អ្នកស្រី អ៊ុក សាវបូរី ដែលចាប់យកអាជីពជាអ្នកសារព័ត៌មានតាំងពីឆ្នាំ១៩៧៩ ហើយមកទល់និងពេលនេះ កំពុងបំពេញការងារនៅស្ថានីយ៍ទូរទស្សន៍មួយកន្លែងដែលមានឈ្មោះថា SEATV ។
មុន ចូលខ្លួន មកបំរើការងារជាអ្នកសែតនៅ ទូរទស្សន៍ អាស៊ីអាគ្នេយ៌ អ្នកស្រី អ៊ុក សាវបូរី បានឆ្លងកាត់ ស្ថាប័នអ្នកកាសែត ចំនួនច្រើន មកហើយរួមមាន វិទ្យុជាតិ វិទ្យុស្ត្រី នៅស្ថានីយ៍ទូរទស្សន៍រដ្ឋធានី និង វិទ្យុ អាស៊ីសេរី។
ក្នុងអាជីពជាអ្នកកាសែត ស្ដ្រីរូបនេះ បានលើកឡើងថា ភាពជោគជ័យរបស់មនុស្ស គឺ កើតចេញពីការអនុវត្ត និងការរិះគន់ពីអ្នកដទៃ ហើយបើស្ដ្រី ចង់អោយខ្លួនឯងជោគជ័យក្នុងអាជីពការងារជាអ្នកសារព័ត៌មាន ទាល់តែពុះពារឧបសគ្គធំៗនៅជុំវិញអាជិពរបស់ខ្លួន។
សូមអញ្ជើញស្ដាប់ជីវៈព័ត៌មានអំពីជីវិតនិងការតស៊ូរបស់អ្នកស្រី អ៊ុក សាវបូរី ដែលរៀបចំឡើងដោយកញ្ញា ជុំ ជោគជាតា ដូចតទៅ៖
ភាពជោគជ័យរបស់មនុស្ស គឺ កើតចេញពីការអនុវត្ត និងការរិះគន់ពីអ្នកដទៃ ហើយ បើស្ដ្រី ចង់អោយខ្លួនឯងជោគជ័យក្នុងអាជីពការងារជាអ្នកសារព័ត៌មាន ទាល់តែក្លាហានចាក់សោរខ្នោះជើងខ្លួនឯងចេញ ដើរឱ្យបានឆ្ងាយ។ នេះជាការលើកឡើងរបស់ អ្នកកាសែតស្រីជើងចាស់មួយរូប គឺ អ្នកស្រី អ៊ុក សាវបូរី ដែលបច្ចុប្បន្នអ្នកស្រី ជាអ្នកកាសែតស្រីមួយរូបនៅក្នុងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។
អ្នកស្រី អ៊ុក សាវបូរីយ៍ បានប្រាប់ពីមូលហេតុដែលបានលើកឡើងដូចនេះថា ៖« ស្ដ្រីច្រើនណាស់ ដែលកម្រមានស្ដ្រីណាធ្វើជាអ្នកសារព័ត៌មាននៅជនបទ ឬតំបន់ដាច់ស្រយាល ភាគច្រើនណាគេចង់នៅជុំគ្រួសារ ភាគច្រើននៅជុំប្ដីគេ ហើយហេតុអ្វីបានជាខ្ញុំលះបង់នាំរឿងពិតអោយអ្នកស្ដាប់ ព្រោះតែភាពក្លាហានរបស់យើង និងការហ៊ានលះបង់ និងការហ៊ានដោះខ្នោះជើងខ្លួនឯង»។
អង្គុយរៀបរាប់ដោយស្នាមទឹកមុខញញឹម អ្នកស្រី អ៊ុក សាវបូរី អោយដឹងបន្ដថា ព្រោះតែភាពក្លាហាន និងការហ៊ានលះបង់ គាត់ក៏បានចូលក្នុងវិស័យសារព័ត៌មាន នៅឆ្នាំ១៩៧៩ ដំបូងឡើយ តាមរយៈធ្វើជាអ្នកស្ម័គ្រចិត្ត អោយស្ថានីយ៍វិទ្យុជាតិកម្ពុជា។
