ភ្នំពេញ៖ ខណៈយុទ្ធនាការចុះឈ្មោះបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្ដើមនៅថ្ងៃទី ១ខែ កញ្ញា ឆ្នាំ២០១៦ នេះប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ទន្ទឹមនឹង វត្ដមានពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត យ៉ាងច្រើន តាមសង្កាត់នីមួយៗក្នុងរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំដូចនេះ ក្រុមអ្នកវិភាគសង្គម នយោបាយ និង អ្នកសង្គេតការណ៍ ការបោះឆ្នោត បង្ហាញជំនឿថា ពលរដ្ឋយល់ដឹងកាន់តែច្រើនពីសិទ្ធិរបស់ខ្លួន និង ហ៊ានប្រើប្រាស់សិទ្ធិទាំងនោះដើម្បីផ្លាស់ប្ដូរ។ លោក លៀ ស៊ីណា រាយការណ៍៖
នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៦ នេះគឺជាថ្ងៃដំបូងនៃការរៀបចំបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ ដែលមានពលរដ្ឋយ៉ាងច្រើន ទៅចុះឈ្មោះតាមសង្កាត់ដែលពួកគេរស់នៅ ក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត។
អ្នកសិក្សានយោបាយការបរទេស និង ច្បាប់អន្ដរជាតិ លោក ឡុង គឹមឃន បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីFM102 នៅថ្ងៃទី ០១ កញ្ញា ថា បើតាមការសង្កេត របស់លោក ពលរដ្ឋ ដែលមានចំនួនច្រើននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីនេះ ក៏ព្រោះតែ ពលរដ្ឋ ចាប់ផ្ដើមយល់ដឹងពីសិទ្ធិរបស់ខ្លួន ដែលលោកថា ជាប្រការល្អ ក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ ចេញឆន្ទៈរបស់ប្រជាជន។
លោក ឡុង គឹមឃន យល់ថា ការចំណាយពេលទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី យ៉ាងសស្រាក់ស្រាំ ដូច្នេះក៏ព្រោះតែពលរដ្ឋប្រាថ្នា ចង់ឃើញការរីកចម្រើនដ៏ល្អ ចង់បានការរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ។ ត្រង់ប្រការនេះលោកពន្យល់ថា ការចង់បានរបស់ពលរដ្ឋដូចនេះ ប្រហែលជាពលរដ្ឋយល់ថា ដើម្បីបានអ្វីដែលពួកគេចង់បានគឺមានតែ ផ្ដើមចេញការជ្រើសរើសគណបក្សនយោបាយ ហើយនិងមេដឹកនាំដែលល្អ ជាប្រយោជន៍ដល់ការអភិវឌ្ឍប្រទេស និងដើម្បីសេចក្ដីថ្លៃថ្នូររបស់ពួកគេ។
លោក ឡុង គឹមឃន៖ «ដើម្បីយើងឈានដល់ ប្រទេសមួយ ដែលមានមោទនភាព ពិតប្រាកដ ប្រទសមួយដែលមានការអភិវឌ្ឍន៍រឹងមាំខ្លាំងខ្លា ហើយជាប្រទេសមួយ ដែលប្រជាជនត្រូវបាន រដ្ឋឲ្យតម្លៃ និងរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ បានគឺត្រូវផ្ដើមចេញពីការជ្រើសរើស គណបក្សនយោបាយ និងមេដឹកនាំដែលល្អ»។
យោងតាមស្ថិតិរបស់ គ.ជ.ប ក្នុងចំណោមប្រជាពលរដ្ឋជាង ១៥លាននាក់ មានអ្នកគ្រប់អាយុបោះឆ្នោត ចាប់ពី ១៨ឆ្នាំឡើងទៅ ប្រមាណ ជិត១០លាននាក់។
បើតាមអ្វីដែលបានឆ្លើយបំភ្លឺ កន្លងមករបស់មន្ដ្រីអគ្គលេខាធិការរង គ.ជ.ប លោក សោម សូលីដា ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ នៅពេលនេះ គឺ មានភាពច្បាស់លាស់ និងសុក្រឹត្យជាងការចុះបញ្ជីឈ្មោះបោះឆ្នោត នាពេលកន្លងទៅ។
