ភ្នំពេញ៖ ខណៈថ្ងៃខួបគម្រប់១០០ ថ្ងៃ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាកបញ្ហាសង្គមដ៏ល្បីល្បាញ ដោយខ្មាន់កាំភ្លើង កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦ កាន់តែខិតជិតចូលមកដល់ គណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី បានប្រកាសបើកយុទ្ធនាការមួយ ដែលមានឈ្មោះថា «យុទ្ធនាការ ១០០សន្លឹក ស្វែងរករូបភាពរបស់លោកបណ្ឌិតកែមឡី» ក្នុងគោលបំណងប្រមូលរូបថតដើម្បីរម្លឹកដល់ការចងចាំពីវីរៈភាពរបស់លោក កែម ឡីដែលធ្លាប់បានធ្វើការងារជួយដល់សង្គម កាលពីលោកនៅមានជីវិត។ មួយវិញទៀត យុទ្ធនាការប្រមូលរូបថតនេះ ក៏មានបំណងដើម្បីរក្សារូបលោកបណ្ឌិត កែម ឡី ចងក្រងទុកជាឯកសារ ទៅថ្ងៃខាងមុខផងដែរ។
សមាជិកមួយរូបក្នុងចំណោមគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី និង ជាប្រធានអង្គការបណ្ដាញយុវជនកម្ពុជាលោក ទឹម ម៉ាឡៃ បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីថា យុទ្ធនាការនឹងចាប់ផ្ដើមពីដើមខែកញ្ញានេះ រហូតដល់ថ្ងៃបុណ្យ១០០ ថ្ងៃជូនលោក បណ្ឌិត កែម ឡី ចូលមកដល់ ។ លោកបន្តថា ការស្វែងរករូបថតនេះ គឺដើម្បី យកមកតាំងពិពណ៌ឱ្យអ្នកចូលរូមបុណ្យបានឃើញពីសកម្មភាពរបស់លោកបណ្ឌិត ដែលលោកបានជួយសង្គមយ៉ាងសកម្ម ។
សូមស្ដាប់បទសម្ភាសន៍រវាងលោក លៀ ស៊ីណា និង ទឹម ម៉ាឡៃ ដូចតទៅៈ