ភ្នំពេញ៖ ក្រុមកម្មករ និយោជិតនៃរោងចក្រកាត់ដេរ ដុងឌូ ថេកស្ថាយ (ខេមបូឌា) ខូអិលធីឌី ជាង ៣០០នាក់ នៅខណ្ឌដង្កោ បន្តទ្បើងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាថ្មីម្តងទៀត នៅថ្ងៃនេះខណៈការរកអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ករណីថៅកែរោងចក្រ បញ្ឈប់ពួកគេពីការងារ កាលពីម្សិលមិញ មិនទទួលបានដំណោះស្រាយ។ ការលើកទ្បើងដូចនេះ ធ្វើទ្បើងនៅខាងមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រឹកថ្ងៃពុធ ទី ៣១ ខែ សីហា ឆ្នាំ២០១៦នេះ។
កម្មការិនីម្នាក់ក្នុងចំណោមកម្មការិនីជាច្រើនរយនាក់ផ្សេងទៀត គឺអ្នកស្រី មុយ គន្ធាដែលមកតវ៉ានៅខាងមុខក្រសួងការងារ បាននិយាយថា គោលបំណងសំខាន់ដែលអ្នកស្រីទ្បើងមកក្រសួងការងារនៅថ្ងៃនេះគឺដើម្បីឱ្យថ្នាក់ដឹកនាំក្រសួងការងារជួយអន្តរាគមន៍ករណី ថៅកែរោងចក្របញ្ឈប់កម្មករមិនស្របតាមនីតិវិធីច្បាប់។
អ្នកស្រី មុយ គន្ធា បន្តថាការទ្បើងមកក្រសួងការងារនេះគឺជាលើកទីពីរហើយ បន្ទាប់ពីលើកទី ០១ កាលពីម្សិលមិញមិនទទួលបានដំណោះ ស្រាយ។ អ្នកស្រី មុយ គន្ធា៖ «មានការលំបាកខ្វះខាតបើធ្វើការអត់លុយអត់កាក់អញ្ចឹងហ្នឹងណាស់ ក្នុងជីវភាពគ្រួសារម្នាក់ៗត្រូវការលុយ ដល់ពេលអត់មកធ្វើការអីចឹងវាអត់លុយ អត់កាក់អញ្ចឹងហ្នឹងណាស់ហើយចង់ឱ្យខាងក្រុមហ៊ុនជំរុញឱ្យខ្ញុំចូលធ្វើការវិញ បើមិនបានចូលធ្វើការគិតដោះ ស្រាយឱ្យពួកខ្ញុំឱ្យបានឆាប់ៗ កុំឱ្កយទុកពេលវេលាយូរទៅៗ ១ខែហើយអត់មានដំណោះស្រាយឱ្យពួកខ្ញុំសោះ ស្នើរឱ្យរដ្ឋាភិបាលជួយកូនចៅបានចូលធ្វើការវិញ»។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា ការរកអន្តរាគមន៍របស់កម្មករនិយោជិត ដុងឌូ ថែកស្ថាយ ពីក្រសួងការងារ ហាក់បីដូចជាមានភាពយឺតយ៉ាវក្នុងការដោះស្រាយក្នុងសំណុំរឿងនេះ។ លោក ថាករណីកូដកម្មរបស់កម្មករនិយោជិតនេះកើតទ្បើងរយៈពេលមួយខែហើយ ប៉ុន្តែក្រសួងសាមីនៅតែមិនទាន់អាចដោះស្រាយបានទៀត។
លោក ប៉ាវ ស៊ីណា បន្តថាទាក់ទងនឹងការលើកទ្បើងរបស់ខាងភាគីរោងចក្រថា កម្មករនិយោជិតកូដកម្ម បោះបង់ការងារចោលនោះ គឺជាឆន្ទះរបស់និយោជកតែម្ខាងមិនមែនកម្មករនិយោជិតបោះបង់ការងារចោលនោះទេ។ លោក ប៉ាវ ស៊ីណា ៖«កាលដែលក្រុមហ៊ុនបឈ្ឈប់នេះគឺបឈ្ឈប់ដោយឆន្ទះតែម្យ៉ាងគត់គឺមិនមែនជាការបោះបង់ការងារចោលដោយក្រុមបងប្អូនកម្មករនោះទេ ដូច្នេះចំណុចនេះហើយដែលយើងមើលឃើញថាវាជាចំណុចផ្លូវច្បាប់ដែលនិយោជកគាត់បានរំលោភបំពាន ហើយក្រសួងមានកតព្វកិច្ចត្រូវចាត់វិធានការទៅលើនិយោជកនៃរោងចក្រ ដុង ឌូ ឱ្យគោរពច្បាប់ ហើយឱ្យគាត់យកកម្មករទាំងអស់ឱ្យចូលធ្វើកាជាធម្មតាវិញ ដូច្នេះចំណុចនៅត្រង់ថាតើមន្ត្រីក្រសួងការងារដែលទទួលបន្ទុកដោះស្រាយរឿងហ្នឹងគាត់មាន ឆន្ទះក្នុងការដោះរឿងហ្នឹងឱ្យលឿនវាស្ថិតនៅលើឆន្ទះរបស់គាត់ »។
ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា ក្រសួងមានយន្តការក្នុងការដោះស្រាយ ដោយសំណុំរឿងនេះមន្ត្រីកាន់សំណុំរឿងកូដកម្ម-បាតុកម្ម កំពុងតែសម្របសម្រួល។ លោកថា បើមិនអាចសម្របសម្រួលបាននោះទេ ក្រសួងនឹងរុញសំណុំរឿងនេះឱ្យទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលឱ្យចាត់ការបន្ត។ លោក ហេង សួរ៖ «ក្រសួងមានយន្តការច្បាស់លាស់អស់ហើយ គឺមាននាយកដ្ឋានវិវាទការងារនៅពេលដែលមានវិវាទកើតទ្បើងគាត់ចុះទៅផ្សះផ្សា ហើយពេលផ្សះផ្សាអត់ចប់គាត់ត្រូវរុញបណ្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីធ្វើការដោះស្រាយហើយក្នុងករណីដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលកំពុងមាននីតិវិធីហើយវាក្លាយជាកូដកម្ម កូដកម្មវាក្លាយជាកូដកម្មមិនស្របតាមច្បាប់ហើយពេលហ្នឹងគឺវាស្ថិតនៅក្នុងដែរបស់គណៈកម្មការដោះស្រាយកូដកម្ម-បាតុកម្មគាត់កំពុងតែដោះស្រាយបញ្ហាហ្នឹង »។
ឆ្លើយតបនឹងការដោះស្រាយសំណុំរឿងនេះដែរ អគ្គលេខាធិការងនៃគណៈកម្មការដោះស្រាយកូដកម្ម-បាតុកម្ម និងគ្រប់មុខសញ្ញានៃក្រសួងការងារ លោក វង្ស សុវណ្ណ មានប្រសាសន៍ថា ថ្នាក់ដឹកនាំដែលកាន់សំណុំរឿងនេះនឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ០១ ខែ កញ្ញា ស្អែកនេះ។ លោក វង្ស សុវណ្ណ បន្តថាប្រសិនបើភាគីខាងកម្មករនិយោជិត ឬភាគីខាងរោងចក្រមិនអាចសះជានោះទេ ពួកគេអាចដាក់ពាក្យ បណ្តឹងទៅកាន់នាយកដ្ឋានកូដកម្ម-បាតុកម្មដើម្បីបញ្ជូនសំណុំរឿងនោះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលឱ្យដោះស្រាយពីរឿងនេះ។
សូមជម្រាបថា លិខិតសម្ព័ន្ធសហជីពចលនាកម្មករ ដែលដាក់ជូន រដ្ឋមន្ត្រីក្រសួងការងារ ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦បានឱ្យដឹងថា កម្មករ និយោជិតនៃរោងចក្រកាត់ដេរ ដុងឌូ ថេកស្ថាយ ដែលមានទីតាំងស្ថិតនៅសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ាចាប់តាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះករណីថៅកែរោងចក្រ បញ្ឈប់ពួកគេពីការងារ ៕