en     km
en     km

​អ្នកវិភាគ​៖​ ចិន​សរសើរ​ និង​ចាត់​ទុក​កម្ពុជា​ ជា​បងប្អូន​ តែ​ក៏​ធ្វើ​ឱ្យ​ការទូត​កម្ពុជា​ អាម៉ាស់​លើ​អន្តរជាតិ​ដែរ​

Share

នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ កម្ពុជា​ត្រូវ​បាន​មើលឃើញ​ថា​មាន​ភាព​កាន់តែ​ស្និទ្ធ​ ជាមួយនឹង​ប្រទេស​ចិន​។​ ភាព​ស្និទ្ធស្នាល​នេះ​បាន​នាំ​ឱ្យ​មានការ​ចោទសួរ​ជា​ច្រើន​ជុំវិញ​ ភាព​អ​ព្យា​ក្រិត​នៃ​មុខមាត់​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ​។​

hunsen-china2
អ្នកវិភាគ​ដែល​វិទ្យុ​ស្ដ្រី​FM102​ បាន​សាកសួរ​ពួក​គាត់​ យល់​ឃើញ​ថា​ មិត្ដភាព​ជា​ប្រវត្ដិសាស្ដ្រ​ រវាង​កម្ពុជា​ និង​ចិន​ពិតជា​នាំ​មក​នូវ​ការ​ជោគជ័យ​ ពិតប្រាកដ​មែន​ចំពោះ​ការ​អភិវឌ្ឍ​ ប្រទេស​ជាតិ​ ប៉ុន្ដែ​ ក៏​ជា​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត​ដែរ​។​

​ពួក​គាត់​ថា​ ចិន​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ ដែល​បាន​ផ្ដល់​ប្រាក់​កម្ចី​មក​ឲ្យ​ប្រទេស​កម្ពុជា​ ច្រើន​សន្ធឹកសន្ធាប់​ ក៏​អាច​នាំ​ឲ្យ​កម្ពុជា​ឃ្លាតឆ្ងាយ​ ទំនាក់ទំនង​ការទូត​នៅ​លើ​ឆាក​អន្ដរជាតិ​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​ ការ​អា​មាស់​ផ្នែក​ការទូត​។​ តែ​មន្ត្រី​បក្ស​កាន់​អំណាច​ ចាត់​ទុក​ការ​វិភាគ​របស់​អ្នកវិភាគ​ លំអៀង​ទៅ​រក​បក្ស​ប្រឆាំង​ ហើយ​មិន​ឈរ​លើ​គោលការណ៍​ យុត្តិធម៌​។​ កញ្ញា​ ឆេ​ង​ ណា​ ជូន​ការ​វិភាគ​ជូន​លោក​អ្នក​ ដូច​តទៅ​៖


ចិន​ និង​កម្ពុជា​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​គ្នា​យ៉ាង​ជិត​ស្និត​។​ នៅ​លើ​ឆាក​អន្តរជាតិ​ គេ​តែងតែ​លឺ​ចិន​ លើក​សរសើរ​កម្ពុជា​។​ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ ក្នុង​តំបន់​អាស៊ី​មួយ​នេះ​ ក៏​តែងតែ​ផ្តល់​ជំនួយ​មក​ដល់​កម្ពុជា​ផង​ដែរ​ តាម​រយៈ​ការ​ជួយ​សាងសង់​ស្ពាន​ ថ្នល់​ និង​អាគារ​ផ្សេងៗ​ ហើយ​ជំនួយ​ទាំងនោះ​ទៀត​សោត​ មិន​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​កម្ពុជា​ ដូច​ប្រទេស​មហាអំណាច​ផ្សេងៗ​ទៀត​ ដែល​ទាមទារ​ឱ្យ​កម្ពុជា​ ត្រូវ​គោរព​សិទ្ធិ​មនុស្ស​ ពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ​។​