«ពី១៩៧៩មក ដោយសាររបបយើងរំដោះពីខ្មែរក្រហម ចឹងខ្ញុំគិតថា គ្មានការងារណាដែលខ្ញុំធ្វើរើសមុខទេ ជួបអីធ្វើហ្នឹង នៅពេលដែលខ្ញុំចូលមកដល់រាជធានីភ្នំពេញដំបូងនេះ។ ខ្ញុំឃើញបងប្រុសជីដូនមួយខ្ញុំ គាត់ធ្វើការនៅអគ្គនាយកដ្ឋានវិទ្យុជាតិ ដល់ចឹងទៅខ្ញុំក៏បានចូលជួយធ្វើការមក ហើយខ្ញុំក៏ត្រូវបានគេបញ្ចូនអោយទៅរៀននៅវៀតណាម ខាងអានផង សរសេរផងរយៈពេល១៨ខែ»។
នេះជាការរៀបរាប់ ពី ដំណើរដើមទង របស់ អ្នកស្រី អ៊ុក សាវបូរី ដែលគាត់បានចូលប្រឡូកក្នុងវិស័យអ្នកសារព័ត៌មាន។
ផ្ដើមចេញពីអ្នកស្ម័គ្រចិត្ត អ្នកស្រី អ៊ុក សាវបូរី ក៏បានរៀនសូត្រ ពីរបៀបសរសេរព័ត៌មាន និងអានព័ត៌មាន បានយ៉ាងឆាប់រហ័ស នៅពេលដែលអ្នកស្រីត្រឡប់មកពីបរទេសវិញ។
«ខ្ញុំរៀនចប់១៨ខែនឹងមក ខ្ញុំធ្វើការវិទ្យុជាតិ ដល់ពេលធ្វើការវិទ្យុជាតិ វិទ្យុជាតិអោយពួកខ្ញុំមកជួយវិទ្យុរដ្ឋធានី(ប៉ុស្ដិ៍លេខ៣បច្ចុប្បន្ន)…»។
រយៈពេលមួយឆ្នាំដែលអ្នកស្រី អ៊ុក សាវបូរី ធ្វើការនៅស្ថានីយ៍វិទ្យុរដ្ឋធានី អ្នកស្រីក៏ទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសអតីតសហភាពសូវៀត រយៈពេល៦ឆ្នាំ។ នៅពេលដែលអ្នកស្រី អ៊ុក សាវបូរី ត្រឡប់មកវិញ អ្នកស្រីក៏បានត្រឡប់ទៅធ្វើការនៅស្ថានីយ៍ទូរទស្សរដ្ឋធានី ឬប៉ុស្ដិ៍លេខ៣ វិញ អ្នកស្រីបានធ្វើការ រហូតដល់ឆ្នាំ១៩៩១ អ្នកស្រីក៏បានលាឈប់ ទៅបម្រើការងារនៅមណ្ឌលព័តមានស្ដ្រីកម្ពុជា លើផ្នែកវីដេអូ TV។ បន្ទាប់មកនៅឆ្នាំ ១៩៩៨ អ្នកស្រី អ៊ុក សាវបូរី ក៏បានធ្វើការនៅវិទ្យុ អាស៊ីអាសេរី រហូតដល់ចុងឆ្នាំ២០១៥ អ្នកស្រីក៏បានឈប់ពីវិទ្យុ អាស៊ីសេរី ហើយមកដល់ពេលបច្ចុប្បន្ននេះ ក៏បានធ្វើការអោយទូរទស្សន៍អាស៊ីអាគេ្នយ៍។
ក្នុងពេលដែលអ្នកស្រី អ៊ុក សាវបូរីយ៍ ធ្វើការនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ អ្នកស្រីក៏បាន ប្រឡងចូលក្នុងកម្មវិធីប្រកួតសរសេរ អត្ដបទ អ្នកសារព័ត៌មានឆ្នើម របស់អង្គការមូលនិធិបង្ការរបួសអាស៊ី AIP រហូតទទួលបានជ័យលាភីលេខ ១។
ក្រៅពីការងារជាអ្នកសារព័ត៌មាន កាន់ម៉ាស៊ីថតសំឡេងតូចៗ មកជាអ្នកលី និងកាន់កាម៉េរ៉ាថតរឿងធំៗ នៅក្នុងវិទ្យុ និងទូរទស្សន៍នោះ អ្នកស្រី អ៊ុក សាវបូរី ក៏ធ្លាប់ធ្វើការ អោយអ៊ុនតាក់ អោយធនាគារពិភពលោក និងអង្គកា លីការដូ ផងដែរ។
