ភ្នំពេញ៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ដែលផ្សព្វផ្សាយកាលពីថ្មីៗនេះ បាននិយាយថា ស្ដ្រីកម្ពុជា ជាច្រើននាក់ត្រូវបានបង្ខំឲ្យរៀបការជាមួយបុរសជនជាតិចិន ដោយស្ថិតក្រោមរូបភាពទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសនេះ។
របាយការណ៍នេះបន្ដថា ស្ដ្រីមួយចំនួនធំ បានយល់ព្រមរៀបការជាមួយបុរសជនជាតិចិន មុនពេលទៅដល់ ហើយអ្នកខ្លះត្រូវបានបង្ខំឲ្យទទួលយកការរៀបការ ក្រោយពេលទៅដល់ប្រទេសកុម្មុយនិស្តមួយនេះ ក្រោមហេតុផលដើម្បីការរស់នៅ ប្រកបដោយក្ដីសុខ និង ងាយបន្ដទិដ្ឋការ ការងារ រយៈពេល ប្រាំឆ្នាំ។
ប៉ុន្ដែស្ដ្រីដែលបដិសេធ ការស្នើប្រាប់ឈ្មោះមេខ្យល់ នាំពួកគេទៅឲ្យរៀបការ និងបុរសជនជាតិចិន ត្រូវរងការគំរាម ពួកគាត់បានទារប្រាក់ជាថ្នូរ និងការបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ យ៉ាងហោចណាស់ ៨០០០ ដុល្លា។
ជុំវិញបញ្ហានេះកាលពីថ្ងៃអាទិត្យកន្លងទៅស្ដ្រីម្នាក់ ដែលមានស្រុកកំណើតនៅខេត្ដកំពង់ចាម បានផ្ដល់បទសម្ភាសន៍ខ្លីមួយដោយសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា មូលហេតុនាំឱ្យនាងសម្រេចចិត្ដ ទៅរកការងារធ្វើនៅប្រទេសចិនព្រោះគ្រួសារក្រីក្រ ហើយសង្ឃឹមថា នឹងអាចជួយគ្រួសារឲ្យបានប្រសើរខ្លះ ក៏ប៉ុន្ដែក្រោយពេលទៅដល់ នាងត្រូវបានគេប្រព្រឹត្ដិអំពើមិនគប្បីជាច្រើនមកលើរូបនាង។
សូមជម្រាបថាបើយោងទៅតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយ សមាគមសិទ្ធិមនុស្ស អាដហុក កាលពី ឆ្នាំ២០១៥ ពាក្យបណ្ដឹងសរុបដែលពលរដ្ឋខ្មែរចាញ់បោកមេខ្យល់ នៅ ក្រៅប្រទេសគិតត្រឹម ១០ ខែចុងក្រោយ មានចំនួន ១១៨ ករណី ហើយនៅក្នុងនោះមាន ជនរងគ្រោះទាំងអស់ ៥២៨នាក់។ បុរសមានចំនួន ៣២២នាក់ និង ស្ដ្រី ២០៦នាក់ ៕