en     km
en     km

សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ​?

Share

ភ្នំពេញ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កញា​រី​ទ្ធ​ មាន​ប្រសាសន៍​ថា​ សេចក្តីព្រាងច្បាប់​ ស្តី​ពី​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ នឹង​បញ្ចប់​នៅ​ពាក់ កណ្តាល​ឆ្នាំ​ក្រោយ​នេះ​។​ ​តាម​ការ​រំពឹង​ទុក​ សេចក្តី​ព្រាង​នេះ​នឹង​បញ្ចប់​នៅ​ក្នុងឆ្នាំនេះ​ ប៉ុន្តែ​ដោយសារ​នៅ​មានការ​ខ្វែងគំនិត​គ្នា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ បាន​ធ្វើ​ឱ្យ​សេចក្តីព្រាងច្បាប់​មួយ​នេះ​ត្រូវ​ពន្យា​ពេល​ទៅ​ឆ្នាំ​ក្រោយ​ទៀត​។​

 

អ្នកសារព័ត៌មានចោមរោមសម្ភាសន៍លោក ខៀវ កញារីទ្ធ។
អ្នកសារព័ត៌មានចោមរោមសម្ភាសន៍លោក ខៀវ កញារីទ្ធ។

​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ព័ត៌មាន​ដូចនេះ​ ធ្វើ​ទ្បើ​ង​បន្ទាប់​ពី​លោក​ចេញពី​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​«​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​»​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៧​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ នា​វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កញា​រី​ទ្ធ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ តាក់តែង​បាន​លទ្ធផល​ជាង​ ៤០​ ភាគរយ​ហើយ​ ។​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ទៀត​ថា​ ក្រសួង​ចង់​បញ្ចប់​សេចក្តីព្រាងច្បាប់​នេះ​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ ប៉ុន្តែ​ដោយសារ​តែ​ដៃគូ​ពាក់ព័ន្ធ​នៅ​មានការ​ខ្វែងគំនិត​គ្នា​មួយ​ចំនួន​នៅ​ទ្បើ​យ​ ទើប​ក្រសួង​ពន្យា​ពេល​រហូត​ទៅ​ដល់​ឆ្នាំ​ក្រោយ​ទៀត​។​ លោក​ ខៀវ​ ញា​រី​ទ្ធ​៖«​ខ្ញុំ​ជំរុញ​ចង់​ចប់​ឆ្នាំ​ហ្នឹង​ ប៉ុន្តែ​ឥលូវ​យើង​មើល ឃើញ​ថា​មក​ដល់​ពេល​ឥលូវ​ទើបបាន​ ៤០​ ភាគរយ​ ប្រហែល​ពាក់កណ្តាល​ឆ្នាំ​ក្រោយ​អី​បាន​ចប់​ តាម​ពិត​ខ្ញុំ​ចង់បាន​ចប់​ច្បាប់​នេះ​នៅ​មុន​ការ​បោះ​ឆ្នោត​មូលដ្ឋាន​ ប៉ុន្តែ​ដោយសារ​ថា​ក្រុម​អ្នកចូលរួម​គឺ​ធម្មតា​គាត់​ទាញ​ចង់​នេះ​ ចង់​នោះ​អ​ញ្ចឹ​ង​យើង​សុខចិត្ត​អូស​បន្លាយពេល​មែន​ប៉ុ​ន្ត​ឱ្យ​បាន​ឯកភាព​ទាំងអស់​គ្នា​នៅ​ក្នុង​ពេល​យើង​សរសេរ​សេចក្តីព្រាងច្បាប់​»​ ។​

​លោក​រដ្ឋមន្ត្រី​ព័ត៌មាន​បញ្ជាក់​ថា​ ការ​តាក់តែង​សេចក្តីព្រាងច្បាប់​មួយ​នេះ​ ក៏​ជួប​ផល​លំបាក​មួយ​ចំនួន​ផង​ដែរ​ ដូច​ជា​ការ​ស្វែងរក​ពាក្យ​ ការ​រើស​ពាក្យ​ដើម្បី​យក​មក​សរសេរ​ដើម្បី​យក​មក​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​

ត្រង់​ចំនុច​នេះ​លោក​ក៏​លើក​ទ្បើ​ង​ដែរ​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ដែល​បង្កើត​ឱ្យ​មានច្បាប់​ ស្តី​ពី​ សិទ្ធិ​ទទួល​ព័ត៌មាន​៖«​យើង​អាច​និយាយ​បាន​ថា​នេះ​ជា​លើក​ទី​០១​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ដែល​យើង​មានច្បាប់​នេះ​ ហើយ​ទស្សនៈទាន​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​គឺ​ទស្សនៈទាន​មួយ​ដែល​ថ្មី​បំផុត​នៅ​ក្នុង​សង្គម​កម្ពុជា​យើង​ដូច្នេះ​កាលដែល​មិន​យល់​អំពី​មន្ត្រី​អ្នក​អនុវត្ត​មួយ​ចំនួន​គឺ​យើង​មាន ការ​លំបាក​ដូច្នេះ​បើសិនជា​យើង​នាំ​គ្នា​ផ្សាយ​ឱ្យ​បាន​យល់​ជ្រាបៗ​ទៅ​យើង​អនុវត្ត​ច្បាប់​ហ្នឹង​បាន​ទូលាយ​បាន​ធូរ​ ហើយនឹង​ជា​ការ​ជម្រិញ​ឱ្យ​មាន​អភិបាលកិច្ច​ល្អជា​ពិសេស​ទៀត​ស្ថាប័នរដ្ឋ​ទាំងអស់​គឺ​មានការ​ទទួលខុសត្រូវ​»​។​

