អ្នកនយោបាយស្រ្តីពីររូបរបស់តៃវ៉ាន់ គឺ លោកស្រី ហូង ស៊ីវ ឆូ (Hung Hsiu-Chu) និង លោក ស្រី ធីសៃ អ៊ីង វ៉េន(Tsai Ing-wen) នឹងជួបមុខគ្នានៅក្នុងវេទិការសាធារណៈជ្រើសតាំងប្រធានាធិបតេយ្យតៃវ៉ាន់អាណត្តិថ្មី នាដើមឆ្នាំ២០១៦ខាងមុខនេះ។
ប្រធានគណៈបក្សអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ Democratic Progressive Party (DPP) គឺ លោកស្រី សៃ អ៊ីង វ៉ុន(Tsai Ing-Wen) អាយុ ៥៨ ត្រូវបានសមាជិកបក្សជ្រើសរើសជាបេក្ខភាព ដើម្បីប្រជួតប្រជែងយកតំណែងជាមួយ ស្ត្រីជើងខ្លាំងម្នាក់ទៀត ដែលមានវ័យ ៦៨ ឆ្នាំ មកពីគណៈបក្សកាន់អំណាចរបស់តៃវ៉ាន់ Taiwan’s ruling party Kuomintang(KMT)។
ជាវាគ្មិនផ្នែកច្បាប់ លោកស្រី ហូង ស៊ីវ ឆូ កំពុងមានការកើនឡើងប្រជាប្រិយភាពដោយសារតែភាពប៉ិនប្រសព្វក្នុងការនិយាយដោយឥសំចីរបស់អ្នកស្រី។ ដោយមានរហស្សនាមថា «ម្រេចក្តៅតិចៗ» (Little Hot Paper) លោកស្រី ហូង ស៊ីវ ឆូ ដែលធ្លាប់ជាអតីតគ្រូ និង អ្នកព្រឹក្សាយោបល់ បានខិតខំប្រឹងប្រែងដោយខ្លួនឯងចាប់តាំងពីក្មេងខ្ចី រហូត បានក្លាយជាសមាជិកដ៏ស្មោះត្រង់ម្នាក់របស់គណៈបក្ស KMT នាពេលសព្វថ្ងៃ។
ទំាងលោកស្រី ហូង និង ធីសៃ សុទ្ធតែជាអ្នកនយោបាយស្ត្រីដែលមិនកើតចេញមកពីគ្រួសារអ្នកនយោបាយ ឫ មានឥទ្ធិពលឡើយ ប៉ុន្តែពួកគាត់ជាស្ត្រីដែលខិតខំធ្វើការដោយខ្លួនឯងជាមួយរដ្ឋាភិបាលតៃវ៉ាន់ជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហារវាងកោះតៃវ៉ាន់និងប្រទេសចិន ព្រមទាំងយុទ្ធសាស្ត្រធ្វើឲ្យសេដ្ខកិច្ចប្រទេសមានការរីកចំរើន ជាកត្តាដ៏សំខាន់ក្នុងការដណ្តើមមកតំណែងប្រធានាធិបតេយ្យតៃវ៉ាន់នាអាណត្តិក្រោយក្នុងឆ្នាំ២០១៦នេះ។
បើតាមសម្តីរបស់លោក យូ ចីងស៊ីន ដែលជាអ្នកស្រាវជ្រាវនៅមជ្ឃមណ្ឌលសិក្សាពីការបោះឆ្នាតរបស់សាកលវិទ្យាល័យជាតិ ចេង ជី (National Chen-chi University) ប្រាប់ BBC News បានឲ្យដឹងថា៖ « ចំនួនអ្នកនយោបាយដែលជាស្រ្តី ក្នុងកោះតៃវ៉ាន់ បានកើនឡើងជាយូរមកហើយ ប៉ុន្តែ បុរសនៅតែជាអ្នកដែលត្រូវគឺបានប្រជាជនជ្រើសរើស…មានស្ត្រីតិចតួចណាស់ដែលកាន់តំណែងសំខាន់ក្នុងជួររដ្ឋភិបាល។ ការបោះឆ្នោតអាណត្តិនេះនឹងមានការផ្លាស់ប្តូរខុសពីមុន ហើយវាជារឿងល្អ»។
សូមរំឮកផងដែរ បន្ទាប់ពីការដូលរលំនៃរបបរាជានិយមផ្តាច់ការរបស់ប្រទេសចិនមកតំាងពីឆ្នាំ ១៩១១ កោះតៃវ៉ាន់ នៅតែមិនទាន់បានទាមទារឯករាជ្យពេញលេញរបស់ខ្លួនពីចិនទាំងស្រុងទេនៅឡើយទេ រហូតមកដល់បច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះ ប្រមាណជិតមួយសតវត្សមកនេះ តៃវ៉ាន់មិនដែលមានប្រធានាធិបតេយ្យជាស្រ្តីក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនផងដែរ។