en     km
en     km

អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​ ជា​អ្នកកាសែត​ស្រី​ដែល​បាន​ពុះពារ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ក្នុង​ជីវិត​

Share

អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​ ដែល​ចាប់​យក​អាជីព​ជា​អ្នក​សារព័ត៌មាន​តាំងពី​ឆ្នាំ​១៩៧៩​ ហើយ​មក​ទល់​និង​ពេល​នេះ​ កំពុង​បំពេញការងារ​នៅ​ស្ថានីយ៍ទូរទស្សន៍​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា​ SEATV​ ។​

អ្នកស្រី អ៊ុក សាវបូរី បានទទួលពានរង្វាន់លេខមួយពីអង្គការមូលនិធិបង្ការរបួសអាស៊ី លើផ្នែកសរសេរអត្ដបទ
អ្នកស្រី អ៊ុក សាវបូរី បានទទួលពានរង្វាន់លេខមួយពីអង្គការមូលនិធិបង្ការរបួសអាស៊ី លើផ្នែកសរសេរអត្ដបទ

​មុន​ ចូលខ្លួន​ មក​បំរើ​ការងារ​ជា​អ្នក​សែត​នៅ​ ទូរទស្សន៍​ អាស៊ី​អា​គ្នេ​យ៌​  អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​ បាន​ឆ្លងកាត់​ ស្ថាប័ន​អ្នកកាសែត​ ចំនួន​ច្រើន​ មក​ហើយ​រួម​មាន​ វិទ្យុជាតិ​ វិទ្យុ​ស្ត្រី​ នៅ​ស្ថានីយ៍ទូរទស្សន៍​រដ្ឋធានី​ និង​ វិទ្យុ​ អាស៊ី​សេរី​។​

​ក្នុង​អាជីព​ជា​អ្នកកាសែត​ ស្ដ្រី​រូប​នេះ​ បាន​លើក​ឡើង​ថា​ ភាព​ជោគជ័យ​របស់​មនុស្ស​ គឺ​ កើត​ចេញពី​ការ​អនុវត្ត​ និង​ការ​រិះគន់​ពី​អ្នក​ដទៃ​ ហើយ​បើ​ស្ដ្រី​ ចង់អោយ​ខ្លួនឯង​ជោគជ័យ​ក្នុង​អាជីព​ការងារ​ជា​អ្នក​សារព័ត៌មាន​ ទាល់តែ​ពុះពារ​ឧបសគ្គ​ធំៗ​នៅ​ជុំវិញ​អាជិ​ព​របស់​ខ្លួន​។​

​សូម​អញ្ជើញ​ស្ដាប់​ជីវៈ​ព័ត៌មាន​អំពី​ជីវិត​និង​ការ​តស៊ូ​របស់​អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​ ដែល​រៀបចំ​ឡើង​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

​ភាព​ជោគជ័យ​របស់​មនុស្ស​ គឺ​ កើត​ចេញពី​ការ​អនុវត្ត​ និង​ការ​រិះគន់​ពី​អ្នក​ដទៃ​ ហើយ​ បើ​ស្ដ្រី​ ចង់អោយ​ខ្លួនឯង​ជោគជ័យ​ក្នុង​អាជីព​ការងារ​ជា​អ្នក​សារព័ត៌មាន​ ទាល់តែ​ក្លាហាន​ចាក់សោរ​ខ្នោះជើង​ខ្លួនឯង​ចេញ​ ដើរ​ឱ្យ​បាន​ឆ្ងាយ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​ អ្នកកាសែត​ស្រី​ជើង​ចាស់​មួយ​រូប​ គឺ​ អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​ ដែល​បច្ចុប្បន្ន​អ្នកស្រី​ ជា​អ្នកកាសែត​ស្រី​មួយ​រូប​នៅ​ក្នុង​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។​

​អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​យ៍​ បាន​ប្រាប់​ពី​មូលហេតុ​ដែល​បាន​លើក​ឡើង​ដូចនេះ​ថា​ ៖«​ ស្ដ្រី​ច្រើន​ណាស់​ ដែល​កម្រ​មាន​ស្ដ្រី​ណា​ធ្វើ​ជា​អ្នក​សារព័ត៌​មាននៅ​ជនបទ​ ឬ​តំបន់​ដាច់​ស្រយាល​ ភាគច្រើន​ណា​គេ​ចង់​នៅ​ជុំ​គ្រួសារ​ ភាគច្រើន​នៅ​ជុំ​ប្ដី​គេ​ ហើយ​ហេតុ​អ្វី​បានជា​ខ្ញុំ​លះបង់​នាំ​រឿង​ពិត​អោយ​អ្នក​ស្ដាប់​ ព្រោះតែ​ភាព​ក្លាហាន​របស់​យើង​ និង​ការ​ហ៊ាន​លះបង់​ និង​ការ​ហ៊ាន​ដោះ​ខ្នោះជើង​ខ្លួនឯង​»​។​

​អង្គុយ​រៀបរាប់​ដោយ​ស្នាម​ទឹកមុខ​ញញឹម​ អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​  អោយ​ដឹង​បន្ដ​ថា​ ព្រោះតែ​ភាព​ក្លាហាន​ និង​ការ​ហ៊ាន​លះបង់​  គាត់​ក៏​បាន​ចូល​ក្នុង​វិស័យ​សារព័ត៌មាន​ នៅ​ឆ្នាំ​១៩៧៩​ ដំបូង​ឡើយ​ តាម​រយៈ​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​ អោយ​ស្ថានីយ៍​វិទ្យុជាតិ​កម្ពុជា​។​
«​ពី​១៩៧៩​មក​ ដោយសារ​របប​យើង​រំដោះ​ពី​ខ្មែរក្រហម​ ចឹ​ង​ខ្ញុំ​គិត​ថា​ គ្មាន​ការងារ​ណា​ដែល​ខ្ញុំ​ធ្វើ​រើសមុខ​ទេ​ ជួប​អី​ធ្វើ​ហ្នឹង​ នៅ​ពេល​ដែល​ខ្ញុំ​ចូល​មក​ដល់​រាជធានី​ភ្នំពេញ​ដំបូង​នេះ​។​ ខ្ញុំ​ឃើញ​បងប្រុស​ជីដូនមួយ​ខ្ញុំ​ គាត់​ធ្វើការ​នៅ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​ ដល់​ចឹ​ង​ទៅ​ខ្ញុំ​ក៏​បាន​ចូល​ជួយ​ធ្វើការ​មក​ ហើយ​ខ្ញុំ​ក៏​ត្រូវ​បាន​គេ​ប​ញ្ចូ​ន​អោយទៅ​រៀន​នៅ​វៀតណាម​ ខាង​អាន​ផង​ សរសេរ​ផង​រយៈពេល​១៨​ខែ​»​។​

​នេះ​ជា​ការ​រៀបរាប់​ ពី​ ដំណើរ​ដើមទង​ របស់​ អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​  ដែល​គាត់​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​អ្នក​សារព័ត៌មាន។​

woman-info1ផ្ដើម​ចេញពី​អ្នក​ស្ម័គ្រចិត្ត​ អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​  ក៏​បាន​រៀនសូត្រ​ ពី​របៀប​សរសេរ​ព័ត៌មាន​ និង​អាន​ព័ត៌មាន​ បាន​យ៉ាង​ឆាប់រហ័ស​ នៅ​ពេល​ដែល​អ្នកស្រី​ត្រឡប់មក​ពី​បរទេស​វិញ​។​
«​ខ្ញុំ​រៀន​ចប់​១៨​ខែ​នឹង​មក​ ខ្ញុំ​ធ្វើការ​វិទ្យុជាតិ​ ដល់​ពេលធ្វើការ​វិទ្យុជាតិ​ វិទ្យុជាតិ​អោយ​ពួក​ខ្ញុំ​មក​ជួយ​វិទ្យុ​រដ្ឋធានី​(​ប៉ុស្ដិ៍​លេខ​៣​បច្ចុប្បន្ន​)…»​

