en     km
en     km

អ្នកវិភាគ​៖​ កំហុស​ប្រវត្ដិសាស្ដ្រ​ កើត​ចេញពី​ការ​ធ្វើ​សេចក្ដីសម្រេច​ ដោយ​អត្តនោម័តិ​ របស់​មេដឹកនាំ​កំពូល​នៃ​ប្រទេស​មួយ

Share

​ភ្នំពេញ៖ ប្រវត្តិសាស្ដ្រ​គឺជា​កំណត់ហេតុ​ ដែល​កត់ត្រា​គ្រប់​រឿងរ៉ាវ​ នៃ​អតីតកាល​កន្លង​មក​ ដោយ​បាន​ហែល​ឆ្លងកាត់​ទាំង​ភាព​រុងរឿង​ រីក​ចម្រើន​ការ​ធ្លាក់​ចុះ​ ភាព​ជូរ​ចត់​ ទុក្ខវេទនា​សេចក្តី​និរាស​ព្រាត់ប្រាស់​ ដោយ​​សារ​សង្គ្រាម​ ស៊ី​វិល​សង្គ្រាម​ឈ្លានពាន​ពី​បរទេស​ វិបត្តិ​​សង្គម​ជាដើម​។​

9-10
កំហុស​ពី​សម័យ​មុន​សម័យ​ដូនតា​ បាន​ត្រឹមតែ​បន្សល់​ទុកជា​មេរៀន​ និង​ជា​គតិ​អប់រំ​ សម្រាប់​មនុស្ស​ ជំនាន់​ក្រោយ​ដែល​គួរ​ជៀសវាង​គន្លង​បែប​នេះ​។​

​ការ​ធ្វេសប្រហែស​ដែល​បាន​ធ្វើ​ឱ្យ​ជាតិ​សាសន៍​មួយ​បាត់បង់​អ្វីមួយ​ ជា​របស់​ខ្លួន​ទាំង​បូរណភាព​ទឹកដី​ ព្រៃ​កោះ​ គឺជា​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ សម្រាប់​កេ្ម​ង​ជំនាន់​ក្រោយ​។​ កំហុស​ដែល​បាន​សាង​មក​កប់​ទុក​ ក្នុង​ប្រវត្តិសាស្ដ្រ​ គឺជា​គុណវិបត្តិ​នៃ​ការ​ដឹកនាំ​។​

​ទាក់ទិន​នឹង​ប្រធានបទ​នេះ​វិទ្យុ​ស្រី្ត​FM102​ បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយនឹង​អ្នកវិភាគ​ដើម្បី​ស្វែង​យល់​ពីការ​យល់​ដឹង​ របស់​ពួក​គាត់​បន្ថែម​ទៀត​ថា​ តើ​មេដឹកនាំ​ត្រូវ​ទទួលខុសត្រូវ​កម្រិត​ណា​ ជូន​ប្រទេស​ជាតិ​ហើយ​មេដឹកនាំ​បែប​ណា​ដែល​ត្រូវ​បាន​កត់ត្រា​ក្នុង​កំហុស​ប្រវត្តិសាស្ដ្រ​។​

​អ្នកវិភាគ​ ២ ​រូបដែលវិភាគលើប្រធានបទនេះ គឺ​លោក​ ហេង​ ស្រ៊ា​ង​ សាស្ដ្រាចារ្យ​ទស្សនវិជ្ជា​  និង​ លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ដ្រាចារ្យ​ វិទ្យាសាស្ត្រ​ នយោបាយ​។​

​តើ​អ្នកវិភាគ​ទាំង​២​រូប​នេះ​ បកស្រាយ​យ៉ាងដូចម្ដេច​ដែរ​ សូម​ស្ដាប់​ បទ​វិភាគ​ដែល​រៀបចំ​ដោយ​ លោក​ លៀ​ ស៊ី​ណា​ ដូច​តទៅ​៖

 

​គេ​អាច​ចែក​ចេញ​ ពីរ​ចំនុច​ គឺ​ កំហុស​ ជា​ប្រវត្តិសាស្ត្រ​ និង​ កំហុស​ប្រវត្តិសាស្ត្រ​។​ ពាក្យ​ថា​ កំហុស​ជា​ប្រវត្តិសាស្ត្រ​ គេ​សំដៅ​ រឿងរ៉ាវ​ បច្ចុប្បន្ន​ ដែល​កើត​មាន​។​ ចំណែក​ កំហុស​ ប្រ​វ​តិ្ត​សាស្ត្រ​ គេ​សំដៅលើ​រឿង​រ៉ាង​កាលពី​អតីតកាល​។​