មិត្តភាព​ កម្ពុជា​-​ចិន​ គឺជា​ប្រវត្តិសាស្ត្រ​ ដែល​មាន​ឡើង​តាំងពី​អតីតកាល​ ជា​ពិសេស​ សម័យ​ សង្គមរាស្ត្រនិយម​ និង​បច្ចុប្បន្ន​នេះ​។​ មិត្តភាព​ ដ៏​គួរ​ចំលែក​មួយទៀត​នោះ​ គឺ​សូ​ម្បី​សម័យ​ខ្មែរក្រហម​ ដែល​ជា​របប​ប្រល័យពូជសាសន៍​ ក៏​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​មួយ​នេះ​ មាន​ទំនាក់ទំនង​ល្អ​ផូរផង់​ជាមួយ​ដែរ​។​

​តើ​មិត្តភាព​នេះ​នាំ​ឱ្យ​កម្ពុជា​មានមុខមាត់​លើ​ឆាក​អន្តរជាតិ​ដែរ​ឬទេ​?​

​អ្នកវិភាគ​មើលឃើញ​ថា​ បើ​ទោះជា​ចិន​លើក​ សរសើរ​កម្ពុជា​ បង្កើន​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ និង​ចាត់​ទុក​កម្ពុជា​ជា​បងប្អូន​ តែ​ផ្ទុយ​ទៅ​វិញ​ចិន​មិន​បាន​ស្មោះត្រង់​ ជាមួយ​កម្ពុជា​នោះ​ទេ​ ថែម​ទាំង​នាំ​កម្ពុជា​ ឱ្យ​កាន់តែ​ពិបាក​ថែម​ទៀត​ ជា​ពិសេស​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​លោក​ខាងលិច​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​គោលនយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្តរជាតិ​ ពិនិត្យ​ឃើញ​ថា​ ប្រទេស​នៅ​លើ​ពិភពលោក​ មាន​ប្រទេស​មិន​តិច​ទេ​ ដែល​មាន​ជំហរ​គាំទ្រ​ចិន​ ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ជា​ច្រើន​ ចិន​មិន​ដែល​លើក​ឡើង​ពី​ប្រទេស​ដ៏​ទៃ​នោះ​ទេ​ បែរជា​លើក​ឡើង​តែ​ពី​កម្ពុជា​ប៉ុណ្ណោះ​ ព្រោះតែ​មាន​ផលប្រយោជន៍​ជា​ច្រើន​ ជា​ពិសេស​ករណី​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក​បន្ត​ថា​ ការ​លើកយក​តែ​កម្ពុជា​តែ​ម្នាក់ឯង​ កោតសរសើរ​ លើ​ឆាក​អន្តរជាតិ​នេះ​ហើយ​  ដែល​ធ្វើ​ឱ្យ​នយោបាយ​មិន​ស្មោះត្រង់​ ហើយ​ព្យាយាម​អូស​ទាញ​កម្ពុជា​ទៅ​ភ្ជាប់​ជាមួយ​ខ្លួនឯង​ ដែល​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ស្ថានភាព​ មិន​មានមុខមាត់​លើ​ឆាក​អន្តរជាតិ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ៖«​តាម​ប្រវត្តិសាស្ត្រ​នយោបាយ​ កន្លង​មក​ តាំងពី​ទស្ស​វត្ស​៦០​ នាយក​រដ្ឋមន្ត្រី​ចិន​ ជូ​ អែន​ឡាយ​ បាន​និយាយ​ចិន​ មិន​ដែល​ក្បត់​មិត្តភក្តិ​ចិន​ខ្លួនឯង​នោះ​ទេ​ ប៉ុន្តែ​ជាក់ស្តែង​ ចិន​ធ្លាប់​បាន​ក្បត់​កម្ពុជា​»​។​

​បែប​នេះ​ក្តី​ លោក​ថាបើ​ទោះជា​ ចិន​មិន​ស្មោះត្រង់​ជាមួយ​កម្ពុជា​ក៏​ដោយ​ ប៉ុន្តែ​កម្ពុជា​ចាំបាច់​ត្រូវការ​ចិន​ ទាំង​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ សេដ្ឋកិច្ច​ និង​កា​រវិ​វ​ត្តិ​នយោបាយ​ ទៅ​ថ្ងៃ​អនាគត​។

