loader

សមត្ថកិច្ចពង្រាយ​ជុំវិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ស្រប​ពេល​ការ​ជំនុំ​ជម្រះក្ដី​លោក​ កឹ​ម​ សុខា​ ចាប់ផ្ដើម​

ភ្នំពេញ៖ ​សេចក្ដីរាយការណ៍​របស់​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ដ្រី​FM102​ បានឱ្យ​ដឹង​ថា​ សមត្ថកិច្ច​ បាន​ដាក់​ពង្រាយកងកំលាំង​ចម្រុះជុំវិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជា​ច្រើន​កំណាត់​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​ ០៩​ កញ្ញា​ នេះ​ ស្រប​ពេល​ដែល​តុលាការ​ បើ​សវនាការ​ ជំនុំ​ជម្រះក្ដី​ករណី​ លោក​ កឹ​ម​ សុខា​។​

9-1
​អ្នករាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា​ កម្លាំង​ចម្រុះ​ប្រដាប់​អាវុធ​ និង​ខែល​ ជា​ច្រើន​រយ​នាក់​បានពង្រាយ ជុំវិញ​សាលាដំបូង​រាជធានី​ភ្នំពេញតាំងពី​ព្រឹក​ព្រលឹម​ ដែល​ធ្វើ​អោយ​មានការ​រិះគន់​ ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ ដោយសារ​តែ​ការ​កកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​។​

​នៅ​ខណៈ​ដែល​ ខាងក្រៅ​តុលាការ​ ពរ​ពេញ​ ដោយ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ នៅ​ខាងក្នុង​បន្ទប់​ សវនាការ​ គឺ​ សំនុំរឿង​លោក​ កឹ​ម​ សុខា​ កំពុង​ចាប់ផ្ដើម​ ជំនុំ​ជម្រះក្ដី​ករណី​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​បក្ស​ប្រឆាំង​ ដែល​មិន​ចូលខ្លួន​ក្នុង​សំណុំរឿង​ សញ្ចារ​កម្ម​ ទាក់ទិន​នឹង​នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

​តែ​យ៉ាងនេះ​ក្ដី​ ទាំង​មេធាវី​ប្រាំ​រូប​ និង​លោក​ កឹ​ម​ សុខា​ មិន​បាន​ចូលខ្លួន​ ដើម្បី​តតាំង​ក្ដី​នៅ​តុលាការ​ ថ្ងៃនេះ​ទេ​។​ ក្រុម​មេធាវី​ទាំង​ប្រាំ​រូប​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​សម្រេច​ ពហិការ​ ហើយ​បាន​ប្ដឹង​ដិតចិត្ត​ដូរ​ ចៅក្រម​ ទៀត​ផង​។

​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ពលរដ្ឋ​ឡើង​មក​ការពារ​លោក​ កឹ​ម​ សុខា​

9-4
សេចក្ដីរាយការណ៍​ របស់​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ម្នាក់​ទៀត​ ដែល​ចុះ​ស្រង់​ព័ត៌មាន​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​បានឱ្យ​ដឹង​ថា​ សកម្មជន​ និង​អ្នកគាំទ្រ​ របស់​គណបក្សប្រឆាំង​មួយ​នេះ​ បាន​ឡើង​មក​បណ្ដើរៗ​ មក​កាន់​ស្នាក់​ការ​បក្ស​នេះ​ ដើម្បី​ការពារ​ និង​លើកទឹកចិត្ត​ លោក​ កឹ​ម​ សុខា​ អោយ​តស៊ូ​ ដើម្បី​យុត្ដិធម៌​ របស់​មេ​បក្ស​ប្រឆាំង​ល្បី​រូប​នេះ​។​

​តាម​ប្រភព​ ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​បាន​មក​ជួបជុំ​គ្នា​តាំងពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ ហើយ​នៅ​ព្រឹក​នេះ​ទៀត​ពួក​គេ​បាន​ឡើង​មក​បណ្ដើរៗ​ទៀត​។​

​ពលរដ្ឋ​ទាំងនោះ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ពួក​គេ​មក​ទី​នេះ​ គឺ​ ដើម្បី​ផ្ដល់​យុត្ដិធម៌​អោយ​ លោក​ កឹ​ម​ សុខា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ពួក​គាត់​ថា​ រង​អំពើ​អយុត្ដិធម៌​យ៉ាង​ខ្លាំង​។​

