ក្រុងសេអ៊ូល៖ ភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គួនហេ(Park Geun –hye) បាននិយាយនៅឯកិច្ចប្រជុំកំពូលមួយ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីន ពីង នៅថ្ងៃចន្ទទី០៥ កញ្ញានេះថា ការធ្វើតេស្តនុយក្លេអ៊ែរចំនួនបួនលើក និងការបាញ់បង្ហោះមីស៊ីលពីសំណាក់កូរ៉េខាងជើង គឺកំពុងធ្វើឱ្យទំនាក់ទំនងរវាងកូរ៉េត្បូង និងចិនហាក់ប្រឈមមុខដាក់គ្នា។
លោកស្រី ប៉ាក់ និយាយថា ការបង្កហេតុពីសំណាក់កូរ៉េខាងជើង កំពុងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់អាស៊ីភាគឦសានផងដែរ។ នេះបើយោងតាមការផ្សាយរបស់ យ៉ុនហាប់ បន្ទាប់ពីលោកស្រី ប៉ាក់ និងលោកស៊ី បានជួបប្រជុំក្រៅផ្លូវនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំទាំង ២០ នៅក្នុងទីក្រុង ហាងចូវ (Hangzhou) ប្រទេសចិន។
ប្រភព៖CNA