loader

CNRP៖ បានដាក់ញត្តិទៅស្ថានទូត ចំនួន១៥ប្រទេស

​ភ្នំពេញ៖ ខណៈ​ព្រះអាទិត្យ​ចាប់ផ្ដើម​ រះ​បញ្ចេញ​រស្មី​ភ្លាម​  គេ​ឃើញ​សមត្ថកិច្ច​បាន​ដាក់​ របាំង​រាំងផ្លូវ​នៅ​កំណាត់​ ខាង​មុខ​ ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​។​

លោក សុន ឆ័យ ដែលជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
លោក សុន ឆ័យ ដែលជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ

ការ​ដាក់​កម្លាំង​សមត្ថកិច្ច​និង​របាំង​រាំងផ្លូវ​ ក៏​កើតឡើង​ ចំ​ពេល​ គណបក្សប្រឆាំង​នេះ​ ត្រូវ​ហែ​ក្បួន​ ដាក់​ញត្តិ​ទៅ​ស្ថានទូត​មួយ​ចំនួន​នៅ​ភ្នំពេញ​ ដើម្បី​ឱ្យ​ជួយ​ គាបសង្កត់​គណបក្សកាន់អំណាច​ ឱ្យ​ គោរព​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ ឡើង​វិញ​ ដែល​ជា​យន្តការ​ជួយ​ ឱ្យ​កម្ពុជា​ មាន​សន្តិភាព​ និង​ ប្រជាធិបតេយ្យ​ ។​

​តែ​យ៉ាងនេះ​ក្ដី​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា​ គេ​បាន​ដើរ​ដាក់​ញត្តិ​ ជូន​ស្ថានទូត​ចំនួន​១៥​ ប្រទេស​បាន​រួច​ហើយ​។​

​លោក​ សុ​ន​ ឆ័​យ​ ថ្លែង​ដូចនេះ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ កាលពីព្រឹក​ថ្ងៃ​ទី​ ០៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​​។​ ចំណែក​មន្ត្រី​បក្ស​កាន់​អំណាច​ថា​ ស្ថានទូត​ទាំងនោះ​ មិន​ ចាប់អារម្មណ៍​អ្វី​ទេ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​បន្ត​៖

 

​ការ​ដាក់​ញត្តិ​ ជូន​ទៅ​ស្ថានទូត​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​តាម​ ការ​គ្រោងទុក​ទោះជា​នៅ​ផ្លូវ​នៅ​ខាង​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សមត្ថកិច្ច​ដាក់រ​បាំងបិទ​ក៏​ដោយ​។​

​លោក​ សុ​ន​ ឆ័​យ​ ដឹកនាំ​ក្រុម​សមាជិក​សភា​បក្ស​សង្គ្រោះ​ជាតិ​ដាក់​ញ្ញត្តិ​ទៅ​ស្ថានទូត​ធំៗ​នៅ​កម្ពុជា​ដើម្បី​ផ្តល់​ព័ត៌មាន​ក៏​ដូច​ជា​សំណូមពរ​ មួយ​ចំនួន​ទៅ​ដល់​ស្ថានទូត​ទាំងនេះ​ឱ្យ​ជួយ​ដោះស្រាយ​ស្ថានភាព​នយោបាយ​ ដែល​លោក​អះអាង​ថា​កំពុង​តែ​មាន​ស្ថានភាព​អាក្រក់​ ខ្លាំង​។​

​លោក​ សុ​ន​ ឆ័​យ​ ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ នឹង​អ្នកគាំទ្រ​ ថា​ ទោះបីជា​មានការ​បិទផ្លូវ​យ៉ាងណា​ក៏​ដោយ​ចុះ​ ក៏​សមាជិក​សភា​ គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៥​រូប​ នៅ​តែ​អាច​យក​ញ្ញត្តិ​ទៅ​ដាក់​តាម​ស្ថានទូត​ចំនួន​ ១៥​ នៅ​កម្ពុជា​បាន​ដដែល​។​ លោក​ សុ​ន​ ឆ័​យ​ បន្ត​ថា​ ការ​រារាំង​ ក៏​ដូច​ជា​ការ​បិទផ្លូវ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​តំណាងរាស្ត្រ​ អាច​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​នេះ​ ជា​ការ​រំលោភ​បំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ និង​សិទ្ធិ​របស់​អ្នកតំណាង​រាស្ត្រ​ ដែល​លោក​ថា​ ស្ថានភាព​បែប​នេះ​មិន​គួរ​ឱ្យ​បន្ត​មាន​តទៅ​ទៀត​នោះ​ទេ​។​

