ក្រុមអង្គការ សមាគម មិនមែនរដ្ឋាភិបាល ជាតិនិងអន្ដរជាតិ រួមទាំងសកម្មជនដីធ្លី នឹង ប្រមូលផ្ដុំគ្នាធ្វើការតវ៉ាជាថ្មីនៅមុខស្ថាប័នព្រឹទ្ធសភា នៅព្រឹកថ្ងៃស្អែកនេះ ខណៈដែលគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងបន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភានិតីកាលទី៣ដើម្បីស្នើរសុំឲ្យព្រឹទ្ធសភាបញ្ជូនសេចក្ដីព្រាងច្បាប់មួយនេះទៅរដ្ឋសភាឲ្យធ្វើការពិភាក្សាឡើងវិញមុននឹងសម្រេចធ្វើការអនុម័ត។ នេះបើតាមអោយដឹងពីមន្ត្រីជាន់ខ្ពស់នៃអង្គការសង្គមស៊ីវិល ថ្លែងប្រាប់មណ្ឌលព័ត៌មានស្រ្តីកម្ពុជានៅថ្ងៃទី ២៣ ខែកក្កដា ២០១៥នេះ។
មន្រ្ដីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឲ្យដឹងថា ក្រុមអង្គការ សមាគមមិនមែនរដ្ឋាភិបាល និងសកម្មជនដីធ្លី និងមានការជួបជុំគ្នាមួយ នៅពីមុខស្ថាប័នព្រឹទ្ធសភានៅថ្ងៃស្អែកនេះ ដើម្បីស្នើរសុំឲ្យព្រឹទ្ធសភាទម្លាក់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នេះទៅឲ្យរដ្ឋសភាពិនិត្យនិងពិភាក្សាឡើងវិញ។ «ច្បាប់ហ្នឹងយើងមើលឃើញថា កំពុងរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការជួបជុំ ការប្រមូលផ្តុំគ្នា និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការ សមាគម ឬសហគមន៍ជាដើម… កាលណាច្បាប់នេះ»ចេញមកហើយនឹងមានការរំលោភបំពាន អានេះហើយនាំឱ្យមានការប្រឆាំង ហើយនឹងស្នើសុំទម្លាក់ចោលសុំឱ្យពិនិត្យឡើងវិញទៅលើសេចក្តីព្រាងច្បាប់នេះ»។
ទន្ទឹមនឹងនេះដែរ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងដែរថា«តាំងពីដើមឡើយយើងធ្វើការតស៊ូមតិជាច្រើនទៅលើច្បាប់នេះ… កន្លងមកមានស្ថាប័នអង្គការសង្គមស៊ីវិលរួមទាំងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសម្តែងនូវការមិនពេញចិត្តចំពោះច្បាប់នេះ។ ច្បាប់នេះធ្វើឡើងដោយអាថ៌កំបាំង យើងស្នើឱ្យមានការបញ្ឈប់ច្បាប់ធ្វើឡើងបែបប្រញាប់ប្រញាល និងស្នើឱ្យមានការពិគ្រោះយោបល់មួយប្រកបដោយអត្ថន័យ»។
បើតាមដឹងនៅក្នុងសេចក្ដីជូនដំណឹងរបស់ព្រឹទ្ធសភា ដែលចុះនៅថ្ងៃទី២២ខែកក្កដា ២០១៥ ចុះដោយហត្ថលេខាលោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានឲ្យដឹងថា បន្ទាប់ពីពិនិត្យ និងពិភាក្សារួច គណៈកម្មការធិការអចិន្រ្ដៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃ សុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីបន្ដសម័យប្រជុំពេញអង្គ លើកទី៧ព្រឹទ្ធសភា នីតិកាលទី ៣ ដើម្បីពិនិត្យនិងឲ្យយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិន មែនរដ្ឋាភិបាល។
គួររំលឹកដែរថា កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ តំណាងរាស្រ្ដ គណបក្សប្រជាជនកម្ពុជា ទាំងអស់ ចំនួន៦៨រូប បានលើកដៃអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី សមាគម និងអង្គការមិនមែន រដ្ឋាភិបាល ដ៏ចម្រូងចម្រាស់នេះ បើទោះជាតំណាងរាស្រ្ដគណៈប្រឆាំងធ្វើពហិការ និងមានការតវ៉ាពីក្រុមអង្គការ និងសកម្មជនយ៉ាងណាក៏ដោយ។
សេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះមានចំនួន ៩ ជំពូក និង ៣៩ មាត្រា ដែលក្នុងនោះមានចែងពីវិធានការរដ្ឋបាល និងទោសបញ្ញត្តិ។ ក្នុងនោះក៏មានមាត្រាមួយចំនួនចែងពីវិធានការរដ្ឋបាល និងទោសបញ្ញត្តិបើកផ្លូវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបញ្ឈប់ជាបន្ទាន់ ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលធ្វើសកម្មភាព ដោយមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ក្នុងករណីមិនរាងចាល សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនោះត្រូវក្រសួងមហាផ្ទៃពិន័យជាប្រាក់ ពី ៥ លានរៀលទៅ ១០ លានរៀល៕