ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើថា អភិបាលរាជធានីភ្នំពេញគួរពិនិត្យមើលច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីសិទ្ធិបញ្ចេញមតិឡើងវិញ។ ប្រសាសន៍របស់អ្នកនាំពាក្យដូចនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អភិបាលរាជធានីភ្នំពេញ ដែលស្រង់សម្ដីមកចុះផ្សាយដោយគេហទំព័រ Freshnews ដោយបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញចាប់ពីពេលនេះតទៅនឹងមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដង្ហែក្បូនបាតុកម្ម ឬក៏ដង្ហែញត្តិអ្វីតទៅទៀតហើយបើទោះបីជាស្នើរសុំក៏ដោយ ។ ចំណែកអង្គការសង្គមស៊ីវិលវិញយល់ថា ប្រសិនជាសាលារាជាធានីភ្នំពេញធ្វើដូចការចេញផ្សាយនោះមែន ទង្វើនេះគឺជាការរំលោភបំពានលើលើច្បាប់ជាតិទាំងស្រុង ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងក្នុងពិធី ការបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃ សៅរិ ទី ០៣ ខែ កញ្ញា ថា ចាប់ពីពេលនេះតទៅ អាជ្ញាធរនឹងមិនអនុញត្តិឲ្យគណបក្សសង្គ្រោះជាតិដង្ហែរក្បួន ឬក៏ដង្ហែញត្ដិទៀតឡើយ បើទោះបីជាមានការស្នើសុំឬអំពាវនាវក្ដី ព្រោះទីក្រុងនេះមិនមែនជា របស់គណបក្សប្រឆាំងទេ ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Freshnews។
វិទ្យុស្ដ្រីFM102មិនអាចសុំការពន្យល់លម្អិតជុំវិញរឿងនេះ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ នៅថ្ងៃ សៅរិ ទី ០៣ ខែ កញ្ញា នេះ ។
ការថ្លែងរបស់លោក ប៉ា សុជាតិរង្ស ដូចនេះទំនងជាការឆ្លើយតបទៅនឹងគម្រោងរបស់គណបក្សសង្គ្រោះជាតិ ដែលលោក អេង ឆៃអ៊ាង បានប្រកាសកាលពីថ្ងៃទី ០២ កញ្ញា ម្សិលមិញនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសង្កាត់ចក្រអង្រែលើថា នៅថ្ងៃ ចន្ទ ទី ០៥ ខែ កញ្ញា ខាងមុខនេះគណបក្សប្រឆាំង និងធ្វើញត្ដិមួយដើម្បីផ្ញើទៅកាន់ស្ថានទូតនានា ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស និង បណ្ដាប្រទេសជាសមាជិកអាស៊ាន ឲ្យបានដឹងជុំវិញការអនុវត្ដន៍ការគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានការធ្លាក់ចុះជាខ្លាំង និង ការអនុវត្ដន៍មិនស្របទៅតាមកិច្ចព្រមព្រៀងទីក្រុងនោះទេ ។ លោក អេង ឆៃអ៊ាង«ខ្លឹមសារនៃញត្ដិហ្នឹងយើងនឹងបង្ហាញប្រាប់ទៅប្រទេសហត្ថលេខីឲ្យបានជ្រាបច្បាស់ថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះកំពុងធ្វើដំណើរឃ្លាតចាកពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទាក់ទងនិងដំណើរការ ការអនុវត្ដន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
ចំណែកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានផ្ដល់បទសម្ភាសខ្លីមកកាន់វិទ្យុស្ដ្រីនៅថ្ងៃ សៅរិ ទី ០៣ កញ្ញា នេះថា លោកសូមស្នើដល់អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីអាជ្ញាធរពាក់ព័ន្ធសូមពិនិត្យមើលមានត្រាច្បាប់ស្ដីពីបាតុកម្ម និងច្បាប់រដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិនៃការបញ្ចេញមតិឡើងវិញ។
អ្នកនាំពាក្យបក្សប្រឆាំងបន្ដទៀតថា នៅពេលដែលប្រជាពលរដ្ឋមិនសប្បាយចិត្ដនិងរឿងអ្វីមួយ គឺនៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជានៅក្នុងច្បាប់ស្ដីពីបាតុកម្ម គឺពលរដ្ឋលោកអាចស្នើធ្វើបាតុកម្ម ឬដង្ហែរញត្ដិដោយសន្ដិវិធីបាន។ លោក យឹម សុវណ្ណ៖«នៅពេលណាដែលប្រជាពលរដ្ឋមិនសប្បាយ ចិត្ដនិងរឿងអ្វីមួយ គឺនៅក្នុងរដ្ឋធម្មនុញ្ញក៏ដូចជានៅក្នុងច្បាប់បាតុកម្មគឺគាត់អាចនិងធ្វើបានអញ្ចឹងសូមឲ្យពិនិត្យមើលរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីបាតុកម្មឡើងវិញបាទ»។
ចំណែកលោក សួន ប៊ុនស័ក្ដិ អគ្គលេខាធិការនៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា CHRAC បានបង្ហាញការយល់ឃើញរបស់លោកថា ប្រសិនជាអភិបាលរាជធានីមានប្រសាសន៍ដូចនេះ គឺជាការធ្វើខុសច្បាប់ទាំងស្រុង។ អគ្គលេខាធិការ អង្គការ ច្រាក់រូបនេះពន្យល់ថា ប្រសិនជាប្រជាពលរដ្ឋ ឬគណបក្សនយោបាយមានការស្នើសុំធ្វើបាតុកម្ម ឬការហែរញត្ដិស្របទៅតាមច្បាប់ គឺអាជ្ញាធរមានកាតព្វកិច្ចសម្របសម្រួលឲ្យគេធ្វើដោយស្របទៅតាមនីតិវិធី ព្រោះជាគោលការណ៍មិនមានច្បាប់ដែលហាមត្រឹមតែការដង្ហែរក្បួន ឬដង្ហែរញត្ដិផ្សេងៗនោះទេ លើកលែងតែមានភស្ដុតាងដែលបង្ហាញថា ការហែរក្បួននោះមានលក្ខណៈគំរាមគំហែងដល់សន្ដិសុខប្រទេសជាតិ ។ លោក សួន ប៊ុនស័ក្ដិ«ជាគោលការណ៍អត់មានច្បាប់ថាហាមទេ លុះត្រាតែមានភស្ដុតាងណាមួយដែលគំរាមគំហែងដល់សន្ដិសុខជាតិទើបរដ្ឋមានសមត្ថភាព ហេតុផលក្នុងការហាមប្រាមគេបាន បើនៅក្នុងសភាពការណ៍ធម្មតាជាគោលអត់អីត្រូវហាមប្រាមទេបាទ»។
កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងកូនស្រីបង្កើតរបស់លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាថា ការដង្ហែរញត្តិរបស់គណបក្សសង្គ្រោះជាតិទៅកាន់បណ្តាស្ថានទូតនានានៅក្នុងរាជធានីភ្នំពេញ នឹងប្រព្រិត្តិទៅនៅថ្ងៃទី៥ ខែកញ្ញា ២០១៦ ដោយជួបជុំនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនាម៉ោង ៨ព្រឹក ហើយចាប់ផ្តើមហែរនាម៉ោង ១០ព្រឹក។