វិស្វករម្នាក់ធ្វើដំណើរកម្សាន្តតាមម៉ូតូកង់បី ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងថាមពលអគ្គិសនីពីប្រទេសឥណ្ឌាទៅចក្រភពអង់គ្លេស ត្រូវបានចោរប្លន់ម៉ូតូរបស់គាត់នៅក្នុងទឹកដីប្រទេសបារាំង។
បើតាមបណ្តាញផ្សាយព័ត៌មាន BBC អ្នកធ្វើដំណើរកម្សាន្តរូបនោះ បានធ្វើដំណើរដោយជិះម៉ូតូកង់បីដើរដោយថាមពលពន្លឺព្រះអាទិត្យ អស់រយៈពេល ៧ ខែមកហើយដោយឆ្លងកាត់ប្រទេសជាច្រើន។
លោក Naveen Rabelli ត្រូវបានចោរប្លន់នោះ បានលួចលិខិតឆ្លងដែន និង កាបូបលុយទៀតផង ខណៈលោកចូលបន្ទប់ទឹកនៅក្នុងតំបន់ Sarcelles នៃប្រទេសបារាំង។
ដំណើរកម្សាន្តតាមម៉ូតូកង់បីដើរដោយថាមពលព្រះអាទិត្យរបស់លោក Rabelli គឺដើម្បីព្យាយាមទាក់ទាញ ឲ្យមនុស្សចេះយកចិត្តទុកដាក់ទៅលើការប្រើប្រាស់ថាមពលកកើតឡើងវិញ។
លោកបានប្រាប់ BBC ថា៖ «ខ្ញុំបាននៅលើផ្លូវអស់រយៈពេលប្រាំពីរខែ មកហើយ ខ្ញុំសុបិននឹងបានទៅដល់ចក្រភពអង់គ្លេស។ វាពិតជាមិនល្អពេលបាត់បង់លិខិតឆ្លងដែនរបស់ខ្ញុំ និងលុយ1000 អឺរ៉ូ»។
លោក Rabelli ត្រូវបានអ្នកធ្វើដំណើរមិនស្គាល់គ្នា ជួយនាំលោកឆ្លងកាត់ប្រទេសអ៊ីរ៉ង់, តួកគី, ប្រទេសក្រិក, ប៊ុលហ្គារី, ស៊ែប៊ី, ប្រទេសអូទ្រីសអាល្លឺម៉ង់និងប្រទេសស្វីស។
លោក Rabelli អាយុ 35 ឆ្នាំ លោក មានសញ្ជាតិ អូស្ត្រាលី-ឥណ្ឌា។ លោក បានធ្វើការក្នុងក្រុមហ៊ុនផលិត រថយន្តអគ្គិសនី ឥណ្ឌាឈ្មោះ Mahindra Reva។
គាត់បានទិញម៉ូតូកង់បីតម្លៃ ១៥០០ដុល្លារ។ ម៉ូតូកង់បីនេះរត់បាន ល្បឿន 60km ក្នុងមួយម៉ោង។ វា បំពាក់ដោយថាមពលអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ។ រថយន្តនេះមានគ្រែមួយ និងចង្ក្រានថាមពលព្រះអាទិត្យ៕ ប្រភព BBC