​លោក​ សុ​ន​ ឆ័​យ​ បន្ត​ថា​ខ្លឹមសារ​សំខាន់​នៃ​លិខិត​ដាក់​ជូន​ស្ថានទូត​ នៅ​ថ្ងៃនេះ​មាន​ដូច​ជា​៖​«​យើងខ្ញុំ​ជា​សមាជិក​សភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៃ​ប្រទេស​កម្ពុជា​សង្កេត​ឃើញ​ថា​អ្នក​កាន់​អំណាច​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រដ្ឋាភិបាល​បាន​ប្រព្រឹត្តិ​ល្មើស​នឹង​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​ នេះ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ​ស្រាប់​នឹង​គោលការណ៍​ចែង​ក្នុង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ ដោយ​បាន​ប្រើ​អំណាច​ ដោយ​រំលោភ​ក្នុង​ការ​គៀបសង្កត់​សិទ្ធិ​សេរីភាព​ របស់​ពលរដ្ឋ​ នឹង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​ចាប់ចង​ឃុំឃាំង​ សកម្មជន​ដីធ្លី​មន្ត្រី​សិទ្ធិ​មនុស្ស​នឹង​សហជីព​ នឹង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​»​។​

​លោក​ សុ​ន​ ឆ័​យ​ សង្កត់ធ្ងន់​ថា​ សហ​ប្រធាន​នៃ​ទី​ក្រុងប៉ារីស​ នឹង​ប្រទេស​ដែល​ជា​ហត្ថលេខី​ទទួលខុសត្រូវ​ក្នុង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ប​ឈ្ឈប់​ការ​រំលោភ​បំពាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​។​​ «​សមាជិក​សភា​នៃ​ប្រទេស​កម្ពុជា​សូម​ថ្កោលទោស​ដាច់​អហិ​ង្កា​ការ​ប្រើ​អំណាច​ ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ ហើយ​សូម​ប្រកាស​ថា​នឹង​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​នឹង​សហគមន៍​អន្តរជាតិ​ ក្នុង​ការ​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ប្រទេស​វិល​មក​ ការ​អនុវត្ត​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ​ឆ្នាំ​១៩៩៣​វិញ​ ជាមួយ​គ្នា​នេះ​យើង​សូម​ឱ្យ​សហ​ប្រធាន​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ រួម​ជាមួយ​ប្រទេស​ សមាជិក​អាស៊ាន​ និង​ប្រទេស​ហត្ថលេខី​ទាំងអស់​ទទួលខុសត្រូវ​ក្នុង​ការ​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បញ្ឈប់​ប្រើ​អំណាច​ដោយ​រំលោភ​ទៅ​លើ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ជា​បន្ទាន់​»​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​របស់​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ការ​ដាក់​ញត្តិ​ ទៅ​ស្ថានទូត​ធ្វើ​ឡើង​ដោយ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​សិទ្ធិ​របស់​ពួក​គេ​ ប៉ុន្តែ​លោក​សោកស្តាយ​ថា​គណបក្ស​នេះ​ ហាក់បីដូចជា​មិន​យល់​ពី​ខ្លឹមសារ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​។​ លោក​បន្ត​ថា​ ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​មិន​មាន​តួនាទី​ ភារកិច្ច​ដោះស្រាយ​បញ្ហា​កម្ពុជា​ ជម្លោះ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​។​ លោក​ សុខ​ ឥ​សាន្ត​ ពន្យល់​យ៉ាង​ដូច្នេះ​៖​ «​ក្នុង​បញ្ហា​ដែល​យើង​កត់សម្គាល់​ស្មារតី​ នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​សហ​ប្រធាន​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ហ្នឹង​ នឹង​កោះ​ប្រជុំ​នៅ​ពេល​ណា​ដែល​មាន​ឈ្លានពាន​ រំលោភ​បំពារបំពាន​លើ​ឯករាជ្យ​ភាព​ អធិបតេយ្យភាព​ មោទនភាព​ទឹកដី​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ប្រទេស​កម្ពុជា​ដែល​មិន​អាច​បំបែក​បាន​ អាហ្នឹង​បាន​សហ​ប្រធាន​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ កោះ​ប្រជុំ​ដើម្បី​ដោះស្រាយ​បញ្ហា​ ប៉ុន្តែ​ក្រៅពី​នេះ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ មិន​បាន​និយាយ​ទេ​»​។​

