ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន នឹងបញ្ចប់នៅពាក់ កណ្តាលឆ្នាំក្រោយនេះ។ តាមការរំពឹងទុក សេចក្តីព្រាងនេះនឹងបញ្ចប់នៅក្នុងឆ្នាំនេះ ប៉ុន្តែដោយសារនៅមានការខ្វែងគំនិតគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ បានធ្វើឱ្យសេចក្តីព្រាងច្បាប់មួយនេះត្រូវពន្យាពេលទៅឆ្នាំក្រោយទៀត។
ការថ្លែងរបស់រដ្ឋមន្ត្រីព័ត៌មានដូចនេះ ធ្វើទ្បើងបន្ទាប់ពីលោកចេញពីពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«សិទ្ធិទទួលបានព័ត៌មាន» នៅព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នាវិទ្យាស្ថានសារគមនាគមន៍កម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន តាក់តែងបានលទ្ធផលជាង ៤០ ភាគរយហើយ ។
លោករដ្ឋមន្ត្រីបន្ថែមទៀតថា ក្រសួងចង់បញ្ចប់សេចក្តីព្រាងច្បាប់នេះនៅក្នុងឆ្នាំ ២០១៦ ប៉ុន្តែដោយសារតែដៃគូពាក់ព័ន្ធនៅមានការខ្វែងគំនិតគ្នាមួយចំនួននៅទ្បើយ ទើបក្រសួងពន្យាពេលរហូតទៅដល់ឆ្នាំក្រោយទៀត។ លោក ខៀវ ញារីទ្ធ៖«ខ្ញុំជំរុញចង់ចប់ឆ្នាំហ្នឹង ប៉ុន្តែឥលូវយើងមើល ឃើញថាមកដល់ពេលឥលូវទើបបាន ៤០ ភាគរយ ប្រហែលពាក់កណ្តាលឆ្នាំក្រោយអីបានចប់ តាមពិតខ្ញុំចង់បានចប់ច្បាប់នេះនៅមុនការបោះឆ្នោតមូលដ្ឋាន ប៉ុន្តែដោយសារថាក្រុមអ្នកចូលរួមគឺធម្មតាគាត់ទាញចង់នេះ ចង់នោះអញ្ចឹងយើងសុខចិត្តអូសបន្លាយពេលមែនប៉ុន្តឱ្យបានឯកភាពទាំងអស់គ្នានៅក្នុងពេលយើងសរសេរសេចក្តីព្រាងច្បាប់» ។
លោករដ្ឋមន្ត្រីព័ត៌មានបញ្ជាក់ថា ការតាក់តែងសេចក្តីព្រាងច្បាប់មួយនេះ ក៏ជួបផលលំបាកមួយចំនួនផងដែរ ដូចជាការស្វែងរកពាក្យ ការរើសពាក្យដើម្បីយកមកសរសេរដើម្បីយកមកអនុវត្តប្រកបដោយប្រសិទ្ធភាព។
ត្រង់ចំនុចនេះលោកក៏លើកទ្បើងដែរថា នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលបង្កើតឱ្យមានច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាន៖«យើងអាចនិយាយបានថានេះជាលើកទី០១ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាដែលយើងមានច្បាប់នេះ ហើយទស្សនៈទានអំពីសិទ្ធិទទួលបានព័ត៌មានគឺទស្សនៈទានមួយដែលថ្មីបំផុតនៅក្នុងសង្គមកម្ពុជាយើងដូច្នេះកាលដែលមិនយល់អំពីមន្ត្រីអ្នកអនុវត្តមួយចំនួនគឺយើងមាន ការលំបាកដូច្នេះបើសិនជាយើងនាំគ្នាផ្សាយឱ្យបានយល់ជ្រាបៗទៅយើងអនុវត្តច្បាប់ហ្នឹងបានទូលាយបានធូរ ហើយនឹងជាការជម្រិញឱ្យមានអភិបាលកិច្ចល្អជាពិសេសទៀតស្ថាប័នរដ្ឋទាំងអស់គឺមានការទទួលខុសត្រូវ»។
