អត្ថបទជំនួយស្មារតីសម្រាប់អ្នកសារព័តមាន
ក្រុងកំពង់សោម៖ វគ្កបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពចរាចរណ៍ដល់ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមន្ត្រីដែលបានអញ្ជើញមកពីមន្ទីរនានាជុំវិញខេត្តព្រះសីហនុ សរុបចំនួន៣០រូប ត្រូវបានធ្វើនៅសាលប្រជុំនៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ចាប់ពីថ្ងៃទី ៨ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០១៦។
មានវត្តមានជាគណអធិបតីក្នុងពិធីបើកវគ្គនាំព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦នេះ មាន លោក យ៉ូវ ខេមរា អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ លោក ខឹម សុផល ប្រធានគម្រោងសុវត្ថិភាពចរាចរណ៍ កាកបាទក្រហមកម្ពុជា លោក មាស ចាន់ឌី តំណាងអង្គការ IARD ព្រមទាំងមន្ដ្រីកាកបាទក្រហមកម្ពុជា និងតំណាងមន្ទីរនានាជុំវិញខេត្ត និងអ្នកយកព័តមានជាច្រើនរូបទៀត ដែលញ៉ាំងពិធីនេះឲ្យនេះមានសភាពអធិកអធមគួរជាទីចាប់អារម្មណ៍។ មានប្រសាសន៍ក្នុងពេលនោះ លោក យ៉ូវ ខេមរា បានថ្លែងរៀបរាប់ពីផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលបានយាយីដល់សេចក្ដីសុខរបស់ប្រជាពលរដ្ឋ ការខាតបង់ដល់ធនធានមនុស្សដ៏ធ្ងន់ធ្ងរដែលបណ្ដាលឲ្យមានការរាំងស្ទះដល់ការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ។
លោក ខឹម សុផល ប្រធានប្រធានគម្រោងសុវត្ថិភាពចរាចរណ៍ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ប្រាប់ឲ្យអ្នកយកព័តមានបានដឹងថា ការរៀបចំវគ្គនេះគឺមានបំណងធំៗចំនួនបីគឺទីមួយ អ្នកចូលរួមទទួលបានព័តមានបន្ថែមអំពីសុវត្ថិភាពចរាចរណ៍នៅប្រទេសកម្ពុជា ទីពីរគឺអ្នកចូលរួមបានដឹងបន្ថែមអំពីហានិភ័យនានាដែលបណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងវិធីបញ្ចៀសខ្លួនពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងទីបី អ្នកចូលរួមអាចយកចំណេះដឹងទៅបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្តនៅតាមមន្ទីរ តាមសាលារៀន សហគមន៍ នា¬ឧិកាសផ្សេងៗទៀតដែលអាចធ្វើបាន។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងទៀតដែលសសយក ខេត្តព្រៃវែងបានធ្វើដើម្បីបង្កើនសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ កិច្ចសហការជាមួយនឹងកាកបាទក្រហមកម្ពុជាក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលលើកនេះ យើងសង្ឃឹមថានឹងជួយឲ្យយុវជន ស ស យ ក មានការយល់ដឹងបន្ថែមពីអ្វីដែលយើងមានស្រាប់ និងយកចំណេះដឹងនេះទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ ការខាតបង់ទ្រព្យ និងអាយុជិវិតប្រជាពលរដ្ឋយើង ដើម្បីរួមចំណែកបំបាត់ភាពក្រីក្រមួយចំណែកដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
បើតាមរបាយការណ៍នៃប្រព័ន្ធព៌តមានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចេញផ្សាយដោយគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបញ្ជាក់ថាចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៥មានចំនួន ២ ២៣១នាក់ ពោលគឺមានការកើនឡើងចំនួន៥នាក់ បើធៀបនឹងឆ្នាំ២០១៤ដែលពេលនោះចំនួនអ្នកស្លាប់មានតែ ២ ២២៦នាក់។ វគ្គបណ្ដុះបណ្ដាលនេះអាចជាសកម្មភាពមួយក្នុងការរួមចំណែកក្នុងការជួយឲ្យការសម្រេចតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក២០១១- ២០២០ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យថយចុះ៥០%តាមការកំណត់ មានន័យថា ប្រសិនជាអាចសម្រេចបាននោះនឹងជួយឲ្យប្រទេសកម្ពុជាអាចជួយសង្គ្រោះជីវិតមនុស្សបានចំនួន៣៧៥០នាក់។
លោក រ័ត្ន វាសនា សមាជិកលេខាធិការដ្ឋាន សសយក ខេត្ត ដែលមានវត្តមានក្នុងវគ្គបណ្ដុះបណ្ដាលនេះបញ្ចាក់ថាលោកមិនចង់ព្ញ មិនចង់ឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឡើយ ត្បឹតវានាំឲ្យមានការតក់ស្លុតនិងសោកសៅជាខ្លាំង។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលពីអ្នកបើកបរស្រវឹងកើតឡើងគ្មានលោះថ្ងៃ ម្នាក់ៗដឹងថាការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងជាបញ្ហាធំ ប៉ុន្ដែពួកគេនៅតែផឹកហើយបន្តបើកបរដដែល។ លោកគឹតថាដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើន ត្រូវតែមានការតាំងចិត្ត និងចូលរួមអនុវត្តពីមនុស្សគ្រប់រូបដែលធ្វើដំណើរលើដងផ្លូវ។ ដោយហេតុនេះ លោកមានបំណងផ្ទាល់ខ្លួនថា នឹងយកព័តមាននិងចំណេះដឹងទទួលបានពីវគ្គនេះ ជាពិសេសអំពីផលវិបាកនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងទៅផ្ព្វផ្សាយបន្តដល់អ្នកផ្សេងដែលមិនទាន់បានដឹង និងព្យាយាមពន្យល់ឲ្យគេប្ដូរការគឹត ប្ដូរទម្លាប់មិនល្អនិងឈប់បន្ដបើកបរក្រោយពេលទទួលទានគ្រឿងស្រវឹង។ លោកចង់ឲ្យមានវប្បធ៌មមិនបើកបរក្រោយពេលពិសារគ្រឿងស្រវឹង កើតឡើងនៅក្នុងចំណោមប្រជាជនទាំងអស់គ្នា។
គួររម្លឹកថា ចាប់តាំងពីឆ្នាំ២០១៥មក គម្រោងសុវត្ថិភាពចរាចរណ៍ របស់កាកបាទក្រហមកម្ពុជាបានទទួលការគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុពីអង្គការ IARD ក្នុងការអនុវត្តគម្រោងសុវត្ថិភាពចរាចរណ៍នៅក្នុងខេត្តចំនួនប្រាំរួចហើយគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ នៅក្នុងឆ្នាំ២០១៦នេះ កាកបាទក្រហមកម្ពុជាក៏បន្តពង្រីកដល់បីខេត្តថ្មីទៀត គឺខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលមានអត្រារងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។ ការបណ្ដុះបណ្ដាលដូចបានរៀបរាប់ខាងលើនេះបានរៀបចំរួចហើយនៅក្នុងខេត្តកំពង់ចាម ព្រៃវែង ហើយពេលនេះធ្វើនៅខេត្តព្រះសីហនុ។ ជាបន្ទាប់ទៅទៀតគម្រោងនឹងបណ្ដុះបណ្ដាលនៅខេត្តសៀមរាបនាពេលឆាប់ៗខាងមុខ។
សម្រាប់ព័តមានបន្ថែម
លោក ខឹម សុផល
ទូរសព្ទ័ 078 53 54 06