ក្រុងប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ិនហួរ( Xinhua) បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ីជីនពីង បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូល អាបេ(Shinzo Abe) កាលពីថ្ងៃចន្ទទី ០៥ កញ្ញាម្សិលមិញថា ជប៉ុនគួរតែធ្វើសកម្មភាពណាមួយដោយការប្រុងប្រយ័ត្ន ពិសេសលើបញ្ហាសមុទ្រចិនខាងត្បូង។ ការក្រើនរំលឹកបែបនេះ ធ្វើឡើងខណៈប្រទេសទាំងពីរជួបប្រជុំដាច់ដោយឡែក នៅក្រៅកិច្ចប្រជុំកំពូល G20 នៅក្រុងហាងចូវ ប្រទេសចិន។

ទីក្រុងប៉េកាំង ធ្លាប់បានចោទប្រកាន់ក្រុងតូក្យូថា បានជ្រៀតជ្រែកទៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ជាទីដែលប្រទេសចិន និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ បានឈ្លោះប្រកែកគ្នាលើភាពជាម្ចាស់នៃដែនកោះសមុទ្រចិនខាងត្បូង។
កាលពីខែកក្ដដា ប្រទេសចិនបានបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចរបស់មជ្ឈឹត្តការអន្តរជាតិក្រុងឡាអេ ព្រោះសេចក្តីសម្រេចនេះ បានមោឃភាពលើពាក្យបណ្តឹងរបស់ប្រទេសចិនដែលទាមទារគ្រប់ គ្រងដែនសមុទ្រចិនខាងត្បូង។ មួយវិញទៀត ចិនបានបញ្ចេញប្រតិកម្មដោយកំហឹងទៅនឹងការអំពាវនាវដោយប្រទេសលោកខាងលិច និងប្រទេសជប៉ុនដែលតែងតែអំពាវនាវឱ្យចិនគោរពតាមសេចក្តីសម្រេចដែលចិនបានច្រានចោលទអៅហើយនោះ។
ទីភ្នាក់ងារស៊ីនហួរក៏បានបន្តថា លោក ស៊ី បានជួបលោក អាបេ នៅទីក្រុងហាងចូវ ប្រទេសចិន ដោយប្រធានាធិបតីចិន ស៊ី ជីនពីន បានបោះសម្តីទៅកាន់លោក អាបេ យ៉ាងដូច្នេះថា «ជប៉ុនគួរតែប្រុងប្រយ័ត្នទាំងទង្វើ និងពាក្យសម្តីរបស់ខ្លួនលើបញ្ហាសមុទ្រចិនខាងត្បូង»។
លោក ស៊ី ក៏បានបន្ថែមទៀតថា ចិន និង ជប៉ុន គួរតែដោះស្រាយបញ្ហាសមុទ្រចិនខាងកើតឱ្យបានត្រឹមត្រូវ តាមរយៈការចរចា និងពិគ្រោះយោបល់ ដើម្បីការពាររួមគ្នានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់នេះ ។
ភាពតានតឹងនេះ បានផ្ទុះឡើងកាលពីខែមុន បន្ទាប់ពីទូកនេសាទ និងនាវាឆ្មាំសមុទ្រចិនជាង ១២គ្រឿង បានបើកចូលតំបន់ប្រជុំកោះតូចៗដែលគ្មានមនុស្សរស់នៅនៃសមុទ្រចិន ខាងកើត ដែលទីក្រុងតូក្យូតែងតែអះអាងថា ជារបស់ខ្លួនគ្រប់គ្រង ប៉ុន្តែចិនវិញក៏ទាមទារប្រជុំកោះនេះដូចគ្នា៕ប្រភព៖CNA