ភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងការងារ ករណីដែលថៅកែរោងចក្រ បញ្ឈប់ពួកគាត់ពីការងារ។
ការរកអន្តរាគមន៍នេះធ្វើទ្បើងនៅខាងមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ទី ៣០ ខែសីហា ឆ្នាំ២០១៦នេះ។ លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ៖
ក្រុមកម្មការិនីរោងចក្រ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ប្រមាណជាង ៣០០នាក់ បានអង្គុយក្រោមកំដៅថ្ងៃដើម្បីស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ជួយឱ្យពួកគេបានចូលធ្វើការងារវិញ ព្រោះថៅកែរោងចក្រមួយនេះបានបញ្ឈប់ពួកគេពីការងារ។
ក្រុមកម្មការិនីបានអះអាងថា មូលហេតុដែលថៅកែរោងចក្រ បញ្ឈប់ពួកគេពីការងារនោះ ដោយសារកន្លងមកពួកគាត់ធ្លាប់ចេញធ្វើកូដកម្ម ដោយជំរុញឱ្យ ថៅកែរោងចក្រនេះ គោរពលក្ខណ្ឌការងារ។ បន្ថែមពីនេះទៀតពួកគេអះអាងថាក្រុមហ៊ុន បញ្ឈប់ពួកគាត់ពីការងារ ដោយចោទថាធ្វើកូដកម្ម បោះបង់ការងារចោល។
កម្មការិនីម្នាក់ក្នុងចំណោមកម្មការិនីជាច្រើន រយនាក់គឺ អ្នកស្រី ឌឹម ស្រីពៅ បានផ្តល់បទសម្ភាសន៍ ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា គោលបំណងសំខាន់ដែលឡើងមកក្រសួងការងារនៅថ្ងៃនេះ គឺដើម្បីឱ្យក្រសួងការងារ ជួយអន្តរាគមន៍ ករណីដែលអ្នកស្រីថា ថៅកែរំលោភបំពានសិទ្ធិរបស់ពួកគេ។ ជាងនេះទៅទៀតគឺអ្នកស្រីចង់ឱ្យក្រសួងការងារ ជួយឱ្យពួកគាត់បានចូលធ្វើការងារវិញ។
អ្នកស្រី ឌឹម ស្រីពៅ បន្តថាប្រសិនបើក្រសួងការងារមិនអាចរកដំណោះស្រាយជូនក្រុមកម្មការិនីបាននោះពួកគាត់នឹង រកអន្តរាគមន៍ ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។
យ៉ាងណាអ្នកស្រី ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការងារជួយអន្តរាគមន៍ពីករណីនេះឱ្យបានឆាប់បំផុត។
អ្នកស្រី ឌឹម ស្រីពៅ ៖«គាត់ថាពួកខ្ញុំបោះបង់ការងារចោល ដល់ពេលចឹងទៅពួកខ្ញុំអត់មានបោះបង់ការងារចោលទេ ដោយសារពួកគាត់កៀបសង្កត់ពួកខ្ញុំពេក ហើយគាត់ផ្លាស់ប្តូរស្រេចចិត្តខ្ញុំនៅ ទៅចូលទៅ ចូលទៅអត់មានការងារធ្វើផងហ្នឹង ចូលទៅគេដេញចេញក្រៅ ពេលខ្ញុំចូលទៅគេថាអត់មានឥវ៉ាន់ ឱ្យពួកខ្ញុំធ្វើទេអ្នកកូដកម្មអត់មានធ្វើទេ តែអ្នកនៅក្នុងផលិតកម្មហ្នឹង មានធ្វើសម្រាប់ពួកខ្ញុំអត់មានអីធ្វើទេ ៧០០-៨០០ នាក់ ពួកខ្ញុំនៅតែទាមទាររហូតទាល់តែមានដំណោះស្រាយឱ្យខ្ញុំ »។