​សាស្ដ្រាចារ្យ​វិទ្យា​នយោបាយ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ កំហុស​ប្រវត្ដិសាស្ដ្រ​ គឺ​អាច​កើតឡើង​ដោយសារ​តែ​ការ​ដឹកនាំ​តាម​របៀប​ផ្ដាច់​ការ​ ដែល​មិន​ស្ដាប់​ការ​រិះគន់​របស់​មនុស្ស​ជុំវិញ​ខ្លួន​ នាំ​ឲ្យ​ប្រទេស​បាត់បង់​នូវ​ កេរ្ដិ៍ឈ្មោះ​ កិត្ដិយស​ បូរណភាព​ទឹកដី​ និង​ ធនធានធម្មជាតិ​ក្នុង​ប្រទេស​។​

9-11
​សាស្ដ្រាចារ្យ​ទស្សនៈវិជ្ជា​ លោក​ ហេង​ ស្រ៊ា​ង​ បាន​ពន្យល់​ថា​ កំហុស​ប្រវត្ដិសាស្ដ្រ​គឺជា​កំហុស​របស់​បុគ្គល​ណាមួយ​ ឥស្សរៈជន​ណាមួយ​ ដែល​ជា​អ្នកដឹកនាំ​ប្រទេស​ ហើយ​ប្រព្រឹត្ដ​ទ​ង្វើ​ដែល​ប៉ះពាល់​សង្គម​ធ្ងន់ធ្ងរ​ ហើយ​បុគ្គល​នោះ​ផ្ទាល់​គឺជា​អ្នក​ដែល​ត្រូវ​ទទួលខុស​ចំពោះ​ ការ​សម្រេចចិត្ដ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជួប​ប្រទះ​រឿង​វិនាសកម្ម​ផ្សេងៗ​។​ ប៉ុន្ដែ​លោក​ ថា​ ពលរដ្ឋ​ក៏​មាន​ចំណែក​ទទួលខុសត្រូវ​ពី​កំហុសឆ្គង​ របស់​មេដឹកនាំ​ដែល​ប្រព្រឹត្ដិ​ខុស​ដូច​គ្នា​ ប្រសិនជា​ពលរដ្ឋ​ផ្ដល់​ការ​គាំទ្រ​មេដឹកនាំ​ណាមួយ​ ហើយ​បាន​មើលឃើញ​ថា​ គឺ​មិន​ត្រឹមត្រូវ​ប៉ុន្ដែ​មិន​ព្រម​ហាមឃាត់​ ឬ​ពន្យល់​មេដឹកនាំ​នោះ​ឲ្យ​មានការ​កែប្រែ​។​

​តែ​យ៉ាងណា​ លោក​ពន្យល់​ទៀត​ថា​កំហុស​ប្រវត្ដិសាស្ដ្រ​កើតឡើង​ក្នុង​សង្គម​មួយ​បាន​ គឺ​ដោយសារ​ការ​ប្រើ​អំណាច​ផ្ដាច់​ការ​ ជ្រុលនិយម​ ប្រើ​អំណាច​តែ​ម្នាក់ឯង​ មិន​ស្ដាប់​ការ​រិះគន់​ ការ​ផ្ដល់​យោបល់​ពី​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​។​

​ លោក​ ហេង​ ស្រ៊ា​ង​៖«​អ្នកដឹកនាំ​ជំនាន់​ក្រោយៗ​ ត្រូវ​តែ​រៀន​ឲ្យ​ច្បាស់​ហើយ​ត្រូវ​ចង​ចាំ​ ឲ្យ​ច្បាស់​ថា​កំហុស​ប្រវត្ដិសាស្ដ្រ​ ច្រើន​តែ​ជា​កំហុស​របស់​បុគ្គល​ដែល​ផ្ដាច់​ការ​ កំហុស​របស់​បុគ្គល​ដែល​មានការ​សម្រេច​កិច្ចការ​តែ​ម្នាក់ឯង​ ដោយ​មិន​ស្ដាប់​អ្នក​ដទៃ​ដែល​មានគំនិត​ផ្ទុយ​ជាមួយ​ខ្លួន​ ហើយ​មានគំនិត​ផ្ដល់​ជា​យោបល់​ជាមួយ​ខ្លួន​ដើម្បី​មានការ​កែប្រែ​ជាដើម​»​។​

