ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងរិះគន់ចំណាត់ការ របស់តុលាការ ក្នុងសំណុំរឿង ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថា រំលោភច្បាប់ ខណៈដែលតុលាការនឹង បើកសវនាការ នៅថ្ងៃទី ០២ ខែ កញ្ញានេះ។
លោក អេង ឆៃអ៊ាង បានថ្លែងនៅថ្ងៃទី០១ ខែ កញ្ញាថា តុលាការ បានរំលោភនៅនីតិវិធីច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ករណីសំណុំរឿង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា ករណីលោក កឹម សុខា គឺជា រឿងនយោបាយ។
លោក អេង ឆៃអ៊ាង ៖« តុលាការកម្ពុជា កាត់ក្បាលតម្រូវមួក បានរំលោភហើយ រំលោភទៀតនូវនីតិវិធីច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា លើ ករណី លោក កឹម សុខា។ នេះបង្ហាញយ៉ាងច្បាស់ថា រឿងនេះ មិនមែនជារឿងអនុវត្តច្បាប់ ឬ រឿងបុគ្គលទេ គឺពិតជារឿងនយោបាយសុទ្ធសាធ»។
ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌តាមបណ្តាញសង្គម តេឡេក្រាម ( Telegram) ថា ករណីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនេះគឺ ក្រសួងយុត្តិធម៌បានចេញសេចក្តីថ្លែងការណ៍ ដោយមានមូលដ្ឋានគតិយុត្តិ ស្របតាម បទបញ្ញត្តិ ជាធរមានរួចទៅហើយ។
លោក លី សុផាណ៖«ក្រសួងយុត្តិធម៌បានចេញសេចក្តីថ្លែងការណ៍ដោយមានមូលដ្ឋានគតិយុត្តិស្របតាមបទ បញ្ញត្តិជាធរមាន អំពីករណីនេះរួចហើយ »។
នៅថ្ងៃទី ០១ ខែ កញ្ញានេះ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោត លើកអភ័យឯកសិទ្ធិព្រឹទ្ធសភា របស់លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ដែលជាការបើកផ្លូវឱ្យតុលាការបន្តនីតិវិធី។ ដោយឡែក អ្នកតំណាងរាស្ត្រពីរនាក់ទៀតកំពុងប្រឈមនឹងផ្លូវច្បាប់គឺ លោក តុប វណ្ណចាន់ និង លោក ពិន រតនា ករណីនាងខុមចាន់តារ៉ាទី ហៅស្រីមុំ។
ជាមួយគ្នានេះដែរ តំណាងអយ្យការតុលាការក្រុងភ្នំពេញ បានចេញដីកាបង្គាប់ឲ្យប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ចូលខ្លួនឆ្លើយបំភ្លឺ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារ សាធារណៈ ប្រើប្រាស់ឯកសារ សាធារណៈ ក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គមពាក់ព័ន្ធផែនទី។ ករណីបទចោទដូចគ្នាទៅនឹងលោក សម រង្ស៊ីដែរ គឺ អ្នកតំណាងរាស្ត្រពីររូប កំពុងជាប់ឃុំខ្លួនគឺ លោក ហុង សុខហួរ និង លោក អ៊ំ សំអាន៕