ភ្នំពេញ៖ អ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោកស្រី មួរ សុខហួរ នៅថ្ងៃព្រហ្បត្ដិ ទី ០៨ កញ្ញា នេះបានថ្លែងនៅខាងមុខទីស្នាក់ការគណបក្សថា បក្សប្រឆាំងបានទទួលលិខិតមួយ ដែលលិខិតនោះជារបស់លោក អេដ រ៉យ ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាសហរដ្ឋអាមេរិក សរសេរជូនទៅ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលមានអត្ថន័យថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិជ្រើសរើសមេដឹកនាំរបស់ខ្លួន។
លោកស្រីថា តាមរយៈលិខិតនេះតំណាងរាស្ត្រអាមេរិក បានទទូចឲ្យគណបក្សកាន់អំណាច ទម្លាក់ចោលបទចោទទាំងប៉ុន្មានលើលោក កឹម សុខា ដែលលោក អេដ រ៉យ មើលឃើញថា គឺជារឿងនយោបាយ។
ប៉ុន្ដែគណបក្សកាន់អំណាចយល់ថា ការលើកឡើងនេះគឺផ្ទុយពីការពិតទាំងស្រុង ហើយជាការយល់ឃើញដោយលំអៀងទៅរកបក្សប្រឆាំង។ លោក លៀ ស៊ីណា រាយការណ៍ ៖
លោកស្រី មួរ សុខហួរ អ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ បានថ្លែងដូចនេះទៅកាន់វេទិកា អ្នកគាំទ្រ របស់បក្សប្រឆាំង ដែលមកជួបជុំគ្នានៅស្នាក់ការកណ្ដាល នៅសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃព្រស្បតិ្តទី ០៨ កញ្ញា។
តំណាងរាស្ដ្របក្សប្រឆាំងរូបនេះបន្ដថា កាលពីថ្ងៃទី ០៧ ខែ កញ្ញា ម្សិលមិញ លោក អេដ រ៉យ បានសរសេរលិខិត ជូនទៅ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបញ្ជាក់អត្ថន័យថា ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣ លោក បានទទួលរបាយការណ៍ ជាបន្ដបន្ទាប់ស្ដីពី ការំលោភសិទ្ធិមនុស្ស ការរំលោភសិទ្ធិ អ្នកនយោបាយ ការចាប់ចង និង ហិង្សា វាយដំ លើអ្នកតំណាងរាស្ដ្រ ជាដើម។
បន្ថែមលើនេះលោកស្រីថាលោក អេដ រ៉យ ថាគណបក្សប្រជាជនកម្ពុជា នៅតែបន្ដយាយី ថ្នាក់ដឹកនាំបក្សប្រឆាំងដូចជាលោក សម រង្ស៊ី ហើយមិនតែប៉ុណ្ណោះក៏បានយាយីលើលោក កឹម សុខា ថែមទៀតផង ដែលលោកថាទង្វើនេះគឺជាការធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតស្របច្បាប់។
បើតាមការថ្លែងរបស់លោកស្រី មួរ សុខហួរ លោក អេដ រ៉យ ថា ទង្វើរបស់តុលាការកាត់ទោសលោក កឹម សុខា គឺជារឿងនយោបាយ ដែលមិនអាចទទួលយកបាន ហើយគណបក្សកាន់អំណាចត្រូវទម្លាក់ចោល បទចោទលើ លោក កឹម សុខា ទាំងស្រុង។
លោកស្រី មួរ សុខហួរ៖«គណបក្សប្រជាជនកម្ពុជា តែងតែនិយាយថាលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា ដើររលូនហើយ ហើយគណបក្សនេះតែងតែថា ធានាការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិសេរីភាព ពលរដ្ឋខ្មែរ ហើយតែងតែនិយាយថា ករណីនៅតុលាការទាំងប៉ុន្មាន ករណីបុគ្គល ប៉ុន្ដែផ្ទុយទៅវិញទាំងអន្ដរជាតិ ទាំងអ្នកសង្កេតការណ៍តំបន់ យល់ឃើញថាគឺផ្ទុយពីការអះអាងរបស់គណបក្សកាន់អំណាចបច្ចុប្បន្ន »។
ទន្ទឹមនឹងនេះ ដែរគណបក្សសង្គ្រោះជាតិក៏បានចេញសេចក្ដីថ្លែងការណ៍ មួយដោយទាមទារឲ្យ បញ្ឈប់ការជំនុំជម្រះក្ដី ទៅលើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលគ្រោងធ្វើនៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ ដោយបក្សប្រឆាំងនេះថាជាទង្វើខុសច្បាប់ បំពាននីតិវិធីច្បាប់ និងរំលោភលើគោលការណ៍រដ្ឋធម្មនុញ្ញ ស្ដីពីអភ័យឯកសិទ្ធិសភា។
ជុំវិញលិខិតរបស់លោក អេដ រ៉យ ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាសហរដ្ឋអាមេរិក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ បានផ្ដល់បទសម្ភាសន៍
មកកាន់វិទ្យុស្ដ្រីនៅថ្ងៃទី ០៨ កញ្ញា នេះថា ការចោទប្រកាន់នេះគឺជា ការលាបពណ៍ លើគណបក្សកាន់អំណាច ព្រោះបរទេស ទាំងនោះសុទ្ធសឹងតែជាក្រុមតែមួយ ជាមួយបក្សប្រឆាំង។
អ្នកនាំពាក្យបក្សកាន់អំណាចបន្ដថា រឿងកិច្ចការផ្ទៃក្នុងកម្ពុជាគឺបរទេសគ្មានសិទ្ធិដើម្បីចូលមកលូកដៃបានឡើយ ។
លោក សុខ ឥសាន្ដ៖ «អាហ្នឹងវាគ្មានរឿងអីប្លែកទេ ហើយថ្មីៗនេះ ប្រែត អាដាម ក៏បាននិយាយដែរថា មានការគៀបសង្កត់ការរំលោភសិទ្ធិមនុស្ស ឲ្យមានការបោះបង់ ប៉ុន្ដែហ្នឹងជារឿង នីតិវិធី របស់តុលាការតើ យើងមានលក្ខណៈអីទៅជ្រៀតជ្រែកចូលកិច្ចការ របស់តុលាការ»។
សូមជម្រាបថាសមាជិក សភាអាមេរិក រូបនេះគឺជាអ្នកផ្ដូចផ្ដើម ឲ្យមានដំណោះស្រាយលេខ ២២៨ ដែលជាសេចក្ដីសម្រេចមួយថ្កោលទោស ការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ហើយដំណោះស្រាយនេះត្រូវគេរំពឹងថា សភាអាមេរិក នឹង ពិនិត្យអនុម័តឆាប់ៗនេះ៕