​យ៉ាងណា​ក៏​ដោយ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ មុន​នេះ​បន្តិច​ថា​ លោក​ កឹ​ម​ សុខា​ នៅ​ម៉ោង​៩​ព្រឹក​នេះ​ នឹង​ថ្លែង​សុរ​ន្ទ​កថា​ ទៅ​កាន់​អ្នកគាំទ្រ​លោក​ ជា​អ្វី​ដែល​គេ​ មើលឃើញ​ថា​ មេ​បក្ស​ប្រឆាំង​មានរឿង​អាស្រូវ​រូប​នេះ​ ប្ដេជ្ញា​ដើម្បី​យុត្ដិធម៌​ខ្លួនឯង​ផង​ និង​ដើម្បី​គណបក្ស​ខ្លួនឯង​ផង​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ បក្ស​ប្រឆាំង​ធំ​នេះ​ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ប្ដេជ្ញា​តស៊ូ​ រហូត​ដល់​ មានការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ អោយ​មាន​អ​ព្យា​ក្រឹត្យ​ឯករាជ្យ​ ហើយ​ដោះ​លែង​ សកម្មជន​របស់​ខ្លួន​ចេញពី​ពន្ធនាគារ​មក​វិញ​។​

​លោក​ សម​ រ​ង្ស៊ី​ និយាយ​ពី​តារាភាពយន្ដ​ ពិសិដ្ឋ​ពិ​លិ​កា​ដោយ​ភ្ជាប់​គ្រួសារ​មេដឹកនាំ​កាន់​អំណាច​នៅ​កម្ពុជា​

លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ
លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ

​លោក​ សម​ រ​ង្ស៊ី​ ជា​មេ​បក្ស​ប្រឆាំង​ កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​រិះគន់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ដោយ​ភ្ជាប់​ករណី​ឃាតកម្ម​ លើ​តារាភាពយន្ដ​ អ្នកស្រី​ ពិសិដ្ឋ​ ពិ​លិ​កា​ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ កណ្ដាលថ្ងៃត្រង់​ នៅ​ឆ្នាំ​១៩៩៩​។

​លោក​ សម​ រ​ង្ស៊ី​ បាន​បញ្ចេញ​ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ កំណត់ហេតុ​របស់​អ្នកស្រី​ពិសិដ្ឋ​ ពិ​លិ​កា​ រឿងរ៉ាវ​មួយ​ចំនួន​ ទាក់ទង​នឹង​អ្វី​ដែល​គេ​ហៅ​ថា​ រឿង​ស្នេហា​ជាមួយ​មេដឹកនាំ​ (​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​)​ ។​

​តែ​យ៉ាងនេះ​ក្ដី​ បក្ស​កាន់​អំណាច​នៅ​តែ​វាយប្រហារ​ទៅ​លើ​មេ​បក្ស​ប្រឆាំង​វិញ​ថា​ ព្យាយាម​រករឿង​អតីតកាល​យូរអង្វែង​ មក​កកូរ​ ស្ថានការណ៍​ដោយ​អះអាងថា​រឿង​ទាំងនេះ​ តុលាការ​មិន​បាន​ បោះបង់​ចោល​នីតិវិធី​របស់​ខ្លួន​នោះ​ទេ​។​

​អ្វី​ដែល​នាំ​អោយ​លោក​ សម​ រ​ង្ស៊ី​ បញ្ចេញ​ឯកសារ​បែប​នេះ​ ត្រូវ​បាន​មើលឃើញ​ថា​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ព្យាយាម​ទាញ​រឿង​អតីតកាល​ បូក​បញ្ចូល​រឿង​បច្ចុប្បន្នកាល​របស់​លោក​ កឹ​ម​  សុខា​ រឿង​ស្នេហា​ជាមួយនឹង​ស្ដ្រី​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

​ករណី​ទាំងនេះ​ អ្នកវិភាគ​មួយ​ចំនួន​ពិនិត្យ​ឃើញ​ថា​ រឿងរ៉ាវ​របស់​អ្នកនយោបាយ​កម្ពុជា​ នឹង​មិន​អាច​បញ្ចប់​បាន​ឡើយ​ បើ​អ្នកនយោបាយ​ទាំងនោះ​មិន​ស្វែងរក​ការ​ឯកភាព​ជាតិ​ ហើយ​មិន​បញ្ឈប់​ការ​ប្រកួត​គ្នា​ដែល​គ្មាន​សមភាព​ និង​យុត្ដិធម៌​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x