តាមការអង្កេត ឃើញថា ប្រជាពលរដ្ឋខ្មែរទាំងប្រុស ទាំងស្រី ជាច្រើន កុះករ បាននាំគ្នាទៅកាន់ការិយាល័យ ចុះឈ្មោះបោះឆ្នោត ដែលបានបើកតាំងពីម៉ោង ៧ព្រឹក នៅទូទាំងប្រទេស។
លោក សំ គន្ធាមី នាយកប្រតិបត្ដិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៍ដើម្បីការបោះឆ្នោត ដោយ សេរី និងត្រឹមត្រូវនៅកម្ពុជា NICFEC មានក្ដីរីករាយជាខ្លាំង ចំពោះវត្ដមានពលរដ្ឋ យ៉ាងច្រើនដែលចូលរួម ចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីថ្មី តាមឃុំសង្កាត់ របស់ពួកគេដូចនេះ។
លោកបន្ដថា ការចូលរួមរបស់ប្រជាជនក្នុងយុទ្ធនាការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសដែលចាប់ផ្ដើមនៅថ្ងៃទី ០១កញ្ញា នេះគឺជាចូលរួមបង្ហាញពីសិទ្ធិ និងសេរីភាព នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។
លោកយល់ថា ការចូលរួមចុះឈ្មោះបោះឆ្នោត នាពេលនេះក៏ព្រោះតែពលរដ្ឋ ចង់ចូលរួមជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្ដ។
លោក សំ គន្ធាមី៖«ខ្ញុំជឿថាជាការពិតណាស់ ព្រោះអ្វីនេះជាផ្នែកមួយដើម្បី ការចូលរួមដើម្បីការលើកស្ទួយ ការបោះឆ្នោតបែបប្រជាធិបតេយ្យ នៅកម្ពុជាយើង នេះជាសញ្ញាមួយល្អដែលប្រជាពលរដ្ឋ ឥឡូវយល់ពីលទ្ធិប្រជាធិបតេយ្យ ពិសេសសិទ្ធិបោះឆ្នោតរបស់គាត់»។
ជុំវិញភាពសុក្រឹត្យរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ទាក់ទិន នឹងការរៀបចំបញ្ជីបោះឆ្នោតថ្មីនេះ លោក សំ គន្ធាមី បង្ហាញជំនឿថាយ៉ាងហោចក៏បាន ៩០ភាគរយដែរ ប៉ុន្ដែលោកមិនទាន់ជឿជាក់ទាំងស្រុងថា ល្អឥតខ្ចោះ ទេដោយត្រូវរងចាំមើលការបិទផ្សាយបញ្ជី បោះឆ្នោតដំបូង និង ការត្រួតពិនិត្យឲ្យជាក់លាក់សិន។
ចំណែកសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក សូ ចន្ថា ក៏បង្ហាញការយល់ឃើញ របស់លោកផងដែរថា ប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មី នាពេលនេះបើប្រៀបធៀប និងប្រព័ន្ធចុះឈ្មោះបោះឆ្នោតចាស់ គឺពិតមានលក្ខណៈល្អប្រសើរជាងមុន ថ្វីមិនទាន់បានល្អឥតខ្ចោះក៏ដោយ។
លោក សូ ចន្ថា បន្ថែមថា ពលរដ្ឋនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ច្រើនសម្រាប់ថ្ងៃដំបូងដូចនេះ គឺជាសញ្ញាល្អដែលសបញ្ជាក់ឲ្យឃើញថាពលរដ្ឋខ្មែរ លោកចង់ចូលរួមជ្រើសរើសមេដឹកនាំ មូលដ្ឋាននិងមេដឹកនាំ ថ្នាក់ជាតិដើម្បីការរីកចម្រើនរបស់ប្រទេស។
លោក សូ ចន្ថា៖ «នៅថ្ងៃនេះការចុះឈ្មោះបោះឆ្នោត ជាថ្ងៃដំបូងមានពលរដ្ឋ ចូលរួមច្រើនជាសញ្ញាល្អ ក្នុងបោះឆ្នោតពេលខាងមុខ វាសបញ្ជាក់ឲ្យឃើញថា ពលរដ្ឋខ្មែរគាត់ចង់ចូលរួម ក្នុងជ្រើសរើសមេដឹកនាំខ្មែរដែលគាត់ពេញចិត្ដ»។
សូមជម្រាបថានៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៦ នេះគឺជាថ្ងៃដំបូងនៃការចាប់ផ្ដើមយុទ្ធនាការ ចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ដែលមានសហភាពអឺរ៉ុប និង ប្រទេសជប៉ុន ជាអ្នកផ្ដល់ជំនួយបច្ចេកទេស។ ចំណែកគណបក្សសង្គ្រោះជាតិ ក៏បានដាក់ពង្រាយអ្នកសង្កេតការណ៍របស់ខ្លួនប្រមាណ ៣០០០ នាក់ផងដែរ ដើម្បីឃ្លាំមើលភាពមិនប្រក្រតីជុំវិញការចុះឈ្មោះបោះឆ្នោតថ្មីនេះ៕