ហាងចូវ៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានដាក់សម្ពាធទៅសមភាគីចិន លោក ស៊ី ជីនពីង កាលថ្ងៃសៅរ៍ ទី៣ កញ្ញា ម្សិលមិញ ជុំវិញជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង។ ការទទូចឱ្យរដ្ឋាភិបាលក្រុងប៉េកាំងបែបនេះ គឺដើម្បីលើកកំពស់កាតព្វកិច្ចស្របច្បាប់របស់ចិន និងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកទៅឱ្យសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួនបានដឹងថា អាមេរិកគឺមិនព្រងើយកន្តើយពីបញ្ហាសមុទ្រចិនខាងត្បួងនេះទេ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និយាយថា ប្រទេសចិននឹងបន្តការការពារអធិបតេយ្យភាព និងសិទ្ធិលើដែនសមុទ្ររបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ លើគេហទំព័ររបស់ក្រសួងការបរទេសចិន។
មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរ និងគណៈប្រតិភូរបស់ខ្លួន បានជួបពិភាក្សាគ្នាអស់រយៈពេលជាងបួនម៉ោង ដើម្បីជជែកគ្នាលើបញ្ហាម្តងមួយៗមុនពេលដែលលោក អូបាម៉ា និងលោក ស៊ី បានបណ្តើរគ្នាទៅទស្សនាពេលរាត្រីជាមួយគ្នា។
ភាពតានតឹងនៅលើដែនទឹកជម្លោះរវាង ចិន និងប្រទេសជិតខាងរបស់ចិន ត្រូវបានគេរំពឹងថា នឹងព្យួរនៅក្នុងកិច្ចប្រជុំកំពូល G 20 ដែលនឹងបើកដំណើរការនៅទីក្រុងភាគខាងកើតនៃទីក្រុង ហាងចូវ (Hangzhou) ប្រទេសចិននៅថ្ងៃអាទិត្យទី០៤កញ្ញានេះ។
បន្ទាប់ពីប្រជុំជាមួយលោក ស៊ី ជីនពីង និងមន្ត្រីកំពូលៗរួមមក លោក អូបាម៉ា ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ដើម្បីឱ្យប្រទេសចិនគោរពតាមកាតព្វកិច្ចរបស់ខ្លួននូវសន្ធិសញ្ញាដែនសមុទ្រអន្តរជាតិ នៅក្នុងដែនជម្លោះ ដែលចិនបានកាន់កាប់លើទឹកដីដែលសម្បូរដោយប្រេង និងត្រី ហើយដែនទឹកនោះក៏ជាច្រកពាណិជ្ជកម្មមួយដ៏សំខាន់ផងដែរ ដោយអាចរកចំណូលបានប្រមាណ ៥ ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ពីនាវាធ្វើដំណើរឆ្លងកាត់ទីនោះ។
កាលពីពេលថ្មីៗនេះ តុលាការមជ្ឈឹត្តការអន្តរជាតិក្រុងឡាអេ បានសម្រេចកាលពីខែកក្កដាថា ប្រទេសចិនមិនមានភស្តុតាងជាជាប្រវត្តិសាស្ត្រណាមួយលើផ្ទៃទឹកនៃសមុទ្រចិនខាងត្បូងនោះឡើយ។ មួយវិញទៀតសេចក្តីសម្រេចក៏បានថ្កោលទោសមកលើចិនថា បានលោភសិទ្ធិហ្វីលីពីន ដែលបាននាំករណីនេះ ស្ថិតនៅក្រោមអនុសញ្ញា U.N. ស្តីពីច្បាប់សមុទ្រ។
តែយ៉ាងណា ក្រុងប៉េកាំងធ្លាប់បានច្រានចោលសេចក្តីសម្រេចនេះ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្កឱ្យមានបញ្ហានៅសមុទ្រចិនខាងត្បូងនេះ ដែលកន្លងមកចិនបានទាមទារថា ជាទឹកដីរបស់ខ្លួន និងប្រកែកទាមទារយកតំបន់ត្រួតស៊ីគ្នានៅក្នុងផ្នែកខ្លះជាមួយប្រទេស វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់។
ទោះជាយ៉ាងណា លោក ស៊ី បាននិយាយនៅក្នុងកិច្ចពិភាក្សាជាមួយនឹងលោក អូបាម៉ា ថាប្រទេសចិន«នឹងតស៊ូដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងនេះ តាមរយៈការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដោយផ្ទាល់និងដោយសន្តិវិធី»។ លោកបានទទូចឱ្យសហរដ្ឋអាមេរិកវិញថា អាមេរិកត្រូវដើរតួនាទីស្ថាបនានៅក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់។
សេចក្តីថ្លែងការណ៍ដ៏វែងដែលមិនធ្លាប់មានពីមុនមកគឺបន្ទាប់ពីកិច្ចប្រជុំនេះ សេតវិមានប្រកាសថា ៖«លោកប្រធានាធិបតីបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសគ្រប់ទាំងអស់នៅក្នុងតំបន់នេះ ដើម្បីអនុវត្តនូវគោលការណ៍នៃច្បាប់អន្ដរជាតិពាណិជ្ជកម្ម ដោយមិនឱ្យមានច្បាប់ណាមករារាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនេះបានឡើយ»។
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយឱ្យដឹងថា សហរដ្ឋអាមេរិកគួរតែទម្លាក់ចោលការអនុវត្តស្តង់ដាពីរលើបញ្ហាសមុទ្រចិនខាងត្បូង និងត្រូវដើរតួនាទីយ៉ាងវិជ្ជមានក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕ប្រភព៖CNA