ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅរសៀលម៉ោង ២ ថ្ងៃទី ០៩ ខែ កញ្ញានេះ ។
សវនាការ ជំនុំជម្រះក្ដីករណីលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង រយៈពេលមួយព្រឹកនេះ គឺករណីមិនចូលខ្លួនក្នុងសំណុំរឿង សញ្ចារកម្ម ទាក់ទិននឹងនាងខុម ចាន់តារាទី ហៅស្រីមុំ ដោយមេធាវីប្រាំរូប និងលោក កឹម សុខា មិនបានចូលខ្លួន ដើម្បីតតាំងក្ដីនៅតុលាការនេះទេ។
ចំណែកនៅក្រៅរបង សាលាដំបូងរាជធានីភ្នំពេញ កងកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ បានដាក់ពង្រាយជុំវិញសាលាដំបូងរាជធានីភ្នំពេញ ខណៈតុលាការបើកសវនាការ ករណី លោក កឹម សុខា។
នៅព្រឹកមិញនេះ សកម្មជនបក្សសង្គ្រោះជាតិម្នាក់គឺលោក អ៊ុំ ដារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពេលលោកកាន់ឧបករណ៍បំពងសំឡេង និងបដាស្រែកទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់លោក កឹម សុខា នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទបដិសេធ ក្នុងការ ចូលខ្លួន ក្នុងសំណុំរឿងនាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេសង្ស័យថា មានស្នេហា លួច លាក់ជាមួយ លោក កឹម សុខា។
យោងតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ បទបដិសេធក្នុងការចូលខ្លួននេះផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ៕