ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ទៅគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋឲ្យស្ងប់ចិត្តករណីកងទ័ពជើងទឹកធ្វើការហ្វឹកហ្វឺន ជួយសង្គ្រោះ ក្នុងគ្រោះមហន្តរាយ នៅតាមដងទន្លេបាសាក់ និងទន្លេសាប នៅពីក្រោយទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ។
តែអ្នកវិភាគថា គេគួរជូនដំណឹង ដល់ពលរដ្ឋរស់នៅតំបន់នោះ ព្រោះពួកគេ ពិតជាភ័យខ្លាច។ លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍៖
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃនេះថា ក្រសួងការពារជាតិ នឹងរៀបចំកងទ័ពជើងទឹក ធ្វើការហ្វឹកហ្វឺន ក្នុងកិច្ចការជួយសង្គ្រោះ នៃគ្រោះមហន្តរាយ នៅតាមដងទន្លេសាប ទន្លេបាសាក់ គឺមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣១ និង ថ្ងៃទី០១ ខែកញ្ញា នេះ។
អ្នកនាំពាក្យ រូបនេះ បានបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនេះ ការហ្វឹកហ្វឺននេះ នឹងមាននាវាចំនួន ៨ គ្រឿង អូបរ័ ២២គ្រឿង ខណៈដែលការហ្វឹកហ្វឺន កាលពីម្សិលមិញ មានឧទ្ធម្ភាគចក្រ យ៉ាងតិច ៥ គ្រឿងហោះឆ្វែលពីលើ ទីស្នាក់ការគណបក្សសង្គ្រោះជាតិ រួមទាំងនាវា បំពាក់ដោយអាវុធ និងអូប័រ ជាច្រើនគ្រឿង ព្រមទាំងឡានដឹកកងទ័ព ជាច្រើនគ្រឿងបើកទៅវិញទៅមក មុខទីស្នាក់ការបក្សប្រឆាំងជាច្រើនជុំ កាលពីថ្ងៃទី ៣១ ខែសីហា។
លោក ឈុំ សុជាតិ អះអាងថា ការចល័តកងទ័ពក្នុងរយៈពេលពីរថ្ងៃមកនេះគឺ មិនជាប់ពាក់ព័ន្ធរឿងនយោបាយ។
លោក ឈុំ សុជាតិ៖«ការថាការគំរាមកំហែងដល់គណបក្សជារឿងមួយ ខ្ញុំសូមបដិសេធទាំង ស្រុងតែម្តង ព្រោះកងទ័ពមិនប៉ះពាល់គំរាមកំហែងដល់គណបក្សអ្វីទេ។ នេះគឺសមប្រយុទ្ធការប្រតិបត្តិការណ៍ កងទ័ពចល័តពិសេស ឆាប់រហ័យរបស់ក្រសួងការពារជាតិ សាកល្បងហ្វឹកហាត់ប៉ុណ្ណោះទេ មិនទាក់ទងគណបក្សទេ។ ដោយឡែកបើអស់លោកខ្លាចគណបក្ស ប៉ះពាល់ទៅរស់នៅក្នុងព្រៃទៅ កុំនៅក្រុងភ្នំពេញ បើខ្លាចពេក»។
ជាការកត់សម្គាល់ សមយុទ្ធនេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់យោធាមួយរូប បានបង្ហាញជំហរថា កងទ័ពត្រៀមខ្លួនជាស្រេច ដើម្បី ចាត់ការតាមផ្លូវច្បាប់ចាប់ខ្លួន លោក សម រង្ស៊ី និង លោក កឹម សុខា ប្រសិនបើមានការស្នើសុំពីតុលាការ។
ការព្រមានចាប់ខ្លួននេះ ធ្វើឡើង ខណៈដែលសំណុំរឿង ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងបើកសវនាការ នៅថ្ងៃទី៩ខែកញ្ញា ពីបទចោទមិនចូលខ្លួនទៅបំភ្លឺ តាមដីការតុលាការ ករណីរឿងអាស្រូវផ្លូវភេទ។
កូនស្រីបង្កើតរបស់លោក កឹម សុខា គឺ កញ្ញា កឹម មនោវិជ្ជា បានសរសេរនៅលើទំព័រហ្វេប៊ុកនៅថ្ងៃទី០១ ខែ កញ្ញា ថា អូប័របំពាក់ដោយកាំភ្លើងយន្ត និងកងទ័ពឯកសណ្ឋានប៉ារ៉ា មានអាវុធ គ្រប់ដៃ ចំនួន ១០គ្រឿង ក្នុងនោះប្រភេទធំ ២គ្រឿង និងតូច ៨គ្រឿង បាន ដាក់ពង្រាយនៅខាងក្រោយស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ។ កញ្ញា បានចោទជាសំនួរថា តើនេះជាការហាត់សមយុទ្ធរបស់ក្រសួងការពារជាតិ។
ចំណែកលោក ឡុង គឹមឃន អ្នកសិក្សាស្រាវជ្រាវ នយោបាយការបរទេស យល់ឃើញថា ក្រសួងការពារជាតិ គួរធ្វើសេចក្តីជូនដំណឹង អំពីវត្ថុបំណង និងទីតាំងនៃកងទ័ពធ្វើសមយុទ្ធនេះ ដើម្បីកុំឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ។
លោក ឡុង គឹមឃន៖«ជាបញ្ហានៅត្រង់ថា អ្វីដែលធ្វើនិងវាហាក់ដូចចៃដន្យពេក អញ្ចឹងខ្ញុំថាទាមទារឲ្យមានការពន្យល់ ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានការយល់ច្រឡំ អញ្ចឹងទេវាទៅជាមានការបកស្រាយផ្សេង បន្ទូសអ្នកដែលបកស្រាយ ឬអ្នកដែលមានការភ័យខ្លាចមិនបានទេ ព្រោះយើងហាក់ធ្វើអ្វីស្ងាត់ៗ»។
បើតាមការអះអាង របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានបញ្ជាក់ថា ក្រសួងការពារជាតិ នឹងចេញសេចក្តីជូនដំណឹង អំពីការចល័តកងទ័ព ធ្វើសមយុទ្ធក្នុងរយៈពេល២ថ្ងៃនេះ ដើម្បីជម្រះមន្ទិលសង្ស័យដល់មតិមហាជន៕