en     km
en     km

ក្រសួងការពារជាតិ​៖​ ប្រាប់​ពលរដ្ឋ​ឲ្យ​ស្ងប់ចិត្ត​ រឿង​កងទ័ព​ហ្វឹកហាត់​ នៅ​ក្បែរ​ ស្នាក់​ការ​ CNRP

Share

ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បាន​ប្រាប់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ប្រជាពលរដ្ឋ​ឲ្យ​ស្ងប់ចិត្ត​ករណី​កងទ័ពជើងទឹក​ធ្វើការ​ហ្វឹកហ្វឺន​ ជួយ​សង្គ្រោះ​ ក្នុង​គ្រោះ​មហន្តរាយ​ នៅ​តាម​ដង​ទន្លេបាសាក់​ និង​ទន្លេសាប​ នៅ​ពីក្រោយ​ទីស្នាក់ការ​ កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។​

militery-01
តែ​អ្នកវិភាគ​ថា​ គេ​គួរ​ជូនដំណឹង​ ដល់​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ ព្រោះ​ពួក​គេ​ ពិតជា​ភ័យ​ខ្លាច​។ ​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​៖

 

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ លោក​ ឈុំ​ សុ​ជាតិ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ក្រសួងការពារជាតិ​ នឹង​រៀបចំ​កងទ័ពជើងទឹក​ ធ្វើការ​ហ្វឹកហ្វឺន​ ក្នុង​កិច្ចការ​ជួយ​សង្គ្រោះ​ នៃ​គ្រោះ​មហន្តរាយ​ នៅ​តាម​ដង​ទន្លេសាប​ ទន្លេបាសាក់​ គឺ​មាន​រយៈពេល​ពីរ​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​៣១​ និង​ ថ្ងៃ​ទី​០១​ ខែកញ្ញា​ នេះ​។​

​អ្នកនាំពាក្យ​ រូប​នេះ​ បាន​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ការ​ហ្វឹកហ្វឺន​នេះ​ នឹង​មាន​នាវា​ចំនួន​ ៨​ គ្រឿង​ អូ​ប​រ័​ ២២​គ្រឿង​ ខណៈ​ដែល​ការ​ហ្វឹកហ្វឺន​ កាលពី​ម្សិលមិញ​ មាន​ឧទ្ធម្ភាគចក្រ​ យ៉ាងតិច​ ៥​ គ្រឿង​ហោះ​ឆ្វែល​ពីលើ​ ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​ទាំង​នាវា​ បំពាក់​ដោយ​អាវុធ​ និង​អូ​ប័​រ​ ជា​ច្រើន​គ្រឿង​ ព្រមទាំង​ឡាន​ដឹក​កងទ័ព​ ជា​ច្រើន​គ្រឿង​បើក​ទៅ​វិញ​ទៅ​មក​ មុខ​ទីស្នាក់ការ​បក្ស​ប្រឆាំង​ជា​ច្រើន​ជុំ​ កាលពី​ថ្ងៃ​ទី​ ៣១​ ខែសីហា​។​

​លោក​ ឈុំ​ សុ​ជាតិ​ អះអាង​ថា​ ការ​ចល័ត​កងទ័ព​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​មកនេះ​គឺ​ មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​។​

​លោក​ ឈុំ​ សុ​ជាតិ​៖«​ការ​ថា​ការ​គំរាមកំហែង​ដល់​គណបក្ស​ជា​រឿង​មួយ​ ខ្ញុំ​សូម​បដិសេធ​ទាំង​  ស្រុង​តែ​ម្តង​ ព្រោះ​កងទ័ព​មិន​ប៉ះពាល់​គំរាមកំហែង​ដល់​គណបក្ស​អ្វី​ទេ​។​ នេះ​គឺ​សម​ប្រយុទ្ធ​ការ​ប្រតិបត្តិ​ការណ៍​ កងទ័ព​ចល័ត​ពិសេស​ ឆាប់រ​ហ័យ​របស់​ក្រសួងការពារជាតិ​ សាកល្បង​ហ្វឹកហាត់​ប៉ុណ្ណោះ​ទេ​ មិន​ទាក់ទង​គណបក្ស​ទេ​។​ ដោយឡែក​បើ​អស់លោក​ខ្លាច​គណបក្ស​ ប៉ះពាល់​ទៅ​រស់នៅ​ក្នុង​ព្រៃ​ទៅ​ កុំ​នៅ​ក្រុងភ្នំពេញ​ បើ​ខ្លាច​ពេក​»​។​

