ភ្នំពេញ៖ នៅទូទាំងប្រទេសកម្ពុជា ស្ត្រីដែលធ្វើការងារក្នុងវិស័យសេវាកម្មកំសាន្ត មានប្រមាណជាង២០ម៉ឺននាក់ ប៉ុន្តែស្ត្រីទាំងនោះ នៅតែរងការប្រឈម នូវការរំលោភបំពានផ្សេងៗ និងគ្មានសុវត្ថិភាពទាំងនៅកន្លែងធ្វើការ និងពេលលចេញពីធ្វើការ។
នេះបើតាមការលើកឡើងរបស់ លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្ពុជា ដែលបានថ្លែងនៅក្នុងវេទិកាសាធារណៈ ស្តីពីការចូលរួមរបស់ស្ត្រីជំរុញ ការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍសុវត្ថិភាពទីក្រុង ឃុំ សង្កាត់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ លោក លៀ ស៊ីណា រាយការណ៍បន្ត៖
តាមធម្មតា អ្នកធ្វើការពេលយប់ ច្រើនចេញពីការងារនៅម៉ោង ១០ ហើយអ្នកខ្លះទៀត ធ្វើការរហូតដល់ម៉ោង១២ ឬ ម៉ោង១យប់។ ពួកគេតែងជួបបញ្ហាមួយចំនួនដូចជា ចោរឆក់ ប្លន់ ការរំលោភបំពាន ពីក្មេងជើងកាង តាមផ្លូវ និងបញ្ហាមួយចំនួនទៀត ដែលធ្វើឱ្យពួកគេជួបផលលំបាក ក្នុងការបំពេញការងារ រកស៊ីចិញ្ចឹមគ្រួសារប្រចាំថ្ងៃ។
ដោយសារបញ្ហានេះ លោក ស មូរ៉ា អះអាងថា ស្ត្រីខ្លះបានឈប់ធ្វើការ ដែលធ្វើឱ្យពួកគេបាត់ចំណូល។ តែបែបនេះក្តី លោកថា ស្ត្រីខ្លះបានទ្រាំ បន្តធ្វើការងារ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។
យ៉ាងណាមិញលោកចង់ឱ្យ អាជ្ញាធររៀបចំប្រព័ន្ធភ្លើង បំភ្លឺតាមដងផ្លូវឱ្យបានគ្រប់គ្រាន់ មានសមត្ថកិច្ច ដើរល្បាតការពារសុវត្ថិភាព នៅពេលយប់ មានមន្ត្រីប្រចាំអន្តរាគមន៍ឱ្យទាន់ពេលវេលានៅពេលដែល ស្ត្រីទាំងនោះ ជួបបញ្ហាអ្វីមួយ។
លោកបន្តថា បញ្ហាទាំងនោះ មិនមែនកើតមានតែនៅក្នុងរាជធានីភ្នំពេញនោះទេ នៅតាមបណ្តាខេត្តមួយចំនួន ក៏មានបញ្ហាបែបនេះផងដែរ។
លោក ស ម៉ូរ៉ា៖ «មានរថយន្តជូនគាត់ទៅដល់ផ្ទះមែន មានត្រឹមតែផ្លូវធំ ប៉ុន្តែអាច្រកដើរទៅវាងងឹតវាមានក្មេងជើងកាង ក្មេងអីច្រើនអញ្ចឹង រហូតដល់អ្នកខ្លះប្រឈមនឹងការរំលោភបំពានអីផ្សេងៗ អាហ្នឹងគឺជាឧបសគ្គសម្រាប់ពួកគាត់ ត្រូវបំពេញការងារ យើងក៏ចង់ឱ្យសង្គមរបស់យើង ចង់ឱ្យសេដ្ឋកិច្ចដើរនៅពេលយប់ដែរ មិនមែនសេដ្ឋកិច្ចដើរតែពេលថ្ងៃទេ ព្រោះអ្នកខ្លះគាត់ក៏មានលទ្ធភាពធ្វើការពេលយប់»។
កញ្ញា ស្រី មុំ បម្រើ ស្រាបៀរ នៅក្នុងហាងខេធីវី មួយកន្លែងក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា រាល់ថ្ងៃ កញ្ញាព្រួយបារម្ភពី សុវត្ថិភាព របស់ខ្លួន នៅពេលចេញពីធ្វើការនៅពេលយប់ ព្រោះផ្លូវស្ងាត់ ហើយសំបូរចោរឆក់កាបូប។
កញ្ញាថា ធ្លាប់ត្រូវបាន ចោរឆក់កាបូប ពេលដែលត្រឡប់មកពីធ្វើការវិញនៅម៉ោង១យប់។ ប៉ុន្តែក្រោយជួបបញ្ហាទាំងនោះ កញ្ញាបានសុំថៅកែសម្រាកនៅកន្លែងការងាររហូតដល់ព្រឹក។
កញ្ញា ស្រី មុំ បានឱ្យដឹងទៀតថា ក្រៅពីបញ្ហាសុវត្ថិភាពតាមដងផ្លូវ កញ្ញា ក៏ប្រឈមនឹងការផឹកស្រាដើម្បីកំដរភ្ញៀវ និងការលូកលាន់ពីភ្ញៀវជាដើម។
