ប្រទេសកូរ៉េខាងជើង អះអាងថាខ្លួនទទួលបានជោគជ័យ ក្នុងការបំផ្ទុះសាកល្បង ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលជាការបាញ់សាកល្បងលើកទី៤ ក្នុងរយៈពេល៨ខែ។
បណ្ដាញផ្សាយព័ត៌មាន BBC នៅថ្ងៃសុក្រទី ០៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលបានស្រង់សម្តី មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើង ពិតជាបានបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរប្រាកដមែន។
មន្ត្រីរូបនេះបន្តថា ការបំផ្ទុះនេះនាំឲ្យកើតមានគ្រោះរញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័រនៃផ្ទៃសមុទ្រ។
កាលពីថ្ងៃពុធទី ៦ កញ្ញា ប្រទេសផ្ដាច់ការមួយនេះ ក៏បានបាញ់កាំជ្រួចចំនួន ៣ ដើមផងដែរ ដោយបាញ់ចូលដែនទឹកនៃប្រទេសជប៉ុន។ ការបាញ់នេះ ក៏ធ្វើឡើងជួនពេលមេដឹកនាំប្រទេសជឿនលឿន G-20 ប្រជុំគ្នានៅទីក្រុងប៉េកាំង។ ទាក់ទិនករណីនេះ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហ ប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំង។
ប្រទេសកូរ៉េខាងជើងត្រូវបានអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទសវត្សមកហើយ គឺដោយសារករណីនេះ៕ ប្រភព BBC