាន ពន្យល់និងបកស្រាយជាច្រើន នូវការចោទសួរ អំពីកត្តាអ្វីខ្លះនាំឱ្យមានកំហុសប្រវត្តិសាស្ត្រ ហើយមេដឹកនាំកម្រិតណាជាអ្នកធ្វើឱ្យមានកំហុសប្រវត្តិសាស្ត្រ។
លោកសាស្ត្រាចារ្យ ពន្យល់ថា បើមានកំហុសប្រវត្តិសាស្ត្រមែនគឺ ពិតជាគេត្រូវស្ដីបន្ទោស លើមេដឹកនាំកំពូល របស់ប្រទេស ហើយក្រោយមកគឺគេ ត្រូវស្ដីបន្ទោសទៀតទៅលើ អ្នកគាំទ្រ ឬគេហៅថា ជារចនាសម្ព័ន្ធ ថ្នាក់ក្រោម។
លោកបន្តថា មេដឹកនាំកំពូល ត្រូវមានសតិប្រាជ្ញាញាណ ខ្ពស់ ក្នុងការដឹកនាំប្រទេស ដោយធ្វើសេចក្ដីសម្រេចត្រូវមានការចូលរួម ជាមួយថ្នាក់ក្រោម គឺមេដឹកនាំនោះអាចជៀសផុត ពីការស្ដីបន្ទោសកំហុសប្រវត្តិសាស្ត្របាន។
យ៉ាងណាក៏ដោយ លោកទទូចឱ្យអ្នកជំនាន់នេះ ត្រូវចេះវិភាគ អំពីរឿងរ៉ាវអតីតកាល ឱ្យបានម៉ត់ចត់ ថាតើកំហុសអ្វីខ្លះដែលមិនត្រូវអនុវត្តតាមហើយ អ្វីខ្លះត្រូវ ចាត់ទុកថា ជាមេរៀនល្អក្នុងការដឹកនាំប្រទេស៕