en     km
en     km

ស្ត្រី​ធ្វើការ​ពេល​យប់​ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ ការពារ​សុវត្ថិភាព​ពួក​គេ​ ពេល​ចេញពី​ធ្វើការ​

Share

ភ្នំពេញ៖ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ស្ត្រី​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​សេវាកម្ម​កំសាន្ត​ មាន​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​ ប៉ុន្តែ​ស្ត្រី​ទាំងនោះ​ នៅ​តែ​រង​ការ​ប្រឈម​ នូវ​ការ​រំលោភ​បំពាន​ផ្សេងៗ​ និង​គ្មាន​សុវត្ថិភាព​ទាំង​នៅ​កន្លែងធ្វើការ​ និង​ពេល​ល​ចេញពី​ធ្វើការ​។​

​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ ស​ ម៉ូ​រ៉ា​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ ចំណីអាហារ​ និង​សេវា​កម្ពុជា​ ដែល​បាន​ថ្លែង​នៅ​ក្នុង​វេទិកាសាធារណៈ​ ស្តី​ពី​ការ​ចូលរួម​របស់​ស្ត្រី​ជំរុញ​ ការ​អនុវត្ត​គោលនយោបាយ​ និង​ផែនការ​អភិវឌ្ឍ​សុវត្ថិភាព​ទីក្រុង​ ឃុំ​ សង្កាត់​ នៅ​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៦​។​ លោក លៀ ស៊ីណា រាយ​ការណ៍​បន្ត​៖


លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្ពុជា
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្ពុជា

 

តាម​ធម្មតា​ អ្នកធ្វើការ​ពេល​យប់​ ច្រើន​ចេញពី​ការងារ​នៅ​ម៉ោង​ ១០​ ហើយ​អ្នកខ្លះ​ទៀត​ ធ្វើការ​រហូត​ដល់​ម៉ោង​១២​ ឬ​ ម៉ោង​១​យប់​។​ ពួក​គេ​តែង​ជួប​បញ្ហា​មួយ​ចំនួន​ដូច​ជា​ ចោរឆក់​ ប្លន់​ ការ​រំលោភ​បំពាន​ ពី​ក្មេង​ជើងកាង​ តាម​ផ្លូវ​ និង​បញ្ហា​មួយ​ចំនួន​ទៀត​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ជួប​ផល​លំបាក​ ក្នុង​ការ​បំពេញការងារ​ រកស៊ី​ចិញ្ចឹម​គ្រួសារ​ប្រចាំ​ថ្ងៃ​។​

​ដោយសារ​បញ្ហា​នេះ​ លោក​ ស​ មូរ៉ា​ អះអាង​ថា​ ស្ត្រី​ខ្លះ​បាន​ឈប់​ធ្វើការ​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​បាត់​ចំណូល​។​ តែ​បែប​នេះ​ក្តី​ លោក​ថា​ ស្ត្រី​ខ្លះ​បាន​ទ្រាំ​ បន្ត​ធ្វើ​ការងារ​ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។​

​យ៉ាងណាមិញ​លោក​ចង់ឱ្យ​ អាជ្ញាធរ​រៀបចំ​ប្រព័ន្ធ​ភ្លើង​ បំភ្លឺ​តាម​ដងផ្លូវ​ឱ្យ​បាន​គ្រប់គ្រាន់​ មាន​សមត្ថកិច្ច​ ដើរ​ល្បាត​ការពារ​សុវត្ថិភាព​ នៅ​ពេល​យប់​ មាន​មន្ត្រី​ប្រចាំ​អន្តរាគមន៍​ឱ្យទាន់​ពេលវេលា​នៅ​ពេល​ដែល​ ស្ត្រី​ទាំងនោះ​ ជួប​បញ្ហា​អ្វីមួយ​។​

​លោក​បន្ត​ថា​ បញ្ហា​ទាំងនោះ​ មិនមែន​កើត​មាន​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ក៏​មាន​បញ្ហា​បែប​នេះ​ផង​ដែរ​។​