​រយៈពេល​មួយ​ឆ្នាំ​ដែល​អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​ ធ្វើការ​នៅ​ស្ថានីយ៍​វិទ្យុ​រដ្ឋធានី​ អ្នកស្រី​ក៏​ទទួល​បានអាហារូបករណ៍​ ទៅ​សិក្សា​នៅ​ប្រទេស​អតីត​សហភាព​សូ​វៀត​ រយៈពេល​៦​ឆ្នាំ​។​ នៅ​ពេល​ដែល​អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​ ត្រឡប់​មក​វិញ​ អ្នកស្រី​ក៏​បាន​ត្រឡប់​ទៅ​ធ្វើការ​នៅ​ស្ថានីយ៍​ទូរ​ទស្ស​រដ្ឋធានី​ ឬ​ប៉ុស្ដិ៍​លេខ​៣​ វិញ​ អ្នកស្រី​បាន​ធ្វើការ​ រហូត​ដល់​ឆ្នាំ​១៩៩១​ អ្នកស្រី​ក៏​បាន​លាឈប់​ ទៅ​បម្រើ​ការងារ​នៅ​មណ្ឌល​ព័ត​មាន​ស្ដ្រី​កម្ពុជា​ លើ​ផ្នែក​វី​ដេ​អូ​ TV​។​ បន្ទាប់​មក​នៅ​ឆ្នាំ​ ១៩៩៨​ អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​ ក៏​បាន​ធ្វើការ​នៅ​វិទ្យុ​ អាស៊ី​អា​សេរី​  រហូត​ដល់​ចុងឆ្នាំ​២០១៥​  អ្នកស្រី​ក៏​បាន​ឈប់​ពី​វិទ្យុ​ អាស៊ី​សេរី​  ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ក៏​បាន​ធ្វើការ​អោយ​ទូរទស្សន៍​អាស៊ី​អាគេ្នយ៍​។

​ក្នុង​ពេល​ដែល​អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​យ៍​ ធ្វើការ​នៅ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ អ្នកស្រី​ក៏​បាន​ ប្រឡង​ចូល​ក្នុង​កម្មវិធី​ប្រកួត​សរសេរ​ អត្ដ​បទ​ អ្នក​សារព័ត៌មាន​ឆ្នើម​ របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ AIP​ រហូត​ទទួល​បាន​ជ័យ​លា​ភី​លេខ​ ១​។​

​ក្រៅពី​ការងារ​ជា​អ្នក​សារព័ត៌មាន​ កាន់​ម៉ា​ស៊ី​ថត​សំឡេង​តូចៗ​ មក​ជា​អ្នក​លី​ និង​កាន់កា​ម៉េ​រ៉ា​ថត​រឿង​ធំៗ​ នៅ​ក្នុង​វិទ្យុ​ និង​ទូរទស្សន៍​នោះ​ អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​ ក៏​ធ្លាប់​ធ្វើការ​ អោយអ៊ុនតាក់​ អោយ​ធនាគារពិភពលោក​ និង​អង្គកា​ លី​ការ​ដូ​ ផង​ដែរ​។​

​អ្នកស្រី​បាន​រៀបរាប់​ទៀត​ថា​៖«ក្រោយ​ពី​ឆ្នាំ​១៩៩៧​ នៅ​ពេល​ហ្នឹង​ទៅ​ខ្ញុំ​ក៏​ឈប់​ធ្វើការ​នៅ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ ដោយសារ​ខ្ញុំ​មាន​ទម្ងន់​កូនស្រី​ ហើយ​ម្យ៉ាងទៀត​ ភាព​នយោបាយ​នៅ​ឆ្នាំ​១៩៩៧​ នឹង​វា​អត់​ល្អ​ផង​ ហើយ​ដល់​ពេល​សំរាក​ទៅ​ខាង​សំលេង​ស្ដ្រី​ខ្មែរ​ ហៅ​ខ្ញុំ​អោយទៅ​ផលិត​រឿង​អោយ​គាត់​បន្ទាប់​មក​ទៀត​ម​ ខ្ញុំ​ចាប់ផ្ដើម​ធ្វើការ​ក្រៅ​ របៀប​ម៉ៅ​ការ​ អោយ​World​ bank​ អង្គ​កាលី​ការ​ដូ​ ពី​ពេល​នោះ​មក​ខ្ញុំ​បាន​ក្លាយជា​ ផលិតករ​ ផលិត​ខ្សែភាពយន្ដ​ បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​១៩៩៨​ ខ្ញុំ​ក៏​បាន​ធ្វើការ​នៅ​វិទ្យុ​អាស៊ី​អា​សេរី​ រហូត​ដល់​ឆ្នាំ​២០១៥​ខែ​១០​ ខ្ញុំ​ក៏​បាន​ឈប់​ពី​វិទ្យុ​អាស៊ី​សេរី​ ហើយ​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ខ្ញុំ​ក៏​បាន​ធ្វើការ​នៅ​ទូរទស្សន៍​អាស៊ី​អាគេ្នយ៍​ រហូត​បាន​ប្រឡង​ចូល​ក្នុង​កម្មវិធី​ប្រកួត​សរសេរ​អត្ដ​បទ​អ្នក​សារព័ត៌មាន​ឆ្នើម​ របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​AIP​ រហូត​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​»​។​

