ភ្នំពេញ៖ ខណៈអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ឱ្យទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់គ្នា នៅរសៀលថ្ងៃទី ០១ កញ្ញានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានទៅចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ថ្ងៃដំបូងនៃយុទ្ធនាការចុះឈ្មោះបោះឆ្នោត នៅមណ្ឌលនីមួយៗគេសង្កេតឃើញ មានប្រជាពលយ៉ាងច្រើនបាននាំគ្នាទៅចុះឈ្មោះបោះឆ្នោត។ នៅថ្ងៃនេះដែរលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង លោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក៏បានទៅចុះឈ្មោះនៅតាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅរៀងៗខ្លួនផងដែរ។
ក្រៅពីនេះ តំណាងរាស្ត្ររបស់គណបក្សប្រឆាំងរួមមាន លោក យឹម សុវណ្ណ ជាដើម ក៏បានទៅចុះឈ្មោះរួចរាល់ផងដែរ។ ចំណែកលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មិនដឹងថាលោក នឹងទៅចុះឈ្មោះពេលណា ព្រោះលោក កំពុងស្ថិតក្នុងស្ថានភាព សម្ងំជ្រកកោន ករណីក្ដីក្ដាំងនៅ តុលាការ។
សូមជម្រាបថា យុទ្ធនាការនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី មានរយៈ៩០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ សម្រាប់អ្នកដែលមិនបានទៅចុះឈ្មោះបោះឆ្នោត នឹងមិនអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបានឡើយ៕