(ពីឆ្វេង) សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង នាយករដ្ឋមន្រ្ដីចិន លោក Li Keqiang
(ពីឆ្វេង) សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង នាយករដ្ឋមន្រ្ដីចិន លោក Li Keqiang

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​រាប់អាន​ឱ្យ​ស្មើគ្នា​ កុំ​បង្ហាញ​លក្ខណៈ​ណាមួយ​ ថា​យើង​ទៅ​អោប​ទៅ​រិ​តទៅ​ ជ្រក​ទៅ​កោន​ជាមួយ​ហ្នឹង​ បណ្តា​ប្រទេស​មហាអំណាច​ ណាមួយ​។​ ទី​១​ ខ្ញុំ​មើលទៅ​ស្ថាន​នយោបាយ​ការ​បរទេស​ ក្នុង​តំបន់​គឺ​កាន់តែ​ក្តៅ​ទៅ​ ដូច្នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​របស់​យើង​ត្រូវ​កំណត់​នូវ​បន្ទាត់​ក្រហម​មួយ​។​ បន្ទាត់​ក្រហម​មួយ​ហ្នឹង​គឺ​កំណត់​រវាង​ក​ម្ព​ជា​ ជាមួយនឹង​ចិន​។​ អ្វី​ទៅ​ជា​បន្ទាត់​ក្រហម​?​ រាប់អាន​ចិន​ត្រូវការ​ចិន​ ប៉ុន្តែ​គួរ​មាន​គោលដៅ​ និង​ការ​កំណត់​ច្បាស់លាស់​ថា​ តើ​រឿង​ណា​ដែល​យើង​គាំទ្រ​ចិន​ ហើយ​យើង​គាំទ្រ​កំរិត​ ហើយ​រឿង​ណា​ដែល​យើង​មិន​គួរ​គាំទ្រ​ចិន​»​។​

​ដោយសារ​តែ​ កម្ពុជា​ ទទួល​បាន​ជំនួយ​ច្រើន​ពី​ចិន​ ហើយ​ចិន​ក៏​មិន​ដែល​ដាក់​លក្ខខណ្ឌ​ឱ្យ​កម្ពុជា​ គោរព​សិទ្ធិ​មនុស្ស​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ ខ្លួនឯង​ភ្លេច​ កសាង​កេរ្តិ៍ឈ្មោះ​ នៅ​លើ​ឆាក​អន្តរជាតិ​ ហើយ​កម្ពុជា​ ក៏​មិនសូវ​ខ្វល់​ពី​បញ្ហា​ ការ​គោរព​សិទ្ធ​មនុស្ស​ និង​ លិ​ទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ​។​ ចំណុច​ទាំងនេះ​ហើយ​ គេ​តែងតែ​ឃើញ​អន្តរជាតិ​ ជា​ពិសេស​ អង្គការសហប្រជាជាតិ​ សហភាព​អឺរ៉ុប​ និង​ សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ ដាស់តឿន​កម្ពុជា​ឱ្យ​ ពិនិត្យ​មើល​បញ្ហា​នេះ​ឡើង​វិញ​។​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ មើលឃើញ​ថា​ ដោយសារ​តែ​ការ​គោរព​ សិទ្ធិ​មនុស្ស​ និង​ សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ របស់​ប្រជាពលរដ្ឋ​ ធ្លាក់​ចុះ​កាន់តែ​អាក​ក្រក់​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ បាក់មុខ​មាត់​នៅ​លើ​ ឆាក​អន្តរជាតិ​។​

​លោក​គិត​ថា​ បើ​កម្ពុជា​ចង់​មានកេរ្តិ៍ឈ្មោះ​ល្អ​លើ​ឆាក​អន្តរជាតិ​ រដ្ឋាភិបាល​កម្ពុជា​ គួរតែ​ពិនិត្យ​មើល​ និង​កែទម្រង់​ឡើង​វិញ​។​