​លោក​ សុខ​ ឥ​សាន្ត​ បញ្ជាក់​ដែរ​ថា​ ប្រទេស​កម្ពុជា​គោរព​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ ពហុបក្ស​ ហើយ​ប្រទេស​ដែល​ជា​ហត្ថលេខី​ នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​គ្មាន​ហេតុផល​ណាមួយ​ក្នុង​ការ​លូកដៃ​ចូល​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​នោះ​ទេ​។​

​លោក​ សុខ​ ឥ​សាន្ត៖ «​មតិ​របស់​ឯកឧត្តម​អស់លោក​ នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថា​យើង​កំពុង​ដើរ​ឃ្លាតឆ្ងាយ​ ពី​មា​គា​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នេះ​ គឺជា​ការ​មិន​ត្រឹមត្រូវ​នឹង​សភាព​ការ​ជាក់ស្តែង​នៅ​កម្ពុជា​ អ​ញ្ចឹ​ង​គាត់​និយាយ​នេះ​វា​ប្រាសចាក​ ពី​ការ​ពិត​ទាំងស្រុង​ ហើយ​ខ្ញុំ​យល់​ថា​ការ​ដាក់​ពាក្យ​នេះ​គេ​ទទួល​មែន​ ក៏​ប៉ុន្តែ​ទទួល​ក្នុង​ន័យ​គួរសម​ទេ​ តែ​ត្រង់​ថា​តួនាទី​ភារកិច្ច​ដោះស្រាយ​យ៉ាងណា​គេ​មិន​អាច​ដោះស្រាយ​បាន​ទេ​»​។​

​តាម​លោក​ សុ​ន​ ឆៃ​ ញត្តិ​ដែល​បាន​ដាក់​ជូន​ទៅ​ស្ថានទូត​ទាំងនោះ​ រួម​មាន​៖​ស្ថានទូត​ បារាំង​ ស្ថានទូត​អា​មេ​រិ​ក​ ស្ថានទូត​អូស្ត្រាលី​ ស្ថានទូត​ ឥណ្ឌូ​នេ​ស៊ី​ ស្ថានទូត​ចិន​ ស្ថានទូត​អា​ល្លឺ​ម៉​ង់​ ជាដើម​។​

​គួ​រំលឹក​ថា​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​ គឺជា​ដំណោះស្រាយ​ប្រវត្ដិសាស្ដ្រ​មួយ​ជួយ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​កម្ពុជា​ដោយ​នាំ​មក​នូវ​សន្ដិភាព​ការ​បង្រួបបង្រួម​ជាតិ​ និង​លទ្ធិប្រជាធិបតេយ្យ​។​ កិច្ចព្រមព្រៀង​ជា​ប្រវត្ដិសាស្ដ្រ​ពិភពលោក​នេះ​ធ្វើ​ឡើង​ នៅ​ទីក្រុង​ប៉ា​រី​ប្រទេស​បារាំង​ដោយ​មាន​ប្រទេស​ ១៨​ ជា​ភាគី​ជួយ​បញ្ចប់​ជម្លោះ​របស់​ប្រទេស​កម្ពុជា​ ក្នុង​នោះ​មាន​ប្រទេស​មហាអំណាច​ទាំង​ប្រាំ​ នៃ​ក្រុមប្រឹក្សាសន្ដិសុខ​នៃ​អង្គកា​សហប្រជាជាតិ​ផង​ដែរ​។​ កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​កម្ពុជា​អនុវត្ដន៍​គោលនយោបាយ​សេរី​ពហុបក្ស​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ ដើម្បី​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រទេស​ ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x