ទីក្រុងវៀងច័ន្ទ៖ ក្រសួងការពារជាតិហ្វីលីពីននៅថ្ងៃពុធទី ០៧ កញ្ញានេះ បានបង្ហាញរូបភាពមួយចំនួនលើសកម្មភាពនាវារបស់ចិន ដែលបានបើកចូលក្បែរតំបន់ថ្មប៉ប្រះទឹកនៅដែនទឹកជម្លោះសមុទ្រចិនខាងត្បូង។ ការបង្ហាញរូបភាពដែលហ្វីលីពីនចោទថាចិនបានធ្វើសកម្មភាពឈ្លាន ពាននេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជួបគួរសមជាមួយនាយករដ្ឋមន្ត្រីចិន នៅឯជំនួបកំពូលអាស៊ាននាប្រទេសឡាវ។
រូបភាព និងផែនទីចំនួន ១០ផ្ទាំងដែលបានបង្ហាញនោះ ត្រូវបានផ្ញើតាមអ៊ីម៉ែលទៅកាន់អ្នកសារព័ត៌ជាច្រើននាក់ ដែលមកយកព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងវៀងចន្ទ។ មេដឹកនាំអាស៊ានបានជួបនាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង (Li Keqiang) នៅថ្ងៃពុធនេះ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ទេថា តើមេដឹកនាំទាំងនោះហ៊ានលើកយកបញ្ហាសមុទ្រចិនខាងត្បូង មកដោះស្រាយដោយបើកចំហ ឬអត់នោះទេ។
មន្ត្រីហ្វីលីពីននិយាយថា ការចេញផ្សាយរូបថត និងផែនទី១០ផ្ទាំងនេះ ត្រូវបានបញ្ជាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន នៅឯជំនួបកំពូលនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
ចិន តៃវ៉ាន់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រទេសព្រុយណេ សុទ្ធតែបានអះអាងថា ផ្នែកខ្លះ ឬផ្នែកទាំងអស់នៃសមុទ្រចិនខាងត្បូងដូចគ្នា ដែលធ្វើឱ្យមានភាពតានតឹងក្នុងតំបន់នេះ។ ប្រទេសទាំងបួននេះគឺជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ៕ប្រភព៖CNA