​ពាក្យ​ថា​កំហុស​ពលរដ្ឋ​គ្រប់​រូប​សុ​ទ​សឹងតែ​បាន​ ដឹង​ហើយ​ថា​ មាន​អត្ថន័យ​ដូច​ម្ដេច​ ហើយ​សំដៅលើ​អ្វី​ យ៉ាង​ប្រាកដ​។​ បើ​និយាយ​អំពី​ កំហុស​ប្រវត្ដិសាស្ដ្រ​ ពលរដ្ឋ​ពិត​ ជា​យល់​អត្ថន័យ​ដូច​គ្នា​ថា​ អាច​សំដៅ​ទៅ​លើ​កំហុសឆ្គង​ដែល​កើតឡើង​ ក្នុង​អតីតកាល​ ដោយ​ការ​ប្រព្រឹត្ដ​ខុស​ទៅ​លើ​អ្វីមួយ​យ៉ាងធ្ងន់ធ្ងរ​ លើ​ប្រទេស​ជាតិ​ លើ​សាសនា​ លើ​ផលប្រយោជន៍​ជាតិ​ផ្សេងៗ​។​

​តើ​លោក​សាស្ដ្រាចារ្យ​ ឯម​ សុ​វ​ណ្ណា​រ៉ា​ យល់​ឃើញ​ដូច​ម្ដេច​ដែរ​ចំពោះ​ពាក្យ​ថា​ «​កំហុស​ប្រវត្ដិសាស្ដ្រ​នេះ​»?

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ បង្ហាញ​ការ​យល់​ឃើញ​ថា​ កំហុស​ប្រវត្ដិសាស្ដ្រ​គឺ​វា​មានការ​ពាក់ព័ន្ធ​ ទៅ​លើ​បុគ្គល​មិន​ថា​តែ​ជា​អ្នកដឹកនាំ​ប្រទេស​នោះ​ទេ​ គឺ​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​តែ​អ្នក​នោះ​ធ្វើការ​ រាជការ​ ហើយ​បាន​ប្រព្រឹត្ដ​ទ​ង្វើ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ ដូច​ជា​កេរ្ដិ៍ឈ្មោះ​ កិត្ដិយស​ សាសនា​ បូរណភាព​ទឹកដី​ ដែល​ គេ​ហៅ​ជា​ជន​ក្បត់ជាតិ​។​

​លោក​បន្ថែម​ថា​ ពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​ស្វែង​យល់​ឲ្យ​ច្បាស់​ ព្រោះ​ពលរដ្ឋ​ជា​សមាជិក​សង្គម​ ជា​ម្ចាស់​អំណាច​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ហើយ​ប្រសិនជា​មេដឹកនាំ​ក្នុង​សម័យ​ណា​ប្រព្រឹត្ដ​ខុសឆ្គង​គឺ​គេ​ថា​ មេដឹកនាំ​នោះ​ជា​អ្នក​ទទួលខុសត្រូវ​ដំបូង​គេ​ បន្ទាប់​មក​គឺ​ប្រជាពលរដ្ឋ​ដែល​មិន​បាន​ស្វែង​យល់​សិទ្ធិ​ និង​ ប្រើប្រាស់​អំណាច​របស់​ខ្លួន​ក្នុង​ការ​កែតម្រូវ​មេដឹកនាំ​ក្នុង​យុគ្គសម័យ​របស់​ខ្លួន​។​

9-12
លើស​ពី​នេះ​ទៀត​ លោក​ពន្យល់​ថា​ ពលរដ្ឋ​ខ្មែរ​ អ្នកដឹកនាំ​គ្រប់​រូប​មិន​ថា​សម័យ​ណា​នោះ​ទេ​ ត្រូវ​តែ​សិក្សា​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន​ឲ្យ​បាន​ស៊ីជម្រៅ​ ហើយ​បើ​ ទាំង​ពលរដ្ឋ​ និង​ ថ្នាក់ដឹកនាំ​ប្រទេស​យល់​មិន​ច្បាស់​ពី​ប្រវត្ដិ​ខ្លួន​នឹង​មាន​ផល​អាក្រក់​កើតឡើង​ដូច​ជា​បូរណភាព​ទឹកដី​ កេរ្ដិ៍ឈ្មោះ​ប្រទេស​ និង​ កិត្ដិយស​ជាតិ​ ជាដើម​ហើយ​ បើ​បាត់បង់​ហើយ​គឺ​មិន​ងាយ​យក​មក​វិញ​បាន​ទេ​ ពិសេស​គឺ​បូរណភាព​ទឹកដី​នេះ​តែ​ម្ដង​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​ទស្សនៈ​ខ្ញុំ​ពលរដ្ឋ​ខ្មែរ​ និង​ មេដឹកនាំ​ត្រូវ​រក្សា​ឲ្យ​បាន​ និង​ប្រកាន់​ឲ្យ​បាន​នូវ​អ្វី​ដែល​ជា​ ទ្រព្យសម្បត្ដិ​ជាតិ​ កេតនភណ្ឌ​ជាតិ​ ហើយ​ឲ្យ​មានការ​យល់​ច្បាស់​អំពី​ច្បាប់​ជាតិ​ និង​ អន្ដរជាតិ​ ហើយ​ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់​ ហើយ​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួនឯង​ខាង​ផ្នែក​ បញ្ញាញាណ​ទាំង​ ផ្នែក​កម្លាំង​ ទោះបី​កម្លាំង​ យើង​ខ្សោយ​ តែបើ​យើង​មាន​ បញ្ញាញាណ​ ខ្លាំង​ ក៏​យើង​អាច​រក្សា​ ឬ​ក៏​បញ្ចៀស​បាន​នូវ​ការ​ធ្វើ​ខុសឆ្គង​របស់​ជាតិ​យើង​បាន​ដែរ​»​។​

