ឡាវ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និយាយកាលពីថ្ងៃអង្គារទី ០៦ កញ្ញាថា មេដឹកនាំថ្មីនៃប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី នឹងទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះ។
ថ្លែងសុន្ទរកថាក្នុងប្រទេសឡាវ លោក អូបាម៉ា បានបង្ហាញពីដំណើរទស្សនកិច្ចរបស់លោកស្រី ស៊ូ ជី ទៅកាន់ក្រុង វ៉ាស៊ីនតោន យ៉ាងជាក់ច្បាស់។
លោក អូបាម៉ា ថ្លែងថា៖«ខ្ញុំទន្ទឹងរង់ចាំ និងស្វាគមន៍ទីព្រឹក្សារដ្ឋលោកស្រី អង់ សានស៊ូជី ទៅកាន់សេតវិមាននៅសប្តាហ៍ក្រោយនេះ ខណៈយើងនឹងឈរជាមួយប្រជាជនមីយ៉ាន់ម៉ា ជួយជំរុញដំណើរឆ្ពោះទៅរកប្រទេសពហុបក្ស និងសន្តិភាព »។
ទោះបីយ៉ាងណា ជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកានាពេលកន្លងទៅ បានបញ្ចប់ការគ្រប់គ្រងបែបយោធាឃោរឃៅអស់រយៈពេលជាច្រើនទសវត្សរ៍ តែម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពលោកស្រី ស៊ូជី ត្រូវបានរដ្ឋធម្មនុញ្ញរបបយោធាហាមឃាត់លោកស្រីមិនឱ្យក្លាយជាប្រធានាធិបតីភូមាឡើយ។
លោក អូបាម៉ា និងលោកស្រី ស៊ូជី ធ្លាប់បានជួបគ្នាជាលើកដំបូងកាលពីឆ្នាំ ២០១២ បន្ទាប់ពីពួកយោធាបានសម្រេចដោះលែងលោកស្រីពីការឃុំខ្លួនក្នុងផ្ទះ ដែលលោកស្រីបានចំណាយពេលជាងពីរទសវត្សរ៍ក្រោមការគ្រប់គ្រងរបស់របបយោធា។
មានការផ្ដល់យោបល់មួយចំនួនថា ទីក្រុងវ៉ាស៊ីនតោន អាចដកទណ្ឌកម្មទាំងអស់ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រី ស៊ូជី មកកាន់ទឹកដីអាមេរិក៕ ប្រភព៖ អាស៊ីប៉ាស៊ីភិច