ហាងចូវ៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានមកដល់ប្រទេសចិនហើយនៅថ្ងៃសៅរ៍ ទី០៣ កញ្ញានេះ សម្រាប់ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនេះក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការស្នូលនៅទ្វីបអាស៊ី ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក។
លោក អូបាម៉ា ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅពេលយន្តហោះ Air Force One បានចុះចតនៅភាគខាងកើតនៃទីក្រុងហាងចូវ ទីដែលប្រទេសចិនត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល G20 នៃប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក។
នៅថ្ងៃសៅរ៍ដដែលនេះ លោក អូបាម៉ា នឹងជួបពិភាក្សាជាលក្ខណៈឯកជនជាមួយប្រធានាធិបតីចិនលោក ស៊ីជីនពីង នៅបឹងភាគខាងលិចដ៏ស្រស់ស្អាតរបស់ទីក្រុងនេះ។
កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដីជាសកលបន្ទាប់ពីប្រទេសចិន នៅថ្ងៃសៅរ៍នេះបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីអាកាសធាតុក្រុងប៉ារីស។
ប្រធានបទនៃការដោះស្រាយបញ្ហាបំរែបម្រួលអាកាសធាតុ បានបង្កជាការលំបាករវាងមហាអំណាចទាំងពីរ។
ប៉ុន្តែគេរំពឹងថា លោកអូបាម៉ា និង លោកស៊ី នឹងពិភាក្សាគ្នាអំពីភាពតានតឹងនៅសមុទ្រចិនខាងត្បូង ជាទីដែលចិនទាមទារថាជាទឹកដីរបស់ក្រុងប៉េកាំង ហើយកន្លងមកចិនបានកសាងកោះសិប្បនិម្មិតលើដែនទឹកដែលមានជម្លោះនោះ។
ចំណែកនៅថ្ងៃអាទិត្យលោក អូបាម៉ា នឹងជួបពិភាក្សាជាមួយលោកស្រីTheresa May ជាលើកដំបូងចាប់តាំងពីលោកស្រី បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស បន្ទាប់ពីប្រទេសនេះធ្វើការបោះឆ្នោតជាប្រវត្តិសាស្ត្រចាកចេញពីសហភាពអឺរ៉ុប។
លោក អូបាម៉ា អាចយកឱកាសនេះដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងបន្ធូរបន្ថយការប្រយុទ្ធគ្នានៅជុំវិញទីក្រុងអាឡេប៉ូបាន។
បន្ទាប់ពីការពិភាក្សាក្រុមប្រទេស G20 បិទបញ្ចប់នៅថ្ងៃចន្ទ លោកអូបាម៉ានឹងធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ៕ប្រភព៖CNA