ចំណែកមន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ លោក ស៊ុត ចិត្រ ដែលបាន ស្ថិតនៅទីតាំងនោះដែរ បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា ការបញ្ឈប់ក្រុមកម្មការិនីនេះ ទំនងមកពីក្រុមកម្មការិនី បានចេញធ្វើកូដកម្មទាមទារឱ្យថៅកែរោងចក្រគោរពលក្ខណ្ឌការងារ។
លោក ស៊ុត ចិត្រ គូសបញ្ជាក់ថាទង្វើរបស់ថៅកែរោងចក្រនេះ មិនស្របទៅតាមនីតិវិធីច្បាប់នោះទេ។
លោក ស៊ុត ចិត្រ៖ «មូលហេតុចម្បងដែលយើងបានដឹងពីសាច់រឿង ដោយសារតែបងប្អូនកូដកម្មមួយខែហើយ អត់ទទួលបានដំណោះស្រាយអីទេ អញ្ចឹងគាត់យកលេសថាបងប្អូនយើងបោះបង់ការងារចោលដោយខ្លួនឯង ដោយមិនចូលបម្រើការងារ ប៉ុន្តែនៅក្នុងច្បាប់នៅពេលដែលបងប្អូនកូដកម្ម Log out ច្បាប់មិនត្រូវបានដាក់ទោសទណ្ឌ មិនត្រូវបានបញ្ឈប់ បងប្អូនកម្មករនៅក្នុងអំទ្បុងពេល កូដកម្មនោះទេអញ្ចឹងការបញ្ឈប់ របស់ក្រុមហ៊ុនយើងចាត់ទុកថាជាការបញ្ឈប់ មិនស្របតាមនីតិវិធីច្បាប់»។
ឆ្លើយតបនឹងការលើកទ្បើងខាងលើនេះដែរ រដ្ឋបាលរោងចក្រ កាត់ដេរ ដុងឌូ ថេកស្ថាយ (ខេមបូឌា) លោក ហ្វាង និយាយថាខាងភាគីរោងចក្រ មិនបានបញ្ឈប់ការងារក្រុមកម្មការិនីនោះទេ មាតែក្រុមកម្មការិនីទេ ដែលមិនចូលបម្រើការងារ។
ទាក់ទងនឹងការលើកទ្បើងរបស់ក្រុមកម្មការិនីថា ពួកគេចូលទៅរោងចក្រមិនមានការងារធ្វើនោះ មន្ត្រីរដ្ឋបាលរូបនេះឆ្លើយតបថា ដោយសារពុំមានអ្នកបញ្ជាទិញ ដែលជាហេតុធ្វើឱ្យពួកគេមិនទាន់មានការងារធ្វើ។ ទោះបីជាយ៉ាងនេះក្តី មន្ត្រីរដ្ឋបាលរូបនេះសន្យាថានឹងព្យាយាម រកអ្នកបញ្ជាទិញ ដើម្បីឱ្យជួយដល់ក្រុមកម្មការិនី មានការងារធ្វើទ្បើងវិញ។
លោក ហ្វាង៖ «ក្រុមហ៊ុនរប់សយើងខ្ញុំ មិនបានបញ្ឈប់កម្មករ ណាម្នាក់នោះទេ ទ្វាររោងចក្រហ្នឹង ក៏បើកចំហរឱ្យពួកគាត់ចេញចូលបម្រើការងារហ្នឹងដែរ តែគាត់ទេដែលអត់ចូលបម្រើការងារ ចំពោះខាងក្រុមហ៊ុនវិញហ្នឹងព្យាយាម ហ្នឹងជួយធ្វើការបន្ត រក Order មកឱ្យក្រុមកម្មករ មកធ្វើការជាធម្មតាវិញ ប៉ុន្តែដោយទ្បែក បងប្អូនកម្មករ គាត់អត់ទាន់មានអនុវត្ត តាមក្រុមហ៊ុនចាត់តាំងមានន័យថា យើងឱ្យគាត់ រង់ចាំសិន ប៉ុន្តែគាត់អត់មានរង់ចាំដាច់ខាត ត្រូវតែទទួលពួកគាត់ ដាច់ខាតត្រូវតែឱ្យចូលធ្វើការងារតែម្តង »។
ជុំវិញនឹងការប្តឹងតវ៉ានេះដែរ អគ្គលេខាធិការងនៃគណៈកម្មការ ដោះស្រាយកូដកម្ម-បាតុកម្ម និងគ្រប់មុខសញ្ញានៃក្រសួងការងារ លោក វង្ស សុវណ្ណ មានប្រសាសន៍ថា គណៈកម្មការដោះស្រាយ កូដកម្ម-បាតុកម្ម បានទទួលយកញ្ញត្តិ របស់ក្រុមកម្មការិនីរួចហើយ។
