en     km
en     km

លោក​ អូ​បា​ម៉ា​ ដាក់​សម្ពាធ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មុន​កិច្ចប្រជុំ​ G-20

Share

​ហាង​ចូ​វ​៖​ លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ដាក់​សម្ពាធ​ទៅ​សម​ភាគី​ចិន​ លោក​ ស៊ី​ ជី​ន​ពីង​ កាល​ថ្ងៃ​សៅរ៍​ ទី​៣​ កញ្ញា​ ម្សិលមិញ​ ជុំវិញ​ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ការ​ទទូច​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បែប​នេះ​ គឺ​ដើម្បី​លើកកំពស់​កាតព្វកិច្ច​ស្របច្បាប់​របស់​ចិន​ និង​ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ទៅ​ឱ្យ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​របស់​ខ្លួន​បានដឹង​ថា​ អា​មេ​រិ​ក​គឺ​មិន​ព្រងើយកន្តើយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បួ​ង​នេះ​ទេ​។​

ប្រធានាធិបតីចិននៅខាងឆ្វេង, ប្រធានាធិតីអាមេរិកនៅខាងស្តាំ។រូបភាពពីCNA
ប្រធានាធិបតីចិននៅខាងឆ្វេង, ប្រធានាធិតីអាមេរិកនៅខាងស្តាំ។រូបភាពពីCNA

​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជី​ន​ពីង​ និយាយ​ថា​ ប្រទេស​ចិន​នឹង​បន្ត​ការ​ការពារ​អធិបតេយ្យភាព​ និង​សិទ្ធិ​លើ​ដែនសមុទ្រ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ លើ​គេហទំព័រ​របស់​ក្រសួងការបរទេស​ចិន​។​

​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​ទាំង​ពីរ​ និង​គណៈប្រតិភូ​របស់​ខ្លួន​ បាន​ជួប​ពិភាក្សា​គ្នា​អស់​រយៈពេល​ជាង​បួន​ម៉ោង​ ដើម្បី​ជជែក​គ្នា​លើ​បញ្ហា​ម្តង​មួយៗ​មុន​ពេល​ដែល​លោក​ អូ​បា​ម៉ា​ និង​លោក​ ស៊ី​ បាន​បណ្តើរគ្នា​ទៅ​ទស្សនា​ពេល​រាត្រី​ជាមួយ​គ្នា​។​

ភាព​តានតឹង​នៅ​លើ​ដែនទឹក​ជម្លោះ​រវាង​ ចិន​ និង​ប្រទេស​ជិតខាង​របស់​ចិន​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ព្យួរ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ G​ 20​ ដែល​នឹង​បើក​ដំណើរការ​នៅ​ទីក្រុង​ភាគ​ខាងកើត​នៃ​ទីក្រុង​ ហាង​ចូ​វ​ (Hangzhou)​ ប្រទេស​ចិន​នៅ​ថ្ងៃអាទិត្យ​ទី​០៤​កញ្ញា​នេះ​។​

បន្ទាប់​ពី​ប្រជុំ​ជាមួយ​លោក​ ស៊ី​ ជី​ន​ពីង​ និង​មន្ត្រី​កំពូលៗ​រួម​មក​ លោក​ អូ​បា​ម៉ា​ ក៏​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​ដើម្បី​ឱ្យ​ប្រទេស​ចិន​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​នូវ​សន្ធិសញ្ញា​ដែនសមុទ្រ​អន្តរជាតិ​ នៅ​ក្នុង​ដែន​ជម្លោះ​ ដែល​ចិន​បាន​កាន់កាប់​លើ​ទឹកដី​ដែល​សម្បូរ​ដោយ​ប្រេង​ និង​ត្រី​ ហើយ​ដែនទឹក​នោះ​ក៏​ជា​ច្រក​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់​ផង​ដែរ​ ដោយ​អាច​រក​ចំណូល​បាន​ប្រមាណ​ ៥​ ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ពី​នាវា​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​។​

កាលពី​ពេល​ថ្មីៗ​នេះ​ តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ បាន​សម្រេច​កាលពី​ខែកក្កដា​ថា​ ប្រទេស​ចិន​មិន​មាន​ភស្តុ​តាង​ជា​ជា​ប្រវត្តិសាស្ត្រ​ណាមួយ​លើ​ផ្ទៃ​ទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ឡើយ​។​  មួយវិញទៀត​សេចក្តីសម្រេច​ក៏​បាន​ថ្កោលទោស​មក​លើ​ចិន​ថា​ បាន​លោភ​សិទ្ធិ​ហ្វី​លី​ពី​ន​ ដែល​បាន​នាំ​ករណី​នេះ​ ស្ថិត​នៅ​ក្រោម​អនុសញ្ញា​ U.N.​ ស្តី​ពី​ច្បាប់​សមុទ្រ​។​

តែ​យ៉ាងណា​ ក្រុង​ប៉េ​កាំ​ង​ធ្លាប់​បាន​ច្រានចោល​សេចក្តីសម្រេច​នេះ​ ហើយ​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ បាន​បង្ក​ឱ្យ​មាន​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ ដែល​កន្លង​មក​ចិន​បាន​ទាមទារ​ថា​ ជា​ទឹកដី​របស់​ខ្លួន​ និង​ប្រកែក​ទាមទារ​យក​តំបន់​ត្រួតស៊ីគ្នា​នៅ​ក្នុង​ផ្នែក​ខ្លះ​ជាមួយ​ប្រទេស​ វៀតណាម​ ហ្វី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​ ប្រ៊ុ​យ​ណេ​ និង​កោះ​តៃវ៉ាន់​។​

ទោះជា​យ៉ាងណា​ លោក​ ស៊ី​ បាន​និយាយ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយនឹង​លោក​ អូ​បា​ម៉ា​ ថា​ប្រទេស​ចិន​«​នឹង​តស៊ូ​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ តាម​រយៈ​ការពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ដោយ​សន្តិវិធី​»​។​ លោក​បាន​ទទូច​ឱ្យ​សហរដ្ឋអាមេរិក​វិញ​ថា​ អា​មេ​រិ​ក​ត្រូវ​ដើរតួ​នាទី​ស្ថាបនា​នៅ​ក្នុង​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​។​

សេចក្តីថ្លែងការណ៍​ដ៏​វែង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​គឺ​បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​ សេត​វិមាន​ប្រកាស​ថា​ ៖«​លោក​ប្រធានាធិបតី​បាន​បញ្ជាក់​ជា​ថ្មី​ថា​ សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ជាមួយ​ប្រទេស​គ្រប់​ទាំងអស់​នៅ​ក្នុង​តំបន់​នេះ​ ដើម្បី​អនុវត្ត​នូវ​គោលការណ៍​នៃ​ច្បាប់​អន្ដរជាតិ​ពាណិជ្ជកម្ម​ ដោយ​មិន​ឱ្យ​មានច្បាប់​ណា​មក​រារាំង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ និង​ការ​ហោះហើរ​នេះ​បាន​ឡើយ​»​។​

​ក្រសួងការបរទេស​ចិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ឱ្យ​ដឹង​ថា​ សហរដ្ឋអាមេរិក​គួរតែ​ទម្លាក់​ចោលការ​អនុវត្ត​ស្តង់ដា​ពី​រលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ និង​ត្រូវ​ដើរតួ​នាទី​យ៉ាង​វិជ្ជមាន​ក្នុង​ការ​រក្សា​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​៕​ប្រភព​៖CNA

Share

Image
Image
Image