ចិន៖ រដ្ឋាភិបាលចិន បានសន្យាថា នឹងជួយស្វែងរកសន្ដិភាពនៃជម្លោះប្រដាប់អាវុធ រវាងកងទ័ព រដ្ឋាភិបាល និងពួកឧទ្ទាមជនជាតិដើមភាគតិចនៃប្រទេសភូមា ដែលជាផ្នែកមួយបើកផ្លូវឱ្យមានការឈប់បាញ់គ្នា។
អ្នកនាំពាក្យក្រសួងការបរទេសចិន គឺ លោកស្រី Hua Chunying បាននិយាយដូចនេះ នៅក្នុងសន្និសីទស្ដីពីសន្ដិភាព ដែលធ្វើឡើងរយៈពេល៥ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃពុធម្សិលមិញ។
ស្ដ្រីអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្រុងប៉េកាំងគាំទ្រការជួបចរចា នៃជម្លោះប្រដាប់អាវុធ រវាងជនជាតិដើមភាគតិច និងកងទ័ពរដ្ឋាភិបាល ដោយសន្យាថា ក្រុងប៉េកាំង ដើរតួនាទីយ៉ាង សំខាន់ ដើម្បីដោះស្រាយជម្លោះដែលកើតជាច្រើនទស្សវត្សមកនេះ។
សន្និសីទស្ដីពីសន្ដិភាពនេះ ត្រូវបានបណ្ដាញផ្សាយព័ត៌មានភូមា មីហ្ស៊ីម៉ា បានចុះផ្សាយនៅថ្ងៃនេះថា យន្ដការនៃការដោះស្រាយនេះ ផ្ដួចផ្ដើមឡើងដោយ លោកស្រី អង់ សានសូជី ឧត្ដមទីប្រឹក្សារដ្ឋនៃរដ្ឋាភិបាលភូមា។
ប៉ុន្ដែអ្វីដែលទីក្រុងប៉េកាំងបានប្ដេជ្ញាដូចនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី អង់ សានស៊ូជី បានទៅធ្វើទស្សនាកិច្ច នៅទីក្រុងប៉េកាំង កាលពី២សប្ដាហ៍មុន។
នៅក្នុងសន្និសីទស្ដីពីសន្ដិភាពប្រទេសភូមានេះដែរ មានគណប្រតិភូចូលរួម ១ពាន់៨រយនាក់ ក្នុងនោះ មានភាគីរដ្ឋាភិបាល ភាគីកងទ័ពរបស់រដ្ឋាភិបាល ក្រុមឧទ្ទាម និងអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ។
ប្រទេសភូមា មានក្រុមប្រដាប់អាវុធនៃជនជាតិដើមភាគតិច មានជម្លោះជាមួយរដ្ឋាភិបាល ជាច្រើនទស្សវត្សមកនេះ មាន១៨ក្រុម ៕ ប្រភពMizzima .com