លោក​ ស​ ម៉ូ​រ៉ា៖​ «​មាន​រថយន្ត​ជូន​គាត់​ទៅ​ដល់​ផ្ទះ​មែន​ មាន​ត្រឹមតែ​ផ្លូវ​ធំ​ ប៉ុន្តែ​អា​ច្រក​ដើរទៅ​វា​ងងឹត​វា​មាន​ក្មេង​ជើងកាង​ ក្មេង​អី​ច្រើន​អ​ញ្ចឹ​ង​ រហូត​ដល់​អ្នកខ្លះ​ប្រឈម​នឹង​ការ​រំលោភ​បំពាន​អី​ផ្សេងៗ​ អាហ្នឹង​គឺជា​ឧបសគ្គ​សម្រាប់​ពួក​គាត់​ ត្រូវ​បំពេញការងារ​ យើង​ក៏​ចង់ឱ្យ​សង្គម​របស់​យើង​ ចង់ឱ្យ​សេដ្ឋកិច្ច​ដើរ​នៅ​ពេល​យប់​ដែរ​ មិនមែន​សេដ្ឋកិច្ច​ដើរ​តែ​ពេល​ថ្ងៃ​ទេ​ ព្រោះ​អ្នកខ្លះ​គាត់​ក៏​មាន​លទ្ធភាព​ធ្វើការ​ពេល​យប់​»​។​

កញ្ញា​ ស្រី​ មុំ​ បម្រើ​ ស្រា​បៀរ​ នៅ​ក្នុង​ហាង​ខេ​ធី​វី​ មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ រាល់ថ្ងៃ​ កញ្ញា​ព្រួយបារម្ភ​ពី​ សុវត្ថិភាព​ របស់​ខ្លួន​ នៅ​ពេល​ចេញពី​ធ្វើការ​នៅ​ពេល​យប់​ ព្រោះ​ផ្លូវ​ស្ងាត់​ ហើយ​សំបូរ​ចោរឆក់​កាបូប​។​

​កញ្ញា​ថា​  ធ្លាប់​ត្រូវ​បាន​ ចោរឆក់​កាបូប​ ពេល​ដែល​ត្រឡប់​មក​ពី​ធ្វើការ​វិញ​នៅ​ម៉ោង​១​យប់​។​ ប៉ុន្តែ​ក្រោយ​ជួប​បញ្ហា​ទាំងនោះ​ កញ្ញា​បាន​សុំ​ថៅកែ​សម្រាក​នៅ​កន្លែង​ការងារ​រហូត​ដល់​ព្រឹក​។​

​កញ្ញា​ ស្រី​ មុំ​ បានឱ្យ​ដឹង​ទៀត​ថា​ ក្រៅពី​បញ្ហា​សុវត្ថិភាព​តាម​ដងផ្លូវ​ កញ្ញា​ ក៏​ប្រឈម​នឹង​ការ​ផឹកស្រា​ដើម្បី​កំដរ​ភ្ញៀវ​ និង​ការ​លូកលាន់​ពី​ភ្ញៀវ​ជាដើម​។​

កញ្ញា​ ស្រី​ មុំ៖ ​«​ខ្ញុំ​សំណូម​ថា​សូម​ឱ្យ​កន្លែងធ្វើការ​ខ្ញុំ​ហ្នឹង​មាន​សមត្ថកិច្ច​ ហើយ​មាន​លេខ​ទូរស័ព្ទ​ប៉ូ​លី​សអី​អ​ញ្ចឹ​ង​ ពេល​មាន​បញ្ហា​អី​ឱ្យ​គាត់​ជួយ​ដោះស្រាយ​»​។​​

​ចំណែក​ អ្នកស្រី​ អ៊ុ​ក​ ចាន់​ស៊ី​ណា​ អាយុ​៤៧​ឆ្នាំ​ ដែល​បម្រើ​ការងារ​ នៅ​ស្ថាន​នី​យ​ប្រេង​ឥន្ទ​នៈ​កាល់​តិច​ ពី​ម៉ោង​ ១​ថ្ងៃ​ ដល់​ម៉ោង​ ៩​យប់​ បានឱ្យ​ដឹង​ដែរ​ថា​ ជា​រឿយៗ​អ្នកស្រី​តែងតែ​ត្រូវ​បាន​ចោរឆក់​កាបូប​ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ចំណែក​នៅ​តាម​ផ្លូវ​ក៏​ឧស្សាហ៍​ជួប​ក្រុម​ជើងកាង​ ប្រើស​ម្តី​គម្រាម​ ហើយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ ក៏​ជា​បញ្ហា​មួយ​ដែល​អ្នកស្រី​ មានការ​ព្រួយបារម្ភ​ផង​ដែរ​។​

​អ្នកស្រី​បានឱ្យ​ដឹង​ថា​ ពេល​ខ្លះ​អ្នកស្រី​ ក៏​ឈប់​ធ្វើ​ការងារ​ ប៉ុន្តែ​យ៉ាងណាមិញ​អ្នកស្រី​មិន​អាច​ឈប់​បាន​ ព្រោះ​ត្រូវការ​លុយ​ឱ្យ​កូន​រៀន​ និង​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។​