​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន​ច្រើន​ឆ្នាំ​មកនេះ​ អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​យ៍​ ក៏​បានឱ្យ​ដឹង​ដែរ​ថា​ ភាព​តស៊ូ​ និង​ភាព​ជោគជ័យ​របស់​អ្នកស្រី​ទាំងនេះ​ គឺ​ បាន​ពី​ការ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ​ និង​ស្វាមី​។​ «​ចា៎​ដោយសារ​ការ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ​ដែរ​ ដោយសារ​គ្រួសារ​ខ្ញុំ​អត់​មានការ​ងារ​ធ្វើ​ នៅ​ពេល​គាត់​ចាក​ចេញពី​យោធា​មក​ ខ្ញុំ​ទុក​បន្ទុក​កូន​ខ្ញុំ​ទាំងអស់​អោយ​ប្ដី​ខ្ញុំ​ គាត់​មើល​ ចឹ​ង​បាន​ន័យ​ថា​ ខ្ញុំ​ដើរតួ​ជា​បុរស​វិញ​ ហើយ​ប្ដី​ខ្ញុំ​គាត់​នៅផ្ទះ​ ប៉ុន្ដែ​ក្នុង​នាម​ជា​បុរស​ ខ្ញុំ​ខាង​ចំនូល​ទេ​  ការងារ​ផ្ទះ​ខ្ញុំ​នៅ​តែ​ធ្វើ​ដដែល​»​។​

​អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​យ៍​ ចូល​ក្នុង​វិស័យ​សារព័ត៌​មាននៅ​អាយុ​ ២១​ឆ្នាំ​ ហើយ​ឥលូវ​នេះ​ អ្នកស្រី​អាយុ​៥៤​ឆ្នាំ​។​ សព្វថ្ងៃ​អ្នកស្រី​មានកូន​ប្រុស​ស្រី​បី​នាក់​។​ ក្រៅពី​ការងារ​ជា​អ្នក​សារព័ត៌មាន​ អ្នកស្រី​ក៏​ជា​ស្ដ្រី​មេផ្ទះ​ ដែល​ជា​ជំហរ​មួយ​ដល់​ក្រុម​គ្រួសារ​ផង​ដែរ​។​

​ជា​ការ​ពិត​ណាស់​ ត្បិត​ថា​ អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​យ៍​ មមារ​ញឹក​នឹង​ការងារ​ជា​អ្នក​សារព័ត៌មាន​ ក៏​ពិតមែន​ប៉ុន្ដែ​អ្នកស្រី​ក៏​មិន​បាន​បំភ្លេច​ពី​តួនាទី​ជា​ម្ដាយ​ និង​ភរិយា​ដែរ​។​

​ជា​ចុង​ក្រោយ​ អ្នកស្រី​ អ៊ុ​ក​ សាវ​បូ​រី​យ៍​ ប្រាប់​ទៅ​កាន់​ស្ដ្រី​គ្រប់​រូប​ ពិសេស​ស្ដ្រី​ដែល​មាន​បំណង​ចង់​ក្លាយជា​អ្នក​សារព័ត៌មាន​ គួរតែ​ប្រកាន់​អោយ​ជាប់​នូវ​ភាព​ក្លាហាន​ ហ៊ាន​ដោះ​ខ្នោះជើង​របស់​ខ្លួន​ដើរទៅ​មុខ​ ទើប​យើង​អាច​ដើរ​បាន​វែង​ឆ្ងាយ​ និង​ជោគជ័យ​៕​

Share

Image
Image
Image