en     km
en     km

លោក​ កឹ​ម ​សុខា​ អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ចុះ​បោះ​ឆ្នោត​ខណៈ​ខ្លួន​លោក​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់(មានវីដេអូ)​🎥

Share

​ភ្នំពេញ៖ ពេល​នេះ​ គ្មាន​នរណា​ អះអាង​ថា​ លោក​កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាត់​បង់​សិទ្ធិ​ចុះ​បោះ​ឆ្នោត​ នោះ​ទេ​ព្រោះ​ពុំ​មាន​សា​ក្រម​របស់​តុលាការ​ផ្តន្ទាទោស​ លោក​នោះ​ទេ​ ទោះជា​លោក​មានរឿង​ក្ដី​នៅ​តុលាការ​ក៏​ដោយ​។​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

តែ​ជាមួយ​គ្នា​នេះ​ លោក​ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​ពី​១៨​ឆ្នាំ​ត្រូវ​ទៅ​ចុះ​បោះ​ឆ្នោត​ដោយ​ចាត់​ទុក​ថា​ពលរដ្ឋ​គឺជា​អ្នក​កំណត់​ជោគវាសនា​របស់​ប្រទេស​។​ ខណៈ​លោក​ កឹ​សុខា​អំពាវនាវ​ដូចនេះ​ គឺ​លោក​សមរ​ង្ស៊ី​ប្រធាន​របស់​លោក​វិញ​  កាន់តែ​លំបាក​ទៀត​ ព្រោះ​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ គេចខ្លួន​ នៅ​ក្រៅប្រទេស​។​ កញ្ញា​ ច្រឹ​ក​ ស្រី​ អូន​ រាយការណ៍​បន្ត​៖

 

​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​តុលាការ​រាជធានី​ភ្នំពេញ​កោះហៅ​ចូលខ្លួន​សវនាការ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ ក្នុង​សំណុំរឿង​មិន​ចូលខ្លួន​តាម​ដីកាកោះ​ បាន​អំពាវនាវ​ ឱ្យ​ពលរដ្ឋ​ខ្មែរ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​  សូម​ទៅ​ចុះ​បោះ​ឆ្នោត​ ខណៈ​ខ្លួន​លោក​មិន​បាន​បញ្ជាក់​ថា​ នឹង​ទៅ​ចុះ​បោះ​ឆ្នោត​ នៅ​ពេល​ណា​នោះ​ទេ​ ។​

​លោក​ កឹ​ម​សុខា​ បាន​ថ្លែង​អំពាវនាវ​ដូចនេះ​ តាម​រយៈ​ បណ្ដាញ​សង្គម​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ ផ្សព្វផ្សាយ​ នៅ​ថ្ងៃ​ទី​៣១​ សីហា​នេះ​ ។​

​សេចក្ដី​អំពាវនាវ​របស់​លោក​ មាន​ដូចនេះ​៖
-​ការ​បោះ​ឆ្នោត​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ជោគវាសនា​ អនាគត​របស់​ខ្លួន​យើង​ផ្ទាល់​ និង​ប្រទេស​ជាតិ​យើង​
-​បងប្អូន​អាច​បោះ​ឆ្នោត​បាន​លុះត្រាតែ​បងប្អូន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​
-​បងប្អូន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​-​សង្កាត់​ណា​ បងប្អូន​ត្រូវ​ទៅ​បោះ​ឆ្នោត​នៅ​ ឃុំ​-​សង្កាត់​ នោះ​
-​បើ​បងប្អូន​ចង់​ជ្រើសរើស​មេដឹកនាំ​ល្អ​ក្នុង​ ឃុំ​-​សង្កាត់​ របស់​បងប្អូន​ ដើម្បី​ការ​រីក​ចម្រើន​ភូមិ​-​ឃុំ​-​សង្កាត់​ និង​ដើម្បី​ ឪពុក​-​ម្ដាយ​ និង​ក្រុម​គ្រួសារ​បងប្អូន​ផ្ទាល់​ លុះត្រាតែ​បងប្អូន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឃុំ​-​សង្កាត់​របស់​បងប្អូន​ផ្ទាល់​។​

​លោក​ កឹ​ម​ សុខា​ មិន​បាន​បញ្ចា​ក់ថា​លោក​នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ពេល​ណា​ទេ​។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​អះអាង​ថា​ លោក​ កឹ​ម​សុខា​ ប្រធាន​របស់​លោក​នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ពេល​ណា​នោះ​ទេ​ បើ​ទោះជា​ អ្នក​សារព័ត៌​មានបាន​ ជជីក​សួរ​ជា​ច្រើន​ដង​ក៏​ដោយ​ គឺ​លោក​គ្រាន់តែ​និយាយ​ថា​ ដល់​ពេល​ណា​នៅ​ពេល​នោះ​ហើយ​។​

លោក អេ​ង​ ឆៃ​អ៊ា​ង​ ៖«​លោក​គាត់​មិន​ទាន់​សម្រេច​ទេ​គាត់​គ្រាន់តែ​អំពាវនាវ​ ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​អ្វី​ទេ​ពេលវេលា​ វា​មានការ​ប្រែប្រួល​ហើយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ពេល​យូរ​ដែរ​៣​ខែ​»​។​

​តាម​ច្បាប់​ បោះ​ឆ្នោត​ប្រទេស​កម្ពុជា​  លោក​ កឹ​ម​ សុខា​ អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​នៅ​ថ្ងៃ​ណា​ក៏​បាន​ ព្រោះ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​រយៈពេល​ ៩០​ថ្ងៃ​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១​ កញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ ហើយ​ម្យ៉ាងទៀត​លោក​ កឹ​ម​ សុខា​ នៅ​តែ​ជា​ជន​គ្មាន​ទោស​ព្រោះ​តុលាការ​មិន​ទាន់​រក​ឃើញ​លោក​មាន​កំហុស​ និង​មានទោស​អ្វី​ទេ​។​  

​ចុះ​ចំណែក​លោក​ សម​ រ​ង្ស៊ី​ វិញ​ដែល​ជា​ប្រធាន​លោក​ កឹ​ម​ សុខា​ លោក​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ដែរ​ឬទេ​?