អ្នកស្រីបានរៀបរាប់ទៀតថា៖«ក្រោយពីឆ្នាំ១៩៩៧ នៅពេលហ្នឹងទៅខ្ញុំក៏ឈប់ធ្វើការនៅមណ្ឌលព័ត៌មានស្ដ្រីកម្ពុជា ដោយសារខ្ញុំមានទម្ងន់កូនស្រី ហើយម្យ៉ាងទៀត ភាពនយោបាយនៅឆ្នាំ១៩៩៧ នឹងវាអត់ល្អផង ហើយដល់ពេលសំរាកទៅខាងសំលេងស្ដ្រីខ្មែរ ហៅខ្ញុំអោយទៅផលិតរឿងអោយគាត់បន្ទាប់មកទៀតម ខ្ញុំចាប់ផ្ដើមធ្វើការក្រៅ របៀបម៉ៅការ អោយWorld bank អង្គកាលីការដូ ពីពេលនោះមកខ្ញុំបានក្លាយជា ផលិតករ ផលិតខ្សែភាពយន្ដ បន្ទាប់មកទៀតនៅឆ្នាំ១៩៩៨ ខ្ញុំក៏បានធ្វើការនៅវិទ្យុអាស៊ីអាសេរី រហូតដល់ឆ្នាំ២០១៥ខែ១០ ខ្ញុំក៏បានឈប់ពីវិទ្យុអាស៊ីសេរី ហើយ រហូតមកដល់ពេលបច្ចុប្បន្ននេះខ្ញុំក៏បានធ្វើការនៅទូរទស្សន៍អាស៊ីអាគេ្នយ៍ រហូតបានប្រឡងចូលក្នុងកម្មវិធីប្រកួតសរសេរអត្ដបទអ្នកសារព័ត៌មានឆ្នើម របស់អង្គការមូលនិធិបង្ការរបួសអាស៊ីAIP រហូតទទួលបានជ័យលាភីលេខ១»។
ក្នុងអាជីពជាអ្នកសារព័ត៌មានច្រើនឆ្នាំមកនេះ អ្នកស្រី អ៊ុក សាវបូរីយ៍ ក៏បានឱ្យដឹងដែរថា ភាពតស៊ូ និងភាពជោគជ័យរបស់អ្នកស្រីទាំងនេះ គឺ បានពីការលើកទឹកចិត្តពីក្រុមគ្រួសារ និងស្វាមី។ «ចា៎ដោយសារការលើកទឹកចិត្តពីក្រុមគ្រួសារដែរ ដោយសារគ្រួសារខ្ញុំអត់មានការងារធ្វើ នៅពេលគាត់ចាកចេញពីយោធាមក ខ្ញុំទុកបន្ទុកកូនខ្ញុំទាំងអស់អោយប្ដីខ្ញុំ គាត់មើល ចឹងបានន័យថា ខ្ញុំដើរតួជាបុរសវិញ ហើយប្ដីខ្ញុំគាត់នៅផ្ទះ ប៉ុន្ដែក្នុងនាមជាបុរស ខ្ញុំខាងចំនូលទេ ការងារផ្ទះខ្ញុំនៅតែធ្វើដដែល»។
អ្នកស្រី អ៊ុក សាវបូរីយ៍ ចូលក្នុងវិស័យសារព័ត៌មាននៅអាយុ ២១ឆ្នាំ ហើយឥលូវនេះ អ្នកស្រីអាយុ៥៤ឆ្នាំ។ សព្វថ្ងៃអ្នកស្រីមានកូនប្រុសស្រីបីនាក់។ ក្រៅពីការងារជាអ្នកសារព័ត៌មាន អ្នកស្រីក៏ជាស្ដ្រីមេផ្ទះ ដែលជាជំហរមួយដល់ក្រុមគ្រួសារផងដែរ។
ជាការពិតណាស់ ត្បិតថា អ្នកស្រី អ៊ុក សាវបូរីយ៍ មមារញឹកនឹងការងារជាអ្នកសារព័ត៌មាន ក៏ពិតមែនប៉ុន្ដែអ្នកស្រីក៏មិនបានបំភ្លេចពីតួនាទីជាម្ដាយ និងភរិយាដែរ។
ជាចុងក្រោយ អ្នកស្រី អ៊ុក សាវបូរីយ៍ ប្រាប់ទៅកាន់ស្ដ្រីគ្រប់រូប ពិសេសស្ដ្រីដែលមានបំណងចង់ក្លាយជាអ្នកសារព័ត៌មាន គួរតែប្រកាន់អោយជាប់នូវភាពក្លាហាន ហ៊ានដោះខ្នោះជើងរបស់ខ្លួនដើរទៅមុខ ទើបយើងអាចដើរបានវែងឆ្ងាយ និងជោគជ័យ៕