ភ្នំពេញ៖ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានចូលទៅសម្ងំនៅក្នុងស្នាក់ការគណបក្សរបស់លោកនៅសង្កាត់ចាក់អង្រែលើ រយៈពេលជាង ៣ ខែមកហើយ។ ការដែលលោក កឹម សុខា ធ្វើដូចនេះ ដោយសារលោកគេចចេញពីការចាប់នាំខ្លួនទៅកាន់តុលាការ ករណីលោកមិនចូលខ្លួនពាក់ព័ន្ធសំណុំដែលតុលាការចោទលោកពីបទ សញ្ចារកម្ម តាមមាត្រា ២៨៤ មានស្ថានទំងន់ទោស ២ឆ្នាំ ទៅ ៥ ឆ្នាំករណី ពេស្យាចារពាន់ព័ន្ធនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
សំណុំរឿងរបស់លោក កឹម សុខា បាននាំឱ្យមានការចោទសួរដោញដោលគ្នាក្នុងចំណោម អ្នកវិភាគ អ្នកសង្កេតការណ៍ និងពលរដ្ឋសកម្មរឿងនយោបាយ ថាតើ សំណុំរឿងនេះ ដែលគេថាជារឿងនយោបាយ ត្រូវបញ្ចប់ដោយទុកឱ្យលោក កឹម សុខា រស់នៅគ្មានសេរីភាពដើរហើរ ឬ ត្រូវនាំខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះ ទៅជំនុំជម្រះឬទៅពន្ធនាគារ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី FM ១០២ នៅថ្ងៃចន្ទទី៥ កញ្ញានេះ អ្នកវិភាគម្នាក់ក្នុងចំណោម ២នាក់ យល់ឃើញថា បើការចាប់ខ្លួន លោក កឹមសុខា នឹងអាចបិទបញ្ចប់វិត្តនយោបាយនៅកម្ពុជា។ លោកបញ្ជាក់ថា សហគមន៍អន្តរជាតិដែលមានឥទ្ធិពលលើកម្ពុជានឹងអន្តរាគមន៍ ជាក់ស្ដែង និងដោយផ្ទាល់ ព្រោះគេមិនបណ្ដោយឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគ្រោះថ្នាក់ឡើយ។ ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏អាចវិលចូលប្រទេសបានដែរ។
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បានផ្ដល់បទសម្ភាសន៍ដែលមានខ្លឹមសារដូចខាងក្រោម៖
ចំណែកលោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម ហាក់យល់ឃើញផ្ទុយបន្តិចពីលោក សូ ចន្ថា។ លោកពិនិត្យឃើញថា ស្ថានការណ៍នយោ បាយសព្វថ្ងៃនេះ កាន់តែអាក្រក់គឺរឿងមួយមិនទាន់ចប់ផង បែរជាចូលរឿងមួយទៀត ដែលករណីនេះ លោកទទូចឱ្យអ្នកនយោបាយត្រូវមានការឯកភាពជាតិឱ្យបានទូលំទូលាយ ដោយមិនត្រូវបបួលគេមកប្រកួតហែទឹកចងដៃគេនោះទេ។
ប្រសាសន៍លោក មាស នី៖
តែយ៉ាងណាក៏ដោយ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនបកស្រាយឆ្លើយតបទៅនឹងអ្នកវិភាគដោយលោកថា ជារឿង នីតិរដ្ឋ និង តុលាការ ។
ប្រសាសន៍លោក សួស យ៉ារ៉ា៖
ចាប់តាំងពីលោក កឹម សុខា សម្ងំស្នាក់នៅក្នុងស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលមានរយៈពេលជាង ៣ ខែមកនេះ សហគមន៍អន្តរជាតិ មានដូចឯកអគ្គរដ្ឋទូតលោកខាងលិច រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ប្រទេសកាណាដា មន្រី្តជាន់ខ្ពស់អាមេរិក និង មន្ត្រីអង្គការអន្តរជាតិ ជាច្រើនបាន មកចូលសួរសុខទុក្ខលោក កឹម សុខា និង បានស្វែងយល់អំពីស្ថានភាពជម្លោះនយោបាយនៅកម្ពុជា។ ក្រោយពីជួបលោក កឹម សុខា ហើយនោះ ពួកគេតែងតែទទូចឱ្យកម្ពុជា បញ្ចប់វិបត្តិនយោបាយដោយសន្តិវិធី។ ករណីកម្ពុជា ទាំងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែង ការណ៍ ពី ២ ទៅ ៣ដងមកហើយដែរ ឱ្យភាគីនយោបាយខ្មែរចរចាឡើងវិញ ។ ជាមួយគ្នានេះ លោក បាន គីមូន អគ្គលេខាធិការ អង្គការសហ ប្រជាជាតិ ក៏បានទទូចដូចនេះដែរ។ តែបែបនេះក្ដី បក្សកាន់អំណាចនៃគណបក្សប្រជាជនកម្ពុជា តែងតែអះអាងថា ជាបញ្ហាផ្ទៃក្នុងកម្ពុជា ហើយ ថា ស្ថានការណ៍ប្រជាធិបតេយ្យនៅកម្ពុជា មិន អាក្រក់ដូចការចោទឡើយ៕