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បញ្ជាក់​ប្រាប់​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ លោក​ សម​ រ​ង្ស៊ី​ ក៏​មាន​លទ្ធភាព​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​នៅ​គ្រប់ពេល​ ឱ្យ​តែ​លោក​វិល​ចូល​ប្រទេស​វិញ​។​

​លោក​បញ្ជាក់​ថា​ ករណី​របស់​លោក​ សម​ រ​ង្ស៊ី​ គឺជា​រឿង​នយោបាយ​ ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការ​ចរចា​។​
lលោក អេ​ង​ ឆៃ​អ៊ា​ង​៖«​សំខាន់​ការ​បោះ​ឆ្នោត​ កាល​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ការ​បោះ​ឆ្នោត​នោះ​មិន​អាច​ចាក់​ទុកជា​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​។​ រឿង​នេះ​មិន​សង្ឃឹម​ទេ​ព្រោះ​រឿង​នេះ​មិនមែន​ជា​រឿង​តុលាការ​ទេវា​ជា​រឿង​នយោបាយ​…​ » ​។​

​ស្រប​នឹង​ការ​ពន្យល់​របស់​ លោ​កអេង​ ឆៃ​អ៊ា​ង​  លោក​ សោម​ សូ​រិ​ដា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ ក្នុង​កម្មវិធី​មួយ​ស្ដី​ពី​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​សីហា​ថា​ លោក​ សមរ​ង្ស៊ី​ មាន​លទ្ធភាព​ចុះ​បោះ​ឆ្នោត​ ប៉ុន្តែ​បើ​មាន​បណ្ដឹង​ជំទាស់​ គេ​នឹង​សើរើ​ ឡើង​វិញ​។

លោក​ សោម​ សូ​ រិ​ដា​៖«​តាម​មាត្រា​៤១​ និង​៥១​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ព្រោះ​បើ​គាត់​ទៅ​បង្ហាញខ្លួន​នៅ​កា​រិ​យា​ល័​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ស្រប​តាម​មាត្រា​៥១​ បើ​មាន​ឯកសារ​និង​លក្ខខណ្ឌ​គ្រប់គ្រាន់​គាត់​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។​ តែ​គាត់​មាន​សិទ្ធ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឬ​អត់​។​ ដើម្បី​មានឈ្មោះ​បោះ​ឆ្នោត​មាន​អាយុ​១៨​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ ទីលំនៅ​ មិន​វិកល់​ច​រិ​ក​ និង​ មិន​មានទោស​»​។​

 

យ៉ាងណា​ ក៏​ដោយ​ មន្ត្រី​បក្ស​កាន់​អំណាច​ តែងតែ​ព្រមាន​ថា​ បើ​លោក​ សម​ រ​ង្ស៊ី​ ចូល​ប្រទេស​វិញ​ គឺ​នឹង​មានការ​ចាប់ខ្លួន​ ព្រោះ​ដីកាចាប់ខ្លួន​ដោយ​សាលាឧទ្ធរណ៍​បាន​ ចូល​ជា​ធរមាន​ហើយ​។​

​លោក​ សម​ រ​ង្ស៊ី​ មិន​ត្រឹមតែ​រង​ការ​ចាប់ខ្លួន​ ករណី​បណ្ដឹង​របស់​លោក​ ហោ​ ណាំ​ហុង​ នោះ​ទេ​ គឺ​លោក​នៅ​មាន​បណ្ដឹង​ កោះហៅ​ឱ្យ​ចូលខ្លួន​ ដោយ​តុលាការ​រាជធានី​ភ្នំពេញ​ ករណី​បរិហារកេរ្តិ៍​ មន្ត្រី​បក្ស​កាន់​អំណាច​ យ៉ាងតិច​ ៤​សំណុំរឿង​ទៀត​។​ តែ​បែប​នេះ​ក្ដី​ មជ្ឈដ្ឋាន​ មួយ​ចំនួន​ បាន​ហៅ​មេ​បក្ស​ប្រឆាំង​ល្បី​រូប​នេះ​ថា​ ជា​អ្នកទោស​នយោបាយ​ដែល​មិន​ធ្លាប់​បាន​ដេក​គុក​ ម្ដងណា​ឡើយ​ ខណៈ​លោក​បាន​ចូល​ប្រទេស​វិញ​ តាម​ការ​ចរចា​នយោបាយ​ និង​ការ​លើកលែងទោស​ ពី​ព្រះមហាក្សត្រ​ ហើយ​បើ​គិត​គឺ​មាន​ចំនួន​ ៤​លើក​មក​ហើយ​។​

​គេ​រំពឹង​ថា​ ពលរដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ ទៅ​ មាន​ជិត​១០​លាន​នាក់​ នឹង​ទៅ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​នេះ​ធ្វើ​តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ​៕​

Share

ព័ត៌មានទាក់ទង

Image