កញ្ញា ស្រី មុំ៖ «ខ្ញុំសំណូមថាសូមឱ្យកន្លែងធ្វើការខ្ញុំហ្នឹងមានសមត្ថកិច្ច ហើយមានលេខទូរស័ព្ទប៉ូលីសអីអញ្ចឹង ពេលមានបញ្ហាអីឱ្យគាត់ជួយដោះស្រាយ»។
ចំណែក អ្នកស្រី អ៊ុក ចាន់ស៊ីណា អាយុ៤៧ឆ្នាំ ដែលបម្រើការងារ នៅស្ថាននីយប្រេងឥន្ទនៈកាល់តិច ពីម៉ោង ១ថ្ងៃ ដល់ម៉ោង ៩យប់ បានឱ្យដឹងដែរថា ជារឿយៗអ្នកស្រីតែងតែត្រូវបានចោរឆក់កាបូប ពេលត្រឡប់ទៅផ្ទះវិញ ចំណែកនៅតាមផ្លូវក៏ឧស្សាហ៍ជួបក្រុមជើងកាង ប្រើសម្តីគម្រាម ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ជាបញ្ហាមួយដែលអ្នកស្រី មានការព្រួយបារម្ភផងដែរ។
អ្នកស្រីបានឱ្យដឹងថា ពេលខ្លះអ្នកស្រី ក៏ឈប់ធ្វើការងារ ប៉ុន្តែយ៉ាងណាមិញអ្នកស្រីមិនអាចឈប់បាន ព្រោះត្រូវការលុយឱ្យកូនរៀន និងសម្រាប់ផ្គត់ផ្គង់គ្រួសារ។
អ្នកស្រី ចាន់ស៊ីណា៖ «ខ្ញុំចង់សំណូមពរទៅរាជរដ្ឋាភិបាល និងប៉ូលីសចរាចរណ៍ ក៏ដូចជាប៉េអ៊ឹម ដែលគាត់មានសមត្ថកិច្ចហ្នឹងណា ពេលយប់ហ្នឹងឱ្យគាត់ការពារស្ត្រីតាមផ្លូវ ឱ្យមានហូរហែទៅ ហើយឱ្យភ្លើងនៅតាមផ្លូវហ្នឹងបើកកុំឱ្យផ្តាច់ឱ្យភ្លឺចញ្ចាចទៅ វាក៏មិនហ៊ានធ្វើសកម្មភាពដែរ ព្រោះពេលកន្លែងខ្លះមានភ្លើង ខ្លះងងឹត ទាល់តែម៉ាគីឡូដី ពីរគីឡូដី បានមានភ្លើងទៀត អញ្ចឹងវាពិបាកដែរ មានតែបង្គោលអគ្គីសនី ប៉ុន្តែគេអត់បើកទេភ្លើងហ្នឹងប្រៀបដូចជាទុកឱកាសឱ្យចោររកស៊ីអញ្ចឹង»។
បន្ទាប់ពីកិច្ចពិភាក្សា នៅថ្ងៃនេះ លោក ស ម៉ូរ៉ា បានឱ្យដឹងថា លោកនឹងយកលទ្ធផលនៃការពិភាក្សានេះ ដាក់ទៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យយកបញ្ហារបស់កម្មករ និយោជិតទៅពិចារណាក្នុងការ ដោះស្រាយបញ្ហាទាំងនេះ ដល់កម្មករ ជាពិសេសស្ត្រី។
លោក ស ម៉ូរ៉ា៖ «ជារឿងមួយដែលគួរឱ្យសោកស្តាយ ហាក់ដូចជាសាលារាជធានីភ្នំពេញ ឬអាជ្ញាធរហ្នឹង ហាក់ដូចមិនព្យាយាមសហការជាមួយយើង ក្នុងការធ្វើកិច្ចងារអស់ហ្នឹង ហើយយើងគិតថាយើងជាផ្នែកមួយក្នុងការជួយបំពេញការងារ របស់រដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាលហាក់មិនសហប្រតិបត្តិការ។ ហើយយើងអញ្ជើញ អញ្ជើញច្រើនដង»។
របាយកាណ៍អង្កេតកំលាំងពលកម្មស្រី្ត និងពលកម្មកុមារឆ្នាំ ២០១២ របស់វិទ្យាសា្ថន ស្ថិតិជាតិ នៃក្រសួងផែនការ និងអង្គការពលកម្មអន្តរជាតិ បានបង្ហាញឱ្យឃើញថា ក្នុងចំណោមប្រជាជនកម្ពុជាប្រមាណ១៥លាននាក់ មានស្ត្រី៥១% ដែលក្នុងនោះ៥២% គឺមានអាយុចាប់ពី១៥ឆ្នាំឡើង។ ក្រៅពីកិច្ចការងារក្នុងផ្ទះស្ត្រីជាង៦៤% បានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ ទ្រទ្រង់ជីវភាពគ្រួសារ។
ក្នុងចំណោមកម្លាំងពលកម្ម សរុបប្រមាណ៦២% ក្នុងនោះមានស្ត្រី៤៧%កំពុងបម្រើការងារក្នុងវិស័យសំខាន់ៗដូចជា សេវាកម្ម និងការលក់ដូរ មាន៥៦% រោងចក្រនិងម៉ាស៊ីនជាង ៥៣% និងវិស័យកសិកម្ម នេសាទ និងព្រៃឈើមាន៤៧.៥%៕