​ជា​ការ​កត់សម្គាល់​ សមយុទ្ធ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​យោធា​មួយ​រូប​ បាន​បង្ហាញ​ជំហរ​ថា​ កងទ័ព​ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​ ចាត់ការ​តាម​ផ្លូវច្បាប់​ចាប់ខ្លួន​ លោក​ សម​ រ​ង្ស៊ី​ និង​ លោក​ កឹ​ម​ សុខា​ ប្រសិនបើ​មានការ​ស្នើ​សុំ​ពី​តុលាការ​។​

militery-01-1ការ​ព្រមាន​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​ ខណៈ​ដែល​សំណុំរឿង​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ នឹង​បើក​សវនាការ​ នៅ​ថ្ងៃ​ទី​៩​ខែកញ្ញា​ ពី​បទ​ចោទ​មិន​ចូលខ្លួន​ទៅ​បំភ្លឺ​ តាម​ដីការ​តុលាការ​ ករណី​រឿងអាស្រូវ​ផ្លូវភេទ​។​

​កូនស្រី​បង្កើត​របស់​លោក​ កឹ​ម​ សុខា​ គឺ​ កញ្ញា​ កឹ​ម​ មនោ​វិជ្ជា​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ប៊ុ​ក​នៅ​ថ្ងៃ​ទី​០១​ ខែ​ កញ្ញា​ ថា​ អូ​ប័​រ​បំពាក់​ដោយ​កាំភ្លើងយន្ត​ និង​កងទ័ព​ឯកសណ្ឋាន​ប៉ា​រ៉ា​ មាន​អាវុធ​ គ្រប់​ដៃ​ ចំនួន​ ១០​គ្រឿង​ ក្នុង​នោះ​ប្រភេទ​ធំ​ ២​គ្រឿង​ និង​តូច​ ៨​គ្រឿង​ បាន​ ដាក់​ពង្រាយ​នៅ​ខាងក្រោយ​ស្នាក់​ការ​ កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។​ កញ្ញា​ បាន​ចោទ​ជា​សំនួ​រថា​ តើ​នេះ​ជា​ការ​ហាត់​សមយុទ្ធ​របស់​ក្រសួងការពារជាតិ​។​

​ចំណែក​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​សិក្សា​ស្រាវជ្រាវ​ នយោបាយ​ការ​បរទេស​ យល់​ឃើញ​ថា​ ក្រសួងការពារជាតិ​ គួរ​ធ្វើ​សេចក្តីជូនដំណឹង​ អំពី​វត្ថុបំណង​ និង​ទីតាំង​នៃ​កងទ័ព​ធ្វើ​សមយុទ្ធ​នេះ​ ដើម្បី​កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ ដល់​ប្រជាពលរដ្ឋ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ជា​បញ្ហា​នៅ​ត្រង់​ថា​ អ្វី​ដែល​ធ្វើ​និង​វា​ហាក់ដូច​ចៃដន្យ​ពេក​ អ​ញ្ចឹ​ង​ខ្ញុំ​ថា​ទាមទារ​ឲ្យ​មានការ​ពន្យល់​ ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ អ​ញ្ចឹ​ង​ទេវា​ទៅ​ជា​មានការ​បកស្រាយ​ផ្សេង​ ប​ន្ទូ​ស​អ្នក​ដែល​បកស្រាយ​ ឬ​អ្នក​ដែល​មានការ​ភ័យ​ខ្លាច​មិន​បាន​ទេ​ ព្រោះ​យើង​ហាក់​ធ្វើ​អ្វី​ស្ងាត់ៗ​»​។​

​បើ​តាម​ការ​អះអាង​ របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ លោក​ ឈុំ​ សុ​ជាតិ​ បាន​បញ្ជាក់​ថា​ ក្រសួងការពារជាតិ​ នឹង​ចេញ​សេចក្តីជូនដំណឹង​ អំពី​ការ​ចល័ត​កងទ័ព​ ធ្វើ​សមយុទ្ធ​ក្នុង​រយៈពេល​២​ថ្ងៃនេះ​ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ដល់​មតិ​មហាជន​៕

Share

Image
Image
Image