លោក បន្តថាទាក់ទងនឹងសំណុំរឿងនេះដែរ ក្រុមការងាររបស់លោកកំពុងតែចាត់ការ ពីរឿងនេះដោយបានចុះទៅសម្របសម្រួលភាគីទាំងពីរ។
លោក វង្ស សុវណ្ណ បន្ថែមទៀតថា សំណុំរឿងនេះនឹងអាចបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលឱ្យជួយដោះស្រាយ ហើយលោកថានឹងជួយពន្លឿនបញ្ជូនសំណុំរឿងនេះ ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលឱ្យបានឆាប់បន្ថែមទៀត។
«ថ្ងៃនេះដូចមានមន្ត្រីយើងចុះទៅថ្ងៃហ្នឹងដែរ ចុះទៅស្រាវជ្រាវ ក៏ដូចជាណែនាំភាគីទាំងពីរនៅរោងចក្រហ្នឹងផ្ទាល់ តាមដានចុះទៅហើយ លទ្ធផលហ្នឹងតាមមើលការងារហ្នឹងប្រហែលជាត្រូវការដំណាក់កាលរបស់វា តាមខ្ញុំមើលកិច្ចការហ្នឹងពីព្រោះឥលូវ ភាគច្រើនក្រុមហ៊ុនស្នើឱ្យអនុវត្តតាម គោលការណ៍ផ្លូវច្បាប់ រឿងហ្នឹងវាត្រូវតាមក្រុមប្រឹក្សាអាជ្ញាកណ្តាល អញ្ចឹងរឿងហ្នឹងឆ្លងយន្តការហ្នឹងសិនហើយតាមមើល ឥលូវកន្លែងក្រុមហ៊ុនហ្នឹងថាមិនទាន់មានការងារឱ្យបងប្អូនធ្វើការនៅទ្បើយនោះដែរ »។
សូមជម្រាបថា លិខិតសម្ព័ន្ធសហជីពចលនាកម្មករ ដែលដាក់ជូន រដ្ឋមន្ត្រីក្រសួងការងារ ចុះថ្ងៃទី ៣០ខែសីហា ឆ្នាំ២០១៦បានឱ្យដឹងថា កម្មករនិយោជិតនៃរោងចក្រកាត់ដេរ ដុងឌូ ថេកស្ថាយ ដែលមានទីតាំងស្ថិតនៅសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ាចាប់តាំងពីថ្ងៃទី០១ខែសីហា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ។
នៅថ្ងៃទី ២៩ខែសីហា ឆ្នាំ២០១៦ កម្មករនិយោជិត បាននាំគ្នាមកទីស្នាក់ការកណ្តាល សម្ព័ន្ធសហជីពចលនាកម្មករ ឱ្យ ជួយអន្តរាគមន៍ ករណីក្រុមហ៊ុនបញ្ឈប់ពួកគាត់អស់ជាច្រើនរយនាក់ពីការងារ ដោយចោទថាកូដកម្ម បោះបង់ការងារចោល។
តាមលិខិតដដែលនេះសម្ព័ន្ធសហជីពចលនាកម្មករ សង្កេតឃើញថា ទង្វើរបស់និយោជកគឺជាការរំលោភបំពានមកលើសិទ្ធិសេរីភាពកម្មករនិយោជិត និងរំលោភទៅលើច្បាប់ស្តីពីការងារយ៉ាងធ្ងន់ធ្ងរ។
បើយោងសេចក្តីប្រកាសព័ត៌មាន របស់សម្ព័ន្ធសហជីពចលនាកម្មករ ដែលវិទ្យុស្ត្រីទទួលបាននៅរសៀលថ្ងៃទី ៣០ខែសីហា កម្មករនិយោជិតនៃរោងចក្រកាត់ដេរ ដុងឌូ ថេកស្ថាយ (ខេមបូឌា) ខូ អិលធីឌី នឹងធ្វើការដង្ហែរក្បួនមកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាថ្មីម្តងទៀតនៅថ្ងៃទី ៣១ខែសីហា ស្អែកនេះវេលាម៉ោង ៨: ៣០ នាទីព្រឹក បន្ទាប់ពីការដង្ហែរក្បួនមកថ្ងៃនេះ នៅមិនទាន់ទទួលបានដំណោះស្រាយ៕