​លោក​ សូ​ ច​ន្ថា​៖«ប៉ុន្តែយើងមើលទៅសម្រាប់រដ្ឋាភិបាលហាក់ដូចជាមិនសូវខ្វល់ចាប់ឬក៏ចាប់អារម្មណ៍រឿងនេះទេ ដោយសារតែយើងឃើញថាអ្វីដែលរដ្ឋាភិបាល កំពុងតែធ្វើសព្វថ្ងៃលោកតែងលើកឡើងពីនិតិរដ្ឋពីការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែស្តង់ដាររបស់កម្ពុជាទៅវិញ»

​បែប​នេះ​ក្តី​ទាំង​លោក​ សូ​ ច​ន្ថា​ និង​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អះអាង​ថា​ កម្ពុជា​មិន​អាច​ខ្លះ​ចិន​បាន​នោះ​ទេ​។​

​យ៉ាងណា​ក៏​ដោយ​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​ គណបក្សកាន់អំណាច​ មិន​ទទួលយក​ការ​បកស្រាយ​ របស់​អ្នកវិភាគ​នោះ​ទេ​។​ លោក​ថា​ អ្នកវិភាគ​ទាំងនេះ​ មិន​ស្គាល់​ពី​អ្វី​ហៅ​ថា​ មិត្តភាព​ និង​ សហប្រតិបត្តិការ​ ជាមួយ​ប្រទេស​ចិន​។​

​លោក​ សុខ​ ឥ​សាន​៖«​អា​រំលោភសិទ្ធិ​មនុស្ស​អាហ្នឹង​គាត់​ថា​ទេ​ ហើយ​ជាក់ស្តែង​មិន​មាន​ករណី​ហ្នឹង​ទេ​ ហើយ​ មិនមែន​ជំនួយ​ចិន​ យក​មក​រំលោភសិទ្ធិ​មនុស្ស​ទេ​ គឺ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​។​ មិនមែន​ឱ្យ​ជំនួយ​ដើម្បី​រំលោភសិទ្ធិ​មនុស្ស​ណា​ ក៏​ប៉ុន្តែ​រាល់​ថ្ងៃនេះ​យើង​ឃើញ​ហើយពី​ណាខ្លះ​ ចាកចោល​ចិន​ ចិន​ហ្នឹង​គឺថា​ក្រោម​សម្ពាធ​ គាបសង្កត់​ រំលោភសិទ្ធិ​មនុស្ស​ដូច​ជា​ពួក​ រ៉ូ​ហ៊ីង​យ៉ា​អី​ ក៏​ប៉ុន្តែ​ធ្វើ​អី​ចិន​កើត​អា​លូវ​ហ្នឹង​ ទីបំផុត​ចិន​ទៅ​ជា​មហាអំណាច​ សេដ្ឋកិច្ច​ទី​មួយ​ លើស​ អា​មេ​រិច​ទៅ​ទៀត​ ឥលូវ​ហ្នឹង​អា​មេ​រិ​ក​ចោល​ចិន​មិច​បាន​ ទី​អោបដៃ​ អោប​ជើង​ចិន​»​។​

​ប៉ុន្តែ​អ្នកវិភាគ​ទាំង​ពីរ​លើក​ឡើង​ថា​ កម្ពុជា​គួរតែ​ប្រើ​នយោបាយ​ឆ្លាត​វៃ​ ដែល​ធ្វើ​យ៉ាងណា​ ឱ្យ​ទំនាក់ទំនង​ទាំង​ក្នុង​តំបន់​ និង​នៅ​លើ​ឆាក​អន្តរជាតិ​ មាន​តុល្យភាព​រវាង​គ្នា​ និង​គ្នា​ ដោយ​មិន​ចាប់​យក​ចិន​តែ​មួយ​ប៉ុណ្ណោះ​ទេ​។​

​អ្នកវិភាគ​ បន្ត​ថា​ បើ​ទោះជា​កម្ពុជា​ ត្រូវការ​ចិន​យ៉ាងណា​ក៏​ដោយ​ ប៉ុន្តែ​នៅ​ក្នុង​វិស័យ​នយោបាយ​ ការ​បរទេស​ គឺ​កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​មួយ​គឺ​មិត្តភាព​ ស្មើមុខស្មើមាត់​៕

Share

Image
Image
Image