en     km
en     km

លោក​ អ៊ុំ​ សំ​អាន​ និង​មេធាវី​ ទូន្មាន​ឱ្យ​ចៅក្រម​សាលាដំបូង​ភ្នំពេញ​គោរព​រដ្ឋធម្មនុញ្ញ​🔊

Share

ភ្នំពេញ៖ ជនជាប់ចោទ​ដែល​ជា​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ និង​សហ​មេធាវី​ការពារ​ក្ដី​ បាន​ដើរ​ចេញពី​បន្ទប់​សវនាការ​ ខណៈ​ការ​ជំនុំជម្រះ​កំពុង​ដំណើរការ​ក្នុង​សំណុំរឿង​បង្ហោះ​ឯកសារ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​
​សហ​មេធាវី​ជនជាប់ចោទ​បាន​ចាត់​ទុក​ការ​ជំនុំជម្រះ​នេះ​ ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។​ តែ​បែប​នេះ​ក្ដី​ចៅក្រម​នៅ​តែ​បន្ត​ជំនុំជម្រះ​រហូត​ដល់​ចប់​ ដោយ​ប្រកាស​ថា​សាលក្រម​សំណុំរឿង​ លោក​ អ៊ំ​ សំ​អាន​ នឹង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ខាង​មុខ​នេះ​។

លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ។
លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ។

​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​ ០៥​ ខែ​ កញ្ញា​នេះ​ បាន​បើក​សវនាការ​ជំនុំជម្រះ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ ក្នុង​សំណុំរឿង​បង្ហោះ​ឯកសារ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​ ជនជាប់ចោទ​លោក​ អ៊ុំ​ សំ​អាន​ និង​សហ​មេធាវី​សម្រេច​ដើរ​ចេញ​ ពី​បន្ទាប់​នៃ​សាល​ជំនុំជម្រះ​នេះ​ ដោយសារ​ពួក​គេ​ចាត់​ទុក​ថា​ សវនាការ​នេះ​ខុស​នីតិវិធី​ច្បាប់​ ពោល​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ​។​

​លោក​ ហែម​ សុ​ជាតិ​ មេធាវី​ការពារ​ជនជាប់ចោទ​លោក​ អ៊ុំ​ សំ​អាន​ ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រៅរបង​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ មូលហេតុ​ដែល​សហ​មេធាវី​ និង​ជនជាប់ចោទ​ចាត់​ទុក​សវនាការ​ថា​ ខុស​នីតិវិធី​ គឺ​ទី​១​ បណ្តឹងសុំ​មោឃៈភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​សាលាឧទ្ធរណ៍​មិន​ទាន់​សម្រេច​។​ ទី​២​ បទល្មើស​ដែល​តុលាការ​ចោទប្រកាន់​តាម​ក្រមព្រហ្មទណ្ឌ​ មិន​មាន​ចែក​អំពី​បទល្មើស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook)​ និង​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណែ​ត​នោះ​ទេ​(Internet)​ និង​ទី​៣​ អ្នកតំណាង​រាស្ត្រ​នៅ​មាន​អភ័យឯកសិទ្ធិ​សភា​នៅឡើយ​។​ លោក​ ហែម​ សុ​ជាតិ​៖«​មេធាវី​យល់​ឃើញ​ថា​ ខុស​នីតិវិធី​ អ​ញ្ចឹ​ង​មេធាវី​មិន​អាច​ចូលរួម​សវនាការ​ មួយ​ដែល​ខុស​នីតិវិធី​ទេ​ ព្រោះ​កូនក្តី​ជា​អ្នកតំណាង​រាស្ត្រ​អ​ញ្ចឹ​ង​ត្រូវ​តែ​មានការ​ដក​អភ័យឯកសិទ្ធិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​សិន​ ហើយ​យើង​ចេះ​តែ​បន្ត​ធ្វើ​ដែល​មិន​ត្រឹមត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នោះ​អ​ញ្ចឹ​ង​វា​នឹង​ផលវិបាក​តទៅ​ទៀត​ សម្រាប់​អ្នកតំណាង​ដទៃ​ ឬ​អ្នក​ដ៏​ទៃ​ណា​មាន​អភ័យឯកសិទ្ធិ​»​។​

​ប៉ុន្តែ​ហេតុផល​នេះ​ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​ លោក​ ហេង​ សុខ​ណា​ បាន​បកស្រាយ​ថា​ ការ​ជំនុំជម្រះ​នៅ​ព្រឹក​មិ​ញ​នេះ​ ត្រឹមត្រូវ​តាម​នីតិវិធី​ ដោយ​ចៅក្រម​សំអាង​ទៅ​លើ​លិខិត​របស់​រដ្ឋសភា​ ដែល​បាន​បើ​កិច្ចប្រជុំ​សភា​ពេញអង្គ​អនុម័ត​បើកផ្លូវ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​សំណុំរឿង​លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​មណ្ឌល​សៀម​រាម​។​

ទាក់ទង​ទៅ​អ​ភ័​ឯកសិទ្ធិ​សភា​វិញ​ ចៅក្រម​បាន​ពន្យល់​ថា​ ករណី​សំណុំរឿង​បង្ហោះ​ឯកសារ​ផែនទី​ក្លែង​កម្ពុជា​-​វៀតណាម​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គឺជា​បទល្មើស​ជាក់ស្តែង​ ដោយ​មិន​ចាំបាច់​ដក​អភ័យ​ឯក​ជា​មុន​ឡើយ​។​

