អ៊ីតាលី៖ ឆ្មាំសមុទ្រអ៊ីតាលីនិយាយថា ជនភៀសខ្លួនប្រមាណ ៦៥០០ នាក់ត្រូវបានជួយសង្គ្រោះចេញពីប្រទេសលីប៊ី ក្នុងប្រតិបត្ដិជួយសង្គ្រោះជាទ្រង់ទ្រាយធំកាលពីថ្ងៃច័ន្ទទី ២៩ សីហាម្សិលមិញ។
ប្រភពវីដេអូពីBBC
ក្នុងបេសកកម្មសង្គ្រោះនេះ កប៉ាល់សង្គ្រោះចំនួន ៤០គ្រឿង បានចេញទៅជួយស្រង់ជនភៀសខ្លួនចេញពីទូកតូចៗធ្វើពីពោងកៅស៊ូ ដែលប្រតិបត្តិការសង្គ្រោះជាតិនេះធ្វើឡើងនៅចម្ងាយប្រមាណ ២០ គីឡូ ម៉ែត្រពីទីក្រុង Sabratha នៃប្រទេសលីប៊ី ។
កាលពីថ្ងៃអាទិត្យជនភៀសខ្លួនជាង ១១០០ នាក់ត្រូវបានជួយសង្គ្រោះនៅក្នុងតំបន់ដូចគ្នានេះ។
អស្ថេរភាពនៅក្នុងប្រទេសលីប៊ី បានធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលសម្រាប់ការជួញដូរមនុស្ស។

ក្នុងប្រតិបត្តិការកាលពីថ្ងៃចន្ទ អ្នកពាក់ព័ន្ធក្នុងបញ្ហានេះបានបង្ហាញសកម្មភាពជួយសង្គ្រោះ ក្នុងនោះមាននាវាមកពីប្រទេសអ៊ីតាលី ទីភ្នាក់ងារព្រំដែនរបស់សហភាពអឺរ៉ុប Frontex និងអង្គការ Proactiva Open Arms និង Medecins Sans Frontieres ។
ជនចំណាកស្រុកច្រើនជាង ៣ ពាន់នាក់បានស្លាប់នៅក្នុងសមុទ្រ ខណៈពួកគេព្យាយាមដើម្បីស្វែងជីវិតថ្មីនៅប្រទេសក្រិក ឬប្រទេសអ៊ីតាលីចាប់តាំងពីដើមឆ្នាំនេះ ពោលគឺកើនឡើង ៥០ ភាគរយបើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥៕
ប្រភព៖BBC