ភ្នំពេញ៖ អង្គការទស្សនៈពិភពលោករកឃើញថា សិស្សតូចៗ ៩៤% ព្យាយាមអានសៀវភៅ ដោយសារឪពុកម្ដាយលើកទឹកចិត្ត ហើយចំនួន៧៤.៤% ទៀត ត្រូវបានសមាជិកគ្រួសារអានសៀវភៅអោយស្ដាប់។
ការស្ទង់មតិមួយរបស់អង្គការទស្សនៈពិភពលោក បានរកឃើញថា សិស្សស្ទើរតែទាំងអស់(៩៤%) មានសមាជិកគ្រួសារដែល តែងតែលើកទឹកចិត្ត អោយអានសៀវភៅ កាលពីនៅតូច ច្រើនជាងកុមារដែលមានសមាជិកគ្រួសារ អានសៀវភៅឲ្យពួកគេស្ដាប់។
នេះបើតាមការស្ទង់មតិ ដែលអង្គការទស្សនៈពិភពលោកបានធ្វើការសម្ភាសន៍សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី៦ ចំនួន៥០៧នាក់ ដែលក្នុងនោះមានសិស្សស្រី២៦១នាក់ និងសិស្សប្រុស២៤៦នាក់ នៅ៣៩សាលារៀនទូទាំង៩ខេត្ត ក្នុងប្រទេសកម្ពុជាដែល អង្គការទស្សនៈពិភពលោក កំពុងប្រតិបត្តិការ។
តាមសេចក្ដីថ្លែងការណ៍ដដែលនោះក៏បានបង្ហាញទៀតថា ការអានឲ្យកុមារស្ដាប់នៅវ័យកុមារភាព និងការលើកទឹកចិត្តឲ្យកុមារអាននៅវ័យកុមារភាព នាំឲ្យសិស្សកាន់តែអានញឹកញាប់ និងកាន់តែចូលចិត្ត អាន។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី បទពិសោធន៍ល្អទាំងនេះតែងតែត្រូវបានបន្ទុចបង្អាក់ ដោយសារនៅ តាមផ្ទះមិនមានធនធានអំណានសម្បូរបែប។
អង្គការមួយនេះរកឃើញទៀតថា ដើម្បីបង្កើនអក្ខរកម្មរបស់កុមារ ក្រសួងអប់រំយុវជន និងកីឡាត្រូវធានាថា សាលារៀនអនុលោមតាមស្ដង់ដារបណ្ណាល័យរបស់រាជរដ្ឋាភិបាល ហើយធានាថារចនាសម្ព័ន្ធ ថ្នាក់ក្រោមជាតិ ធ្វើការត្រួតពិនិត្យតាមដានសេវាបណ្ណាល័យ ជាទៀងទាត់ និងផ្ដល់ការគាំទ្រដល់ សាលារៀនឲ្យសម្រេចបានតាមស្ដង់ដារបស់ក្រសួង។
របាយការណ៍របស់អង្គការទស្សនៈពិភពលោក ស្ដីពី ការវិនិយោគលើធនធានអំណាន ដើម្បីបង្កើនជំនាញអក្ខរកម្ម របស់កុមារក្នុងប្រទេសកម្ពុជានេះ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី ០៨ កញ្ញា ចំពេល កម្ពុជាប្រារព្វទិវា អក្ខរកម្មជាតិ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ៕