​រីឯ​បណ្តឹងសុំ​មោឃៈភាព​នីតិវិធី​សាលាដំបូង​រាជធានី​ភ្នំពេញ​ របស់​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ លោក​ ចៅក្រម​បញ្ជាក់​ថា​ សាលក្រម​របស់​សាលាឧទ្ធរណ៍​ បាន​សម្រេច​នៅ​តែ​បានការ​ដដែល​ ដោយ​បង្វិល​សំណុំរឿង​នេះ​មក​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​។​

​នៅ​ក្នុង​ការ​ជំនុំជម្រះ​នេះ​ដែរ​ មេធាវី​ការពារ​ក្តី​ម្នាក់​ទៀត​ឲ្យ​លោក​ អ៊ុំ​ អាន​ គឺ​លោក​ ជួង​ ជូ​ងី​ បាន​ស្នើ​សុំ​ឲ្យ​តុលាការ​រក​អ្នកជំនាញ​ផ្នែក​ច្បាប់​ទាក់ទង​ទៅ​ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​(Internet)​ និង​ហ្វេ​ស​ប៊ុ​ក​(Facebook)​ឲ្យ​ពន្យល់​អំពី​ ថា​តើ​ ការ​បង្ហោះ​ឯកសារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ស្ថិត​នៅ​ក្នុង​បទល្មើស​អ្វី​ និង​ក្រមព្រហ្មទណ្ឌ​មួយ​ណា​បាន​ចែង​។​

លោកមេធាវី ជួង ជូងងី តែងការពារក្តីឱ្យសកម្មជនបក្សប្រឆាំង។
លោកមេធាវី ជួង ជូងងី តែងការពារក្តីឱ្យសកម្មជនបក្សប្រឆាំង។

នៅ​ក្នុង​សវនាការ​ជំនុំ​ព្រឹក​ថ្ងៃ​ទី​០៥​កញ្ញា​ នេះ​ មានការ​ខ្វែងគំនិត​គ្នា​អំពី​ការ​លើក​ឡើង​ពី​ការ​ដក​អភ័យ​សិទ្ធិ​សភា​ ដោយ​ជនជាប់ចោទ​ លោក​ អ៊ុំ​ សំ​អាន​ បាន​បដិសេធ​មិន​ឆ្លើយ​រាល់​សំនួរ​របស់​ចៅក្រម​ជំនុំជម្រះ​ ដោយសារ​លោក​ទាមទារ​ឲ្យ​រដ្ឋសភា​ដក​អភ័យឯកសិទ្ធិ​សភា​ដោយ​សំឡេង​ ២​ ភាគ​ ៣​ ជា​មុន​សិន​។​

​លោក​ អ៊ុំ​ សំ​អាន​ បាន​និយាយ​ថា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ ដោយ​ចាប់ខ្លួន​លោក​ទាំង​មាន​អភ័យឯកសិទ្ធិ​សភា​។​ លោក​បាន​ស្នើ​សុំ​ចៅក្រម​ឲ្យ​អនុរក្ស​ពន្ធនាគារ​ដឹក​លោក​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​ ដោយ​មិន​ចូលរួម​ស្តាប់​ការ​ជំនុំជម្រះ​នេះ​ទៀត​ឡើយ​។​ លោក​ អ៊ំ​ សំ​អាន​«​ខ្ញុំ​មិន​និយាយ​ជាមួយ​សវនាការ​ខុសច្បាប់​នោះ​ទេ​»​។​

​ទោះបីជា​ជនជាប់ចោទ​ និង​សហ​មេធាវី​សម្រេច​ដើរ​ចេញពី​បន្ទប់​សវនាការ​ក៏​ដោយ​ តែ​ចៅក្រម​ជំនុំជម្រះ​ បាន​សម្រេច​បន្ត​ជំនុំជម្រះ​ រហូត​ដល់​ចប់​នៅ​ម៉ោងជាង​ ១១​ព្រឹក​ ដោយ​បាន​ស្តាប់​ចម្លើយ​ពី​មន្ត្រី​យុត្តិធម៌​ម្នាក់​ម្តងៗ​ និង​ពិនិត្យ​ទៅ​លើ​ភស្តុ​តាង​ជា​វី​ឌី​អូ​ឃ្លិប​ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ អ៊ុំ​ សំ​អាន​ហើយនឹង​ធ្វើការ​ពិនិត្យ​ទៅ​លើ​ភស្តុ​តាង​ទាំងនោះ​។​

​ចៅក្រម​ជំនុំជម្រះ​ លោក​ ហេង​ សុខ​ណា​ បាន​សម្រេច​ប្រកាស​សវនាការ​អំពី​សំណុំរឿង​លោក​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​មណ្ឌល​សៀម​រាម​ នៅ​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់​នៅ​ថ្ងៃ​ទី​ ១០​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៦​ នៅ​ខេត្ត​សៀម​រាម​ បន្ទាប់​ពី​លោក​មក​ពី​សហរដ្ឋអាមេរិក​ ដោយ​តុលាការ​ចោទប្រកាន់​ពី​ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ ដែល​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​៕

Share

ព័ត៌មានទាក់ទង

Image