​ទាកទិន​ និង​កំហុស​ប្រវត្ដិសាស្ដ្រ​នេះ​ដែរ​ កាលពី​កន្លង​ទៅ​វិទ្យុ​ស្ដ្រី​FM102​ ក៏​ធ្លាប់​បាន​សុំ​ការ​ពន្យល់​ពី​សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​មួយ​រូប​ដែល​បាន​សិក្សា​ ពី​ប្រវត្ដិសាស្ដ្រ​ខ្មែរ​គឺ​ លោក​សាស្ដ្រាចារ្យ​ សំបូរ​ ម៉ា​ណា​រ៉ា​ ដែល​លោក​បាន​ ពន្យល់​និង​បកស្រាយ​ជា​ច្រើន​ នូវ​ការ​ចោទសួរ​ អំពី​កត្តា​អ្វីខ្លះ​នាំ​ឱ្យ​មាន​កំហុស​ប្រវត្តិសាស្ត្រ​ ហើយ​មេដឹកនាំ​កម្រិត​ណា​ជា​អ្នក​ធ្វើ​ឱ្យ​មាន​កំហុស​ប្រវត្តិសាស្ត្រ​។​

​លោក​សាស្ត្រាចារ្យ​ ពន្យល់​ថា​ បើ​មាន​កំហុស​ប្រវត្តិសាស្ត្រ​មែន​គឺ​ ពិតជា​គេ​ត្រូវ​ស្ដីបន្ទោស​ លើ​មេដឹកនាំ​កំពូល​ របស់​ប្រទេស​ ហើយ​ក្រោយមក​គឺ​គេ​ ត្រូវ​ស្ដីបន្ទោស​ទៀត​ទៅ​លើ​ អ្នកគាំទ្រ​ ឬ​គេ​ហៅ​ថា​ ជា​រចនាសម្ព័ន្ធ​ ថ្នាក់​ក្រោម​។​
​លោក​បន្ត​ថា​ មេដឹកនាំ​កំពូល​ ត្រូវ​មាន​សតិ​ប្រាជ្ញាញាណ​ ខ្ពស់​ ក្នុង​ការ​ដឹកនាំ​ប្រទេស​ ដោយ​ធ្វើ​សេចក្ដីសម្រេច​ត្រូវ​មានការ​ចូលរួម​ ជាមួយ​ថ្នាក់​ក្រោម​ គឺ​មេដឹកនាំ​នោះ​អាច​ជៀស​ផុត​ ពី​ការ​ស្ដីបន្ទោស​កំហុស​ប្រវត្តិសាស្ត្រ​បាន​។​  

​យ៉ាងណា​ក៏​ដោយ​ លោក​ទទូច​ឱ្យ​អ្នក​ជំនាន់​នេះ​ ត្រូវ​ចេះ​វិភាគ​ អំពី​រឿងរ៉ាវ​អតីតកាល​ ឱ្យ​បាន​ម៉ត់ចត់​ ថា​តើ​កំហុស​អ្វីខ្លះ​ដែល​មិន​ត្រូវ​អនុវត្ត​តាម​ហើយ​ អ្វីខ្លះ​ត្រូវ​ ចាត់​ទុក​ថា​ ជា​មេរៀន​ល្អ​ក្នុង​ការ​ដឹកនាំ​ប្រទេស​៕

Share

Image
Image
Image