ទាក់ទងនឹងសេចក្តីព្រាងច្បាប់នេះដែរ តំណាងអង្គការ UNESCO ប្រចាំកម្ពុជាលោកស្រី Anne Lemaistre មានប្រសាសន៍តាមរយៈអ្នកបកប្រែថា អ្នកសារព័ត៌មានគឺជាមនុស្សដែលសំខាន់ក្នុងការអនុវត្តច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន។ ប៉ុន្តែលោកស្រីថា បើច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានបង្កើតហើយនោះ បែរជាអ្នកសារព័ត៌មានមិនបានយកទៅអនុវត្ត នោះនឹងអាចបង្កឱ្យមានបញ្ហាច្រើន ដូចជាបញ្ហាអយុត្តិធម៌សង្គម បញ្ហាអំពើពុករលួយជាដើម។
លោកស្រី Anne Lemaistre មានប្រសាសន៍បន្តថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍាសង្គមឱ្យមានល្អប្រសើរ។ «លោកស្រីជឿថាច្បាប់ស្តីពីទទួលព័ត៌មាននេះនឹងអាចជួយធ្វើឱ្យសង្គមផ្លាស់ប្តូរពីភាពអវិជ្ជាមានមួយចំនួនទៅកាន់តែមានភាពវិជ្ជមានដែលសង្គមត្រូវការ»។
ចំណែកអ្នកយកព័ត៌មាននៃវិទ្យុសំទ្បេងយុវជនកញ្ញា ទ្បុង គីមម៉ារីតា និយាយថា កញ្ញាចង់ឱ្យច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានចេញកាន់តែឆាប់កាន់តែល្អ។ អ្នកសារព័ត៌មានស្ត្រីវ័យក្មេងរូបនេះសង្ឃឹមថា ច្បាប់នេះនឹងអាចូលរួមចំណែកជួយដល់សង្គមបាន។ កញ្ញា ទ្បុង គីមម៉ារីតា៖ «ខ្ញុំក៏ចង់ថាបើសិនជាគាត់ចង់ឱ្យច្បាប់ហ្នឹងចេញពាក់កណ្តាលឆ្នាំក្រោយសង្ឃឹមថា ពាក់កណ្តាលឆ្នាំក្រោយសង្ឃឹមថាពាក់កណ្តាលឆ្នាំក្រោយអាចនឹងមាន ច្បាប់ហ្នឹងលេចចេញជារូបរាង្គទ្បើងទោះជាយ៉ាងណាក៏ដោយ ហើយធ្វើឱ្យល្អបំផុត បើសិនជាច្បាប់ចែងបានល្អ ការអនុវត្តបានល្អវាប្រាកដជាផ្តល់ការងាយស្រួលដល់អ្នកសារប័ត៌មានហើយជាពិសេសប្រជាពលរដ្ឋទូទៅឬក៏អ្នកសិក្សាស្រាវជ្រាវក្នុងការគាត់ចង់បានប័ត៌មានពីក្រសួងណាមួយអី អីចឹងអាហ្នឹងគាត់អាចទទួលបានស្រួលប៉ុន្តែប្រសិនទន្ទឹមនឹងច្បាប់ហ្នឹងចេញមកប៉ុន្តែការអនុវត្តមិនទូលំទូលាយវាដូចតែអត់ច្បាប់ហ្នឹងដដែលស្របពេលដែលច្បាប់ហ្នឹងមានលុះត្រាតែមានការអនុវត្តបានល្អហើយផ្តល់សេរីភាពដូចមានចែងក្នុងច្បាប់អញ្ចឹង»។
ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះទទួលបានជោគជ័យ ក្រសួងព័ត៌មានបានបង្កើតក្រុមការងារបច្ចេកទេសពិសេសតាក់តែងច្បាប់នេះឡើង។ ស្ថាប័នដែលបានចូលរួមចំណែកធ្វើសេចក្តីព្រាងច្បាប់នេះមានដូចជា វិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ (API) ស្ថាប័នមួយទៀតគឺ មណ្ឌលព័ត៌ មានស្ត្រីកម្ពុជា (WMC-FM102) និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។
សូមជំរាបថា សេចក្តីព្រាងបឋម ស្តីពីច្បាប់សិទ្ធិទទួលព័ត៌មាន មាន ៩ ជំពូក និង ៣៦ មាត្រា ហើយរហូតមកដល់បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់នេះបានព្រមព្រៀង និងអនុម័ត បានចំនួន ១៤ មាត្រា ៕