អ្នកស្រី​ ចាន់​ស៊ី​ណា​៖ «​ខ្ញុំ​ចង់​សំណូមពរ​ទៅ​រាជរដ្ឋាភិបាល​ និង​ប៉ូ​លី​ស​ចរាចរណ៍​ ក៏​ដូច​ជា​ប៉េ​អ៊ឹម​ ដែល​គាត់​មាន​សមត្ថកិច្ច​ហ្នឹង​ណា​ ពេល​យប់​ហ្នឹង​ឱ្យ​គាត់​ការពារ​ស្ត្រី​តាម​ផ្លូវ​ ឱ្យ​មាន​ហូរហែ​ទៅ​ ហើយ​ឱ្យ​ភ្លើង​នៅ​តាម​ផ្លូវ​ហ្នឹង​បើក​កុំឱ្យ​ផ្តាច់​ឱ្យ​ភ្លឺ​ច​ញ្ចា​ច​ទៅ​ វា​ក៏​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដែរ​ ព្រោះ​ពេល​កន្លែង​ខ្លះ​មាន​ភ្លើង​ ខ្លះ​ងងឹត​ ទាល់តែ​ម៉ា​គីឡូ​ដី​ ពីរ​គីឡូ​ដី​ បាន​មាន​ភ្លើង​ទៀត​ អ​ញ្ចឹ​ង​វា​ពិបាក​ដែរ​ មាន​តែ​បង្គោល​អគ្គី​ស​នី​ ប៉ុន្តែ​គេ​អត់​បើក​ទេ​ភ្លើង​ហ្នឹង​ប្រៀប​ដូច​ជា​ទុក​ឱកាស​ឱ្យ​ចោរ​រកស៊ី​អ​ញ្ចឹ​ង​»​។​

​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ នៅ​ថ្ងៃនេះ​ លោក​ ស​ ម៉ូ​រ៉ា​ បានឱ្យ​ដឹង​ថា​ លោក​នឹង​យក​លទ្ធផល​នៃ​ការ​ពិភាក្សា​នេះ​ ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ឱ្យ​យក​បញ្ហា​របស់​កម្មករ​ និយោជិត​ទៅ​ពិចារណា​ក្នុង​ការ​ ដោះស្រាយ​បញ្ហា​ទាំងនេះ​ ដល់​កម្មករ​ ជា​ពិសេស​ស្ត្រី​។​

លោក​ ស​ ម៉ូ​រ៉ា​៖ «​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​សោកស្តាយ​ ហាក់ដូចជា​សាលា​រាជធានី​ភ្នំពេញ​ ឬ​អាជ្ញាធរ​ហ្នឹង​ ហាក់ដូច​មិន​ព្យាយាម​សហការ​ជាមួយ​យើង​ ក្នុង​ការ​ធ្វើ​កិច្ច​ងារ​អស់ហ្នឹង​ ហើយ​យើង​គិត​ថា​យើង​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​បំពេញការងារ​ របស់​រដ្ឋាភិបាល​ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​មិន​សហប្រតិបត្តិការ​។​ ហើយ​យើង​អញ្ជើញ​ អញ្ជើញ​ច្រើន​ដង​​»

​របាយ​កាណ៍​អង្កេត​កំលាំង​ពលកម្ម​ស្រី្ត​ និង​ពលកម្ម​កុមារ​ឆ្នាំ​ ២០១២​ របស់​វិទ្យា​សា្ថ​ន​ ស្ថិតិ​ជាតិ​ នៃ​ក្រសួងផែនការ​ និង​អង្គការ​ពលកម្ម​អន្តរជាតិ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ប្រមាណ​១៥​លាន​នាក់​ មាន​ស្ត្រី​៥១%​ ដែល​ក្នុង​នោះ​៥២%​ គឺ​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​។​ ក្រៅពី​កិច្ច​ការងារ​ក្នុងផ្ទះ​ស្ត្រី​ជាង​៦៤%​ បាន​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ ទ្រទ្រង់​ជីវភាព​គ្រួសារ​។​

​ក្នុង​ចំណោម​កម្លាំង​ពលកម្ម​ សរុប​ប្រមាណ​៦២%​  ក្នុង​នោះ​មាន​ស្ត្រី​៤៧%​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​សំខាន់ៗ​ដូច​ជា​ សេវាកម្ម​ និង​ការ​លក់ដូរ​ មាន​៥៦%​ រោងចក្រ​និង​ម៉ាស៊ីន​ជាង​ ៥៣%​ និង​វិស័យ​កសិកម្ម​ នេសាទ​ និង​ព្រៃឈើ​មាន​៤៧.៥%៕

Share

Image
Image
Image