​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​នេះ​ដែរ​ តំណាង​អង្គការ​ UNESCO​ ប្រចាំ​កម្ពុជា​លោកស្រី​ Anne​ Lemaistre​ មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​ អ្នក​សារព័ត៌មាន​គឺជា​មនុស្ស​ដែល​សំខាន់​ក្នុង​ការ​អនុវត្ត​ច្បាប់​ ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។​ ប៉ុន្តែ​លោក​ស្រីថា​ បើ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​បង្កើត​ហើយ​នោះ​ បែរជា​អ្នក​សារព័ត៌មាន​មិន​បាន​យក​ទៅ​អនុវត្ត​ នោះ​នឹង​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ច្រើន​ ដូច​ជា​បញ្ហា​អយុត្តិធម៌​សង្គម​ បញ្ហា​អំពើ​ពុក​រលួយ​ជាដើម​។​

លោកស្រី​ Anne​ Lemaistre​ មាន​ប្រសាសន៍​បន្ត​ថា​ ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​អភិ​វ​ឌ្ឍា​សង្គម​ឱ្យ​មាន​ល្អ​ប្រសើរ​។​ «​លោកស្រី​ជឿ​ថា​ច្បាប់​ស្តី​ពី​ទទួល​ព័ត៌មាន​នេះ​នឹង​អាច​ជួយ​ធ្វើ​ឱ្យ​សង្គម​ផ្លាស់​ប្តូរ​ពី​ភាព​អវិជ្ជា​មាន​មួយ​ចំនួន​ទៅ​កាន់តែ​មាន​ភាព​វិជ្ជមាន​ដែល​សង្គម​ត្រូវការ​»​។​

​ចំណែក​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​សំ​ទ្បេ​ង​យុវជន​កញ្ញា​ ទ្បុ​ង​ គី​ម​ម៉ា​រី​តា​ និយាយ​ថា​ កញ្ញា​ចង់ឱ្យ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ចេញ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។​ អ្នក​សារព័ត៌មាន​ស្ត្រី​វ័យក្មេង​រូប​នេះ​សង្ឃឹមថា​ ច្បាប់​នេះ​នឹង​អា​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​បាន​។​ កញ្ញា​ ទ្បុ​ង​ គី​ម​ម៉ា​រី​តា​៖​ «​ខ្ញុំ​ក៏​ចង់​ថា​បើសិនជា​គាត់​ចង់ឱ្យ​ច្បាប់​ហ្នឹង​ចេញ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ​សង្ឃឹមថា​ ពាក់កណ្តាល​ឆ្នាំ​ក្រោយ​សង្ឃឹមថា​ពាក់កណ្តាល​ឆ្នាំ​ក្រោយ​អាច​នឹង​មាន ច្បាប់​ហ្នឹង​លេច​ចេញ​ជា​រូ​បរាង្គ​ទ្បើ​ង​ទោះជា​យ៉ាងណា​ក៏​ដោយ​ ហើយ​ធ្វើ​ឱ្យ​ល្អ​បំផុត​ បើសិនជា​ច្បាប់​ចែង​បាន​ល្អ​ ការ​អនុវត្ត​បាន​ល្អ​វា​ប្រាកដជា​ផ្តល់​ការ​ងាយស្រួល​ដល់​អ្នក​សារ​ប័​ត៌​មាន​ហើយ​ជា​ពិសេស​ប្រជាពលរដ្ឋ​ទូទៅ​ឬ​ក៏​អ្នក​សិក្សា​ស្រាវជ្រាវ​ក្នុង​ការ​គាត់​ចង់បាន​ប័​ត៌​មាន​ពី​ក្រសួង​ណាមួយ​អី​ អីចឹង​អាហ្នឹង​គាត់​អាច​ទទួល​បាន​ស្រួល​ប៉ុន្តែ​ប្រ​សិន​ទន្ទឹម​នឹង​ច្បាប់​ហ្នឹង​ចេញ​មក​ប៉ុន្តែ​ការ​អនុវត្ត​មិន​ទូលំទូលាយ​វា​ដូច​តែ​អត់​ច្បាប់​ហ្នឹង​ដដែល​ស្រប​ពេល​ដែល​ច្បាប់​ហ្នឹង​មាន​លុះត្រាតែ​មានការ​អនុវត្ត​បាន​ល្អ​ហើយ​ផ្តល់​សេរីភាព​ដូច​មាន​ចែង​ក្នុង​ច្បាប់​អ​ញ្ចឹ​ង​»​។​

​ដើម្បី​ឱ្យ​សេចក្តីព្រាងច្បាប់​នេះ​ទទួល​បាន​ជោគជ័យ​ ក្រសួង​ព័ត៌មាន​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​ពិសេស​តាក់តែង​ច្បាប់​នេះ​ឡើង​។​ ស្ថាប័ន​ដែល​បាន​ចូលរួម​ចំណែក​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ​មាន​ដូច​ជា​ វិទ្យាស្ថាន​តស៊ូ​មតិ​ និង​ គោលនយោបាយ​ (API)​ ស្ថាប័ន​មួយទៀត​គឺ​ មណ្ឌល​ព័ត៌ មាន​ស្ត្រី​កម្ពុជា​ (WMC-FM102)​ និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​។​

​សូម​ជំរាប​ថា​ សេចក្តី​ព្រាង​បឋម​ ស្តី​ពី​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ មាន​ ៩​ ជំពូក​ និង​ ៣៦​ មាត្រា​ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ សេចក្តីព្រាងច្បាប់​នេះ​បាន​ព្រមព្រៀង​ និង​អនុម័ត​ បាន​ចំនួន​ ១៤​ មាត្រា